loader image
រំលងទៅកាន់មាតិកាមេ
ដើម
តម្រូវការសម្រាប់ការបញ្ចប់
មើល

ពាក្យគន្លឹះ

• ព្រះរាជតម្រិះ : ការគិតពិចារណា(មហាក្សត្រ)។
• បញ្ញត្តក្រឹត្យ : ច្បាប់ដែលត្រូវបានចែងឬអនុម័តរួចហើយ។
• រាជបល្ល័ង្ក : ភ្នែនឬទែនសម្រាប់អង្គុយរបស់ព្រះរាជា។
• ឥស្សរជន : បុគ្គលល្បីល្បាញដែលមានគុណបំណាច់សម្រាប់ប្រទេសជាតិ។
• សមាជ : មហាសន្និបាតឬការប្រជុំនៃមហាជនអ្នកពិភាក្សាអំពីបញ្ហាផ្សេងៗដែលជាប្រយោជន៍ទូទៅ។
• ប្រជាមតិ : មតិឬយោបល់ប្រជារាស្រ្ត។
• អនុម័ត : យល់ព្រម ព្រមតាម យល់ឃើញជាមួយ។
• ទស្សនៈឯកឆន្ទ : ទស្សនៈតែមួយប្រកបដោយការឯកភាពគ្នា។
• សមាជឬសមាជជាតិ : ជាវេទិកាជំនួបគ្នាជាចំហរវាងប្រជារាស្រ្តជាមួយនឹងមន្ត្រីរដ្ឋាភិបាលដើម្បីពិភាក្សាអំពីប្រយោជន៍ជាតិរួម(ផែនការយុទ្ធសាស្រ្តនយោបាយនានា)។
• អព្យាក្រឹត : ការប្រកាន់យកផ្លូវកណ្តាល(មិនលំអៀង)។
• ពួកស្តាំនិយម : ក្រុមមនុស្សដែលប្រឆាំង។
• រាជានុសិទ្ធិ : អ្នកគ្រប់គ្រងការងារជំនួសនៅពេលដែលព្រះមហាក្សត្រអវត្តមាន។
• វិទ្ធង្សនា : ការប្រឆាំង។
• បសុពេទ្យ : អ្នកថែទាំជំងឺសត្វ(ពេទ្យសត្វ)។
• ឥណទាន : ការឱ្យខ្ចី។

១. ការលេចឡើងនៃរបបសង្គមរាស្រ្តនិយម

       • ០៩ វិច្ឆិកា ១៩៥៣ កម្ពុជាបានឯករាជ្យពីអាណានិគមបារាំង
កម្ពុជាបានទទួលឯករាជ្យពេញលេញ(ក្រោយសន្ធិសញ្ញាទីក្រុងសឺណែវថ្ងៃទី២៦ មេសា ១៩៥៤)។
ព្រះរាជតម្រិះរបស់សម្តេចព្រះ នរោត្តម សីហនុ៖
  - គ្មានឯករាជ្យភាពនិងមិនអាចកសាងជាតិ(ផ្ទៃក្នុងមានការប្រេះស្រាំ)
  - ចង់ឱ្យគណបក្សនយោបាយ មហាជន រស់ជុំវិញព្រះមហាក្សត្រ(១៩៤៧ រដ្ឋធម្មនុញ្ញបានបញ្ញត្តក្រឹត្យនៃអំណាចនៃព្រះមហាក្សត្រ)។
  - ០២ មីនា ១៩៥៥ សម្តេចព្រះនរោត្តម សីហនុ បានផ្សព្វផ្សាយសេចក្តីថ្លែងការអំពីការចុះចេញពីរាជបល្ល័ង្ក(ប្រគល់ទៅព្រះបិតា នរោត្តម សុរាម្រឹត)។
 - ២២ មីនា ១៩៥៥ សម្តេចព្រះនរោត្តម សីហនុ ប្រកាសបង្កើតអង្គការ “សង្គមឬសង្គមរាស្រ្តនិយម”(ចូលរួមបោះឆ្នោតសកលខែកញ្ញា១៩៥៥)។


◼️ អង្គការសង្គមរាស្រ្តនិយមទទួលបានជោគជ័យដោយសារ ៖

 • ប្រជាប្រិយភាពប្រធាន៖

-សម្តេចព្រះនរោត្តម សីហនុ ជាស្ថាបនិកដ៏មានប្រជាប្រិយភាព(ប្រជារាស្រ្តខ្មែរទទួលស្គាល់ព្រះអង្គជា
ព្រះបិតាឯករាជ្យនិងសន្តិភាព។
-មានការគោរពនិងមានជំនឿជាក់លើព្រះមហាក្សត្រ(ទោះបីព្រះអង្គចុះចេញពីរាជបល្ល័ង្កក៏ដោយ)។
  • ភាពរឹងមាំនៃរចនាសម្ព័ន្ធដឹកនាំអង្គការ “សង្គម” ថ្នាក់មូលដ្ឋាន ៖
- ការគាំទ្រពីមហាជនថ្នាក់មូលដ្ឋាន(មន្ត្រីរាជការ ប្រជារាស្រ្ត)។
- ប្រជារាស្រ្តចូលជាសមាជិកអង្គការនេះយ៉ាងច្រើនសន្ធឹកសន្ធាប់។
- ជាកត្តាចំាបាច់និងជាកម្លាំងចលករជួយអង្គការទទួលបានជ័យជម្នះ។
   • ក្បាលម៉ាស៊ីនដឹកនាំ៖
- សម្តេចព្រះនរោត្តម សីហនុ ជាស្ថាបនិកនិងជាប្រធានអង្គការ “សង្គម” ។
- មានឥស្សរជននយោបាយជាច្រើនរូបបានបង្ខំចិត្តរំលាយគណបក្សខ្លួនចូលរួមជាមួយអង្គការនេះ 
រួមមាន៖ លោក ស៊ឹម វ៉ារ លោក សឺន សាន លោក យ៉ែម សំបូរ  លោក សម សារី និងព្រះអង្គម្ចាស់ នរិន្ទ
ដេត ជាដើម។
  • វិស័យហិរញ្ញវត្ថុរឹងមាំ៖
- មានការគំាទ្រហិរញ្ញវត្ថុពីគ្រប់មជ្ឈដ្ឋាន(ភាពរឹងមាំនិងប្រជាប្រិយភាពប្រធានគណបក្ស)។
- ការបរិច្ចាគពីសំណាក់សមាជិកនិងអ្នកមានទ្រព្យសម្បត្តិក្នុងស្រុកភាគច្រើន។
  • លទ្ធផលក្រោយការបោះឆ្នោតសភាខែកញ្ញា ១៩៥៥៖
- ទទួលបានសម្លេងគាំទ្រពីប្រជាជនជាង ៨៣%(អង្គការនេះបង្កើតរដ្ឋាភិបាលឯកតោភាគី)។
- គណបក្សដ៏ទៃបានរំលាយជាបន្តបន្ទាប់(ប្រព័ន្ធពហុបក្សត្រូវជំនួសមកវិញដោយប្រព័ន្ធឯកបក្សសង្គមរាស្រ្តនិយម)។
- ប្រទេសកម្ពុជាបានទទួលសុខសន្តិភាពរយៈពេល១៥ឆ្នាំ។

២. សមាជជាតិ

◼️ ខ្លឹមសារចម្បងរបស់សមាជជាតិ៖
    • ២៥ កញ្ញា ១៩៥៥ ការរៀបចំជាលើកដំបូង(មហាជននិងតំណាងគណបក្សផ្សេងៗ)។
    • ដឹកនាំដោយគណកម្មាធិការកណ្តាលនៃអង្គការសង្គមរាស្រ្តនិយម(សម្តេចព្រះនរោត្តម សីហនុ ជា
ព្រះប្រធាន)ដែលប្រារព្ធឡើង ២ដង/១ឆ្នាំ។
    • ស្ថាប័នការពារអំណាចរបបសង្គមរាស្រ្តនិយម(សម្តេចព្រះនរោត្តម សីហនុ ទាមទារឱ្យសភាអនុម័តជា
ស្ថាប័ននយោបាយរដ្ឋ)។
    • ការប្រឆាំងនឹងអំពើពុករលួយ
    • ការកំណត់ភាសាខ្មែរជាភាសាផ្លូវការ
    • សភាតំណាងរាស្រ្តមានសិទ្ធិចូលរួមកែលំអសកម្មភាពនយោបាយនិងទាមទារឱ្យដាក់ទោសមន្ត្រីរាជការណាដែលអសកម្ម។
    • ការជជែកដេញដោលលើបញ្ហានយោបាយក្នុងនិងក្រៅប្រទេស។
    • បញ្ហាត្រូវលើកយកទៅធ្វើជាប្រជាមតិ(សភា និងរដ្ឋាភិបាលសម្តែងនូវការមិនពេញចិត្តចំពោះការអនុម័តរបស់សមាជជាតិ)។
    • សម្រេចកិច្ចការណាដែលចាំបាច់និងគ្រោងទុកជាមុន(ទំហំការងារធំនិងមិនអាចឆ្លើយទាំងស្រុងតាមបំណង ព្រមទាំងតម្រូវការរបស់ប្រជារាស្រ្តបាន)។

៣. នយោបាយអព្យាក្រឹត

◼️ មូលហេតុនៃការប្រកាន់យកនយោបាយអព្យាក្រឹត នៅក្នុងរបបសង្គមរាស្រ្តនិយម ៖
  • នយោបាយអព្យាក្រឹត ជាកម្មវិធីនយោបាយការបរទេសដំបូងរបស់កម្ពុជា ដែលត្រូវបានកំណត់ដោយសន្និសីទក្រុងសឺណែវ ១៩៥៤។
  • ការទាមទាររបស់ចិននិងសហភាពសូវៀត ដើម្បីបញ្ជៀសមិនឱ្យសហរដ្ឋអាមេរិកកសាងមូលដ្ឋានទ័ព
នៅកម្ពុជា
  • ១៨ មីនា ១៩៥៥ ឥណ្ឌា-កម្ពុជា បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមក្នុងការគាំទ្រស្តីពីការរួមរស់ជាមួយគ្នាដោយសុខសន្តិភាព រវាងសម្តេចព្រះនរោត្តម សីហនុនិងនាយករដ្ឋមន្ត្រី នេរុ(ឥណ្ឌា)។
  • ខែមេសា ១៩៥៥ សន្និសីទប្រទេសអាស៊ី-អាហ្រ្វិក នៅទីក្រុងបានឌុង ឥណ្ឌូនេស៊ី៖
- សម្តេចព្រះនរោត្តម សីហនុ បានធ្វើសេចក្តីអះអាងអំពីកម្មវិធីនយោបាយអព្យាក្រឹតរបស់កម្ពុជានិងការរួមរស់ជាមួយគ្នាដោយសន្តិភាព។
- លោក ជូអេនឡាយ(ចិន)និងលោកផាម វ៉ាន់ដុង(វៀតណាម) ក្នុងជំនួបជាមួយសម្តេចព្រះនរោត្តម សីហនុ បានប្រកាសអំពីការប្រឹងប្រែងកសាងទំនាក់ទំនងជាមួយកម្ពុជា៖
- ឈរលើគោលការណ៍គោរពសិទ្ធិគ្នាទៅវិញទៅមក
- គោរពអធិបតេយ្យភាព
- បូរណភាពទឹកដី
- មិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសជិតខាង។
  • ១៤ ធ្នូ ១៩៥៥ កម្ពុជាបានចូលជាសមាជិកនៃអង្គការសហប្រជាជាតិ(សេចក្តីប្រកាសដើរលើមាគ៌ានយោបាយអព្យាក្រឹត)។
◼️ លទ្ធផលនៃការប្រកាន់នយោបាយអព្យាក្រឹត៖
  • កិត្យានុភាពរបស់កម្ពុជាត្រូវបានល្បីរីកសុសសាយលើឆាកអន្តរជាតិ
  • ពួកប្រឆាំងនឹងព្រះអង្គក៏មិនហ៊ានប៉ះពាល់នយោបាយអព្យាក្រឹតរបស់ព្រះអង្គ
  • កម្ពុជាបានទទួលសុខសន្តិភាពរយៈពេល១៥ឆ្នាំ។
◼️ នយោបាយអព្យាក្រឹតបានជួបនូវបញ្ហាឧបសគ្គ៖
  • នយោបាយអព្យាក្រឹត បានធ្លាក់ចុះទន់ខ្សោយក្នុងដំណាក់កាលនៃសង្រ្គាមត្រជាក់នៃប្លុកមហាអំណាចទាំងពីរ(សេរី និងកុម្មុយនីស្ត)។
  • សកម្មភាពនយោបាយរបស់អាមេរិក ថៃ និងវៀតណាមខាងត្បូងមានទិសដៅប្រឆាំងនឹងនយោបាយ
អព្យាក្រឹតសម្តេចព្រះនរោត្តម សីហនុ(ផ្តល់ជំនួយដល់កម្ពុជា ហើយមានទិសដៅចិញ្ចឹមពួកស្តាំនិយមនៅកម្ពុជា)។
  • ពួកថៃនិងវៀតណាមខាងត្បូង បានធ្វើសកម្មភាពដោយចំហប្រឆាំងនឹងកម្ពុជាតាមព្រំដែន(ការបិទព្រំដែនសេដ្ឋកិច្ច ការធ្វើវិទ្ធង្សនាយោធាជាដើម)។
  • ពួកថៃបានគាំទ្រសកម្មភាពខ្មែរសេរី ៖
- ផ្តល់ដីកសាងជំរំហាត់ទ័ព 
- កសាងស្ថានីយ៍វិទ្យុផ្សាយឃោសនា
- សម្លេងប្រឆាំងនឹងនយោបាយអព្យាក្រឹត
- កងទ័ពវៀតណាមធ្វើការឈ្លានពានចូលក្នុងខេត្តតាមព្រំដែន។
  • នយោបាយអព្យាក្រឹតត្រូវបានបញ្ចប់ដោយកម្លាំងខាងក្នុង នោះគឺការធ្វើរដ្ឋប្រហារទម្លាក់សម្តេច
ព្រះនរោត្តម សីហនុ ចេញពីតំណែងប្រមុខរដ្ឋ ថ្ងៃទី១៨ មីនា ១៩៧០ ដោយសេនាប្រមុខ លន់ នល់ និង
ព្រះអង្គម្ចាស់ សិរីមតៈ។
៤. ការឡើងកាន់អំណាចជាព្រះប្រមុខរដ្ឋរបស់សម្តេចព្រះនរោត្តមសីហនុ
  • ០៣ មេសា ១៩៦០ ព្រះមហាក្សត្រនរោត្តម សុរាម្រិត ចូលទិវង្គត។
  • បញ្ហាស្មុគស្មាញបំផុតទាក់ទងនឹងដំណោះស្រាយអ្នកបន្តរាជ្យ។
  • មហាក្សត្រថ្មីត្រូវតែជាខ្សែលោហិតព្រះបាទអង្គឌួង(រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧)។
  • ត្រូវជ្រើសរើសដោយក្រុមប្រឹក្សារាជ្យសម្បត្តិ(មាត្រា២៥)។
  • សម្តេចព្រះនរោត្តម សីហនុ លាលែងពីតំណែងប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី
  • ០៥ មិថុនា ១៩៦០ រាជរដ្ឋាភិបាលបានធ្វើប្រជាមតិ(ពង្រឹងគោលជំហរនយោបាយសង្គមរាស្រ្តនិយម)តាមរយៈសន្លឹកឆ្នោត គឺ៖
- ព្រះឆាយល័ក្ខណ៍សម្តេចព្រះនរោត្តម សីហនុ យកកម្មវិធីនយោបាយ “ សង្គមរាស្រ្តនិយម ”។
- រូបលោក សឺង ង៉ុកថាញ់ គាំទ្រនយោបាយ “ ខ្មែរសេរី”(ទំនោរទៅរកលោកខាងលិច)។
- ពណ៌ក្រហម គាំទ្រទស្សនៈ “ក្រុមប្រជាជន ”។
  • ប្រជាជន ៩៩,៩៨% គាំទ្រកម្មវិធីនយោបាយសង្គមរាស្រ្តនិយម(បន្ទាប់ពីនោះ មានព្យុហយាត្រានៅ
ទីក្រុងភ្នំពេញនិងក្រុងកែប ក្នុងន័យគាំទ្រព្រះអង្គជា ប្រមុខរដ្ឋ ក្រោយពីព្រះអង្គថ្លែងសន្ទរកថា)។
  • ១១ មិថុនា ១៩៦០ សភាជាតិ និងក្រុមប្រឹក្សារាជានុសិទ្ធិ បានអនុម័តសម្រេចស្នើសុំសម្តេច ព្រះនរោត្តម សីហនុ ចូលកាន់តំណែងជាមេដឹកនាំជាន់ខ្ពស់(ប្រមុខរដ្ឋ)។
  • ១៣ មិថុនា ១៩៦០ ក្រុមប្រឹក្សារាជានុសិទ្ធិត្រូវរំសាយ។
  • ១៤ មិថុនា ១៩៦០ ច្បាប់រដ្ឋធម្មនុញ្ញបានកើតឡើងនូវមាត្រាពិសេស។
  • ច្បាប់រដ្ឋធម្មនុញ្ញបានកើតឡើងនូវមាត្រាពិសេស គឺបញ្ញតិ្ត ៣០និង៣០ ស្ទួននៃរដ្ឋធម្មនុញ្ញ មានន័យថា៖
សភាទាំងពីរត្រូវរួមគ្នាប្រជុំតាមសេចក្តីអញ្ជើញពីប្រធានរដ្ឋសភានិង ដោយអនុលោមទៅតាមឆន្ទៈរបស់ប្រជារាស្រ្ត សភាទាំងពីរអាចលើកអំណាច និងបុព្វសិទ្ធិទាំងឡាយរបស់ប្រមុខរដ្ឋ ប្រគល់ទៅឱ្យឥស្សរជនមួយរូបដែលប្រជាពលរដ្ឋស្រឡាញ់ទុកចិត្ត(មាត្រា១២២ រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧-១៩៧០)។
  • ២០ មិថុនា ១៩៦០ សម្តេចព្រះនរោត្តម សីហនុ ចូលកាន់តំណែងជា “ ព្រះប្រមុខរដ្ឋ ”។
  • ព្រះមហាក្សត្រីយានី កុសមៈនារីរតន៍ គង់ប្រថាប់ជានិមិត្តរូបនៃព្រះរាជបល្ល័ង្ក(ព្រះមាតាសម្តេចព្រះនរោត្តម សីហនុ)។
◼️ ០៦ មេសា ១៩៦០ ក្រុមប្រឹក្សារាជសម្បត្តិបានជួបប្រជុំ រួមសមាសភាព៖
  • ទ្រង់ ស៊ីសុវត្ថិ មុនីរ៉េត ប្រធានក្រុមប្រឹក្សារាជវង្ស
  • ទ្រង់ វត្ថាឆាយវង្ស   ប្រធានក្រុមប្រឹក្សាព្រះមហាក្សត្រ
  • លោក ជួប ហ៊ែល   ប្រធានសភាជាតិ
  • សម្តេចព្រះនរោត្តម សីហនុ ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី
  • លោក ជួប សំឡុត ប្រធានតុលាការកំពូល
  • សម្តេចព្រះសង្ឃរាជទាំងពីរគណៈ(មហានិកាយនិងធម្មយុត្តិកនិកាយ)។

៥.​ សមិទ្ធផលសង្គមរាស្រ្តនិយម

◼️ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើវិស័យកសិកម្មតាមរយៈ៖
  • ពង្រីកផ្ទៃដីកសិកម្ម
  • ការជ្រើសរើសពូជ
  • នយោបាយទឹក
  • ការប្រើប្រាស់ដី
  • ការរៀបចំបង្កើតរុក្ខទិវានៅគ្រប់ខេត្តក្រុង
  • វិស័យនេសាទមានការរីកចម្រើន
  • ការបង្កើតក្រុមបសុពេទ្យដើម្បីព្យាបាលជំងឺសត្វ។
◼️ វិស័យគមនាគមន៍៖
  • ១៩៥៤ ពង្រីកកំពង់ផែភ្នំពេញនិងកំពង់ផែក្រុងព្រះសីហនុ។
  • ១៩៥៦ កសាងផ្លូវជាតិលេខ៤(២២៦គ.ម)។
  • ១៩៥៨ ពង្រីកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង។
  • ១៩៥៩ កសាងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។
  • ១៩៦០ កសាងផ្លូវរថភ្លើងខ្សែទី២ ភ្នំពេញ-ក្រុងព្រះសីហនុ(២៧០គ.ម)និងស្ពានជ្រោយចង្វា។
  • ១៩៦១ ភ្ជាប់ខ្សែទូរស័ព្ទជាមួយក្រុងតូក្យូ សាន់ហ្រ្វាន់ស៊ីស្កូ អូសាកា...។
◼️ វិស័យពាណិជ្ជកម្មនិងឧស្សាហកម្ម៖
  • ១៩៥៥ ការវិនិយោគក្រុមហ៊ុនបារាំងនិងសាខាក្រុមហ៊ុនអាមេរិក(INTENATIONAL, Newhampur, 
Esso,CALTEX, Shell)។
  • ក្រុមហ៊ុនអង់គ្លេសនិងជប៉ុន(ធនាគារឆារទែរិដ ធនាគារហុងកុងសៀងហៃ និងធនាគារអូហូតូក្យូ)។
  • ១៩៥៦ ឥណទានពាណិជ្ជកម្មក្រៅប្រទេស ប្រកួតជាមួយមូលធនបារាំង អាមេរិក អង់គ្លេស ជប៉ុន។
  • ១៩៦៣ បង្កើតក្រុមហ៊ុនពាណិជ្ជកម្មថ្មីឈ្មោះ អាហរ័ណ នីហរ័ណ(សូណិចស៊ីម)។
  • ១៩៦៤ បង្កើតក្រុមហ៊ុនពាណិជ្ជកម្មរដ្ឋនិងក្រុមហ៊ុនពីរ គឺ៖
- ក្រុមហ៊ុនខ្មែរនៃការទិញផលិតផលកសិកម្ម(សូរ៉ាប៉ា)។
- ក្រុមហ៊ុនជាតិនៃការចែករំលែកទំនិញនាំចូល(សូណាព្រីម)ដែលបម្រើឱ្យក្រុមហ៊ុន សូណិចស៊ីម។
- រោងចក្រវាយនភ័ណ្ឌ(កំពង់ចាម)
- រោងចក្រក្តារបន្ទះដីឥដ្ឋ(កណ្តាល)
- រោងចក្រកែវ(ចម្ការដូង)
- រោងចក្រក្រដាសឆ្លូង(ក្រចេះ)
- រោចក្រស៊ីម៉ង់ត៍ចក្រីទីង(កំពត)
- រោងចក្រក្រចៅដូនទាវ(បាត់ដំបង)
- រោងចក្រស្ករសកំពង់ត្រាំ(កំពង់ស្ពឺ)
- រោងចក្រស្រាបៀនិងដំឡើងត្រាក់ទ័រ(ក្រុងព្រះសីហនុ)។ល។
◼️ វិស័យសិក្សាធិការជាតិ៖
  • បណ្តុះបណ្តាលគ្រូបង្រៀន
  • ការកសាងសាលារៀន(បឋមសិក្សាដល់សកលវិទ្យាល័យ)។
  • ១៩៦០ បញ្ជូននិស្សិតទៅរៀននៅបរទេស(បារាំង)និងបានបង្កើត៖
- សកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) 
- មហាវិទ្យាល័យនីតិសាស្រ្ត
- មហាវិទ្យាល័យវេជ្ជសាស្រ្ត...។
  • សាស្រ្តាចារ្យឧត្តមសិក្សាពី ៧នាក់ ដល់១៩៣៥នាក់។
  • ១៩៦១ លើកស្ទួយវិស័យកីឡា(បណ្តុះបណ្តាលកីឡានិងគ្រូបង្ហាត់ពីបរទេស)។
  • ១៩៦៤ កសាងពហុកីឡាដ្ឋានជាតិអូឡាំពិក(ទទួលទស្សនិកជន៥០ ០០០នាក់)។
  • ព្រះពុទ្ធសាសនា(ពុទ្ធិកបឋមសិក្សារហូតដល់ពុទ្ធិកមហាវិទ្យាល័យ)
◼️ វិស័យសង្គម៖
  • យកចិត្តទុកដាក់លើសុខមាលភាពប្រជាជនការកសាង
- មន្ទីរពេទ្យគ្រប់ខេត្តក្រុង(មន្ទីរពេទ្យកុមារគន្ធបុប្ផា ឱសថាល័យព្រះសុរាម្រឹត មហាវិទ្យាល័យភូមិន្ទវិជ្ជាពេទ្យ មន្ទីរពេទ្យព្រះកុសមៈ មន្ទីរសម្ភពផះង៉ាង៉ាម...)
- ការអភិវឌ្ឍជនបទ(អនាម័យលំនៅឋាន ជីកអណ្តូងទឹក សង់ផ្ទះ ជីកស្រះ...)
- ១៩៦១ បង្កើតមជ្ឈមណ្ឌលអប់រំស្រ្តីពេស្យា(ទួលគោក) និងផ្តល់សិទ្ធិឱ្យស្រ្តីឈរឈ្មោះចូលរួមបោះឆ្នោតព្រមទាំងសិទ្ធិបោះឆ្នោត។

បានកែប្រែចុងក្រោយ: ថ្ងៃពុធ ទី7 ខែកុម្ភៈ ឆ្នាំ2024, 1:42 PM