loader image
រំលងទៅកាន់មាតិកាមេ
ដើម
តម្រូវការសម្រាប់ការបញ្ចប់
មើល

សេចក្តីផ្តើម

       យើងដឹងហើយថាបច្ចុប្បន្នមនុស្សម្នាក់ៗកំពុងតែប្រឈមមុខនឹងជំងឺផ្សេងៗជាច្រើនដូចជា ផ្តាសាយ ជំងឺកញ្ជ្រិល ជំងឺរបេង រាគមួល ជំងឺរលាកថ្លើម ជំងឺអេដស៍  ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺបេះដូងជាដើម។ ជំងឺខ្លះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ក៏ប៉ុន្តែជំងឺមួយចំនួនក៏មិនផ្ដល់ផលប៉ះពាល់ដល់អ្នកដទៃឡើយ។ ដូចនេះគេបែងចែកប្រភេទជំងឺជាពីរប្រភេទគឺ ជំងឺឆ្លង និងជំងឺមិនឆ្លង។

១. ជំងឺឆ្លង

       ជំងឺឆ្លងជាជំងឺដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈភ្នាក់ងារបង្កជំងឺ។ ជំងឺឆ្លងបណ្តាលមកពីវត្តមានភ្នាក់ងារបង្ករោគក្នុងសារពាង្គកាយ។ ជំងឺនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈភ្នាក់ងារបង្ករោគដូចជា វីរុស បាក់តេរី ផ្សិត និងប្រូទីស។ នៅពេលកើត ជំងឺឆ្លង ភ្នាក់ងារបង្កជំងឺបានចូលទៅក្នុងខ្លួនយើង ហើយធ្វើឱ្យយើងឈឺនិងបំផ្លាញកោសិកានៅក្នុងខ្លួនយើង។

       មុនរបកគំហើញរបស់លីស្ទ័រ ប្រជាជនមានជំនឿថា ការកើតជំងឺបណ្តាលមកពីបិសាច។ នៅចុងឆ្នាំ 1800 អ្នកវិទ្យាសាស្ត្រមួយចំនួនបានចំណាយពេលយ៉ាងច្រើនក្នុងការស្វែងយល់ពីជំងឺឆ្លង។ ក្នុងឆ្នាំ 1860 អ្នកវិទ្យាសាស្រ្តជនជាតិបារាំង លីប៉ាស្ទ័រ (Louis Pasteur) បានបង្ហាញថា ជំងឺឆ្លងមួយចំនួនបណ្តាល មកពីមីក្រូសារពាង្គកាយ។ ប៉ាស្ទ័រក៏បានបញ្ជាក់ផងដែរថា បើចង់សម្លាប់មីក្រូសារពាង្គកាយ លុះត្រាតែ ការពារការរីករាលដាលនៃជំងឺឆ្លងសិន។ នៅឆ្នាំ 1870 និងឆ្នាំ 1880 អ្នកវិទ្យាសាស្ត្រផ្នែករូបវិទ្យាជនជាតិ អាល្លឺម៉ង់ឈ្មោះ រ៉ូប៊ែរ កុច (Robert Koch) បានបង្ហាញថា ជំងឺឆ្លងនីមួយៗបណ្តាលមកពីភ្នាក់ងារបង្កជំងឺយថាប្រភេទមួយ។ ឧទាហណ៍៖ ភ្នាក់ងារបង្កជំងឺមួយប្រភេទបង្កជំងឺរលាកសួត មួយប្រភេទទៀតបង្កជំងឺអុតស្វាយ ហើយមួយប្រភេទផ្សេងទៀតបង្កជំងឺកញ្ច្រិល.........។

១.១ ភ្នាក់ងារបង្កជំងឺ


       យើងឃើញហើយថា នៅលើផែនដីនេះមានភាវៈរស់ច្រើនប្រភេទរាប់មិនអស់។ ភាគច្រើននៃភាវៈរស់ទាំងនោះមិនផ្តល់ទុក្ខទោសដល់យើងទេ។ ប៉ុន្តែក៏នៅមានមួយចំនួនទៀតដែលបណ្តាលឱ្យយើងមានជំងឺដែរ។ ភ្នាក់ងារបង្កជំងឺភាគច្រើនអាចមើលឃើញបានដោយមីក្រូទស្សន៍។ ភ្នាក់ងារបង្កជំងឺមាន 4 ក្រុមចម្បងគឺ បាក់តេរី វីរុស ផ្សិត និងប្រូទីស។

   ក. បាក់តេរី


       បាក់តេរី ជាមីក្រូសារពាង្គកាយឯកកោសិកា។ វាអាចចិញ្ចឹមជីវិត ផ្លាស់ទី និងបន្តពូជបាន។ វាបង្កជំងឺច្រើន រាប់មិនអស់។ ឧទាហរណ៍ អំបៅអំបែក ការពុលអាហារ របេង គ្រុនពោះវៀន។ បាក់តេរីបង្កជំងឺដល់ភាវៈរស់ដទៃទៀតតាមរបៀបពីរបែបគឺ ដោយផ្ទាល់ និងដោយប្រយោល។

   • បាក់តេរីបំផ្លាញកោសិកានៃសារពាង្គកាយដោយផ្ទាល់។ ឧទាហណ៍ ការរលាកបំពងកបញ្ដាលមកពីបាក់តេរីឈ្មោះ ស្រ្តិបតូកូក ដែលទន្រ្ទាននៅក្នុងបំពងក។ ជំងឺរបេងជាជំងឺបណ្ដាលមកពីបាក់តេរីដែលបំផ្លាញជាលិកាសួត។

   • បាក់តេរីមួយចំនួនបំផ្លាញកោសិកានៃសារពាង្គកាយដោយប្រយោលតាមរយៈការបញ្ចេញជាតិពុលហៅថា តុកស៊ីន។ ឧទាហណ៍ បាក់តេរីនៃជំងឺតេតាណូសជ្រៀតចូលតាមមុខរបួសហើយផលិតធាតុពុលដែលធ្វើឱ្យខូចប្រព័ន្ធប្រសាទ។ គេហៅ ជំងឺតេតាណូស ថាជាជំងឺរឹងថ្គាម ព្រោះសរសៃប្រសាទដែលខូចបណ្ដាលឱ្យសាច់ដុំថ្គាមមិនអាចកម្រើកបាន។

   ខ. វីរុស 


       វីរុស ជាមេរោគដែលមានមាឌល្អិតតូចជាងបាក់តេរី។ វីរុសមិនអាចមើលឃើញដោយភ្នែកទទេ ឬដោយមីក្រូទស្សន៍ធម្មតាបានឡើយ។ វីរុសអាចបង្កើតកូនចៅបាន លុះត្រាតែវារស់នៅក្នុងកោសិកានៃភាវៈរស់ដទៃទៀត។ បើមានវីរុសនៅក្នុងកោសិកានៃភាវៈរស់ណាមួយ វានឹងបង្កើតវីរុសថ្មីៗហើយចម្លងពីកោសិកាមួយទៅកោសិកាមួយទៀត។ ជំងឺគ្រុនក្តៅនិងផ្តាសាយបណ្តាលមកពីវីរុសនៅក្នុងកោសិកានៃប្រដាប់ដង្ហើម។ មានវីរុសប្រមាណជាង 200 ប្រភេទដែលបណ្តាលឱ្យមានជំងឺគ្រុនផ្តាសាយ។ ជំងឺផ្សេងៗដែលបណ្តាលមកពីវីរុសមាន: ជំងឺអុតស្វាយ កញ្ជីល រលាកថ្លើម ..។

   គ. ផ្សិត


       ផ្សិតរួមមានផ្សិតផ្អួរនិងដំបែដែលបង្កឱ្យមានជំងឺឆ្លងមួយចំនួន។ ផ្សិតលូតលាស់ក្នុងកន្លែងក្តៅឧណ្ណៗ មានម្លប់និងសើម។ ជំងឺដែលបណ្តាលមកពីផ្សិតមាន : ទឹកស៊ីជើង ស្រែង ប្រាំងមាត់ ..... ។

    ឃ. ប្រូទីស


       ប្រូទីសក៏បណ្ដាលឱ្យមានជំងឺដែរ។ ជំងឺគ្រុនចាញ់ជាជំងឺមួយក្នុងតំបន់ត្រូពិច ដែលបណ្ដាលមកពីប្រូទីសដែរ។ នៅមានជំងឺផ្សេងៗទៀតដែលបណ្ដាលមកពីប្រូទីសដូចជា ជំងឺងងុយដេក ជំងឺរាកមួល.........។

១.២ ការរីករាលដាលរបស់ភ្នាក់ងារបង្កជំងឺ


       ក៏ដូចជាភាវៈរស់ដទៃទៀតដែរ ភ្នាក់ងារបង្កជំងឺត្រូវការអាហារនិងទីកន្លែងរស់នៅដើម្បីបន្តពូជ។ ជាសំណាងអាក្រក់ សារពាង្គកាយមនុស្សយើងជាកន្លែងសមស្របបំផុតដែលភ្នាក់ងារបង្កជំងឺត្រូវការ។ អ្នកនឹងត្រូវឆ្លងជំងឺតាមវិធីច្រើនយ៉ាង។ ភ្នាក់ងារបង្កជំងឺ អាចឆ្លងតាមរយការប៉ះអ្នកជំងឺផ្ទាល់តាមអាហារ ទឹក វត្ថុមិនស្អាត ឬឆ្លងតាមសត្វមួយចំនួនដែរ ។

   ក. ការឆ្លងជំងឺពីមនុស្ស


       ភ្នាក់ងារបង្កជំងឺតែងតែឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត តាមរយៈការប៉ះផ្ទាល់ ដូចជាថើបនិងចាប់ដៃ។ ជំងឺក៏អាចឆ្លងទៅមនុស្សម្នាក់ទៀតដោយប្រយោលផងដែរ។ ឧទាហរណ៍ ការប៉ះពាល់វត្ថុដែល អ្នកជំងឺប្រើប្រាស់ ដូចជាសំម្លៀកបំពាក់ កន្សែងជូតខ្លួន កែវទឹក...(ជំងឺអុតស្វាយ កញ្ជីល) ។ ការដកដង្ហើម អាចនាំយកមេរោគពីអ្នកជំងឺនៅពេលក្អក កណ្តាស់ឬថើប។ ឧទាហរណ៍ ជំងឺរបេង ផ្តាសាយ ហើមសួត ... ។ ដូចនេះ ដើម្បីកុំឱ្យឆ្លងទៅអ្នកដទៃ អ្នកជំងឺគួរតែយកកន្សែងដៃខ្ទប់មាត់ ឬច្រមុះនៅពេលក្អក  កណ្តាស់ ។

   ខ. ការឆ្លងតាមចំណីអាហារនិងទឹក


       ការទទួលទានចំណីអាហារនិងផឹកទឹកមិនស្អាត ក៏បណ្តាលឱ្យមានជំងឺផងដែរ។ ភ្នាក់ងារបង្កជំងឺមួយចំនួនមាននៅក្នុងបរិស្ថាន។ បាក់តេរីដែលបង្កឱ្យមានជំងឺពុលអាហារបង្កើតធាតុពុលនៅក្នុងអាហារ។ នៅក្នុងអាហារកំប៉ុង បាក់តេរីក៏អាចបង្កើតជាតិពុលបានដែរ។ ភ្នាក់ងារបង្កជំងឺមួយចំនួនក៏ឆ្លងតាមទឹកនិងអាហារ។ ឧទាហរណ៍ អាសន្នរោគ រាកមួល...។

   គ. ការឆ្លងតាមវត្ថុមិនស្អាត

       ភ្នាក់ងារបង្កជំងឺមួយចំនួនអាចរស់នៅក្រៅខ្លួនមនុស្សបានមួយរយៈ។ មនុស្សយើងអាចប៉ះផ្ទាល់ និងភ្នាក់ងារបង្កជំងឺតាមរយៈការប្រើប្រាស់កូនកន្សែង ឬសមស្លាបព្រាដែលអ្នកជំងឺធ្លាប់ប្រើប្រាស់។ ជំងឺផ្តាសាយក៏ឆ្លងតាមវិធីនេះដែរ។ បាក់តេរីនៃជំងឺតេតាណូសក៏អាចឆ្លងទៅមនុស្សម្នាក់ទៀត ប្រសិនបើគេប្រើប្រាស់វត្ថុកខ្វក់លាយឡំគ្នា។

   ឃ. ការឆ្លងពីសត្វ

       ប្រសិនបើមនុស្សម្នាក់ត្រូវសត្វខាំ សត្វនោះនឹងចម្លងភ្នាក់ងារបង្កជំងឺដល់មនុស្សនោះ។ ភ្នាក់ងារបង្កជំងឺទៅបំផ្លាញប្រព័ន្ធប្រសាទធ្វើឱ្យមនុស្សទៅជាឆ្កួត។ ឧទាហរណ៍ ឆ្កែខាំ។ យើងក៏អាចគ្រុនក្តៅបានដែរនៅពេលចៃពស់ខាំ ។

២. ការការពារសារពាង្គកាយ

       សង្គ្រាមនៅក្នុងរឿងភាពយន្តគឺ ជាការប្រយុទ្ធដ៏ស្រមើស្រមៃមួយ។ ប៉ុន្តែក្នុងសារពាង្គកាយមនុស្សតែងតែមានការប្រយុទ្ធពិតប្រាកដនិងជាប្រចាំហើយសត្រូវដែលលុកលុយក្នុងសារពាង្គកាយយើងគឺភ្នាក់ងារបង្កជំងឺ ។

២.១ របាំងការពារភ្នាក់ងារបង្កជំងឺពីខាងក្រៅ

       សារពាង្គកាយមនុស្សមានប្រព័ន្ធការពារប្រឆាំងនឹងភ្នាក់ងារបង្កជំងឺ គឺរបាំងការពារពីខាងក្រៅ តំណបស៊ាំមេរោគនិងតំណបរលាក។ ក្នុងមេរៀននេះ យើងលើកយកតែរបាំងការពារពីខាងក្រៅមកសិក្សា។ របាំងទាំងនោះមាន ស្បែក ដំណកដង្ហើម មាត់ និងក្រពះ។

   ក. ស្បែក


       ស្បែកមានស្រទាប់ក្រៅជាកោសិកាងាប់ដែលបង្កើតបានជារបាំងការពារមួយប្រឆាំងនឹងមេរោគ។ ស្រទាប់ការពារនៃស្បែកបង្កើតជាតិពណ៌នៃស្បែកដែលជារបាំងការពារពន្លឺព្រះអាទិត្យ។ ក្រពេញសេបូមដែលមាននៅក្រោមស្បែកបញ្ចេញសារធាតុរាវដូចប្រេង ដើម្បីរក្សាឱ្យស្បែកទន់និង អាចសម្លាប់មេរោគបាន។ សារធាតុរាវនេះមានឈ្មោះថា សេបូម។ សេបូមការពារការជ្រៀតចូលនៃមេរោគនិងធ្វើឱ្យស្បែកមិនជ្រាបទឹក។

   ខ. ដំណកដង្ហើម


       ភ្នាក់ងារបង្កជំងឺក៏អាចចូលក្នុងសារពាង្គកាយយើងបានដែរ នៅពេលយើងស្រូបខ្យល់ចូល។ រន្ទច្រមុះ បំពង់ខ្យល់ និងទងសួតសុទ្ធតែមានរោមញ័រនិងជាតិរំអិលហៅថា ស្លេស្ម។ ស្លេស្មនិងរោមញ័រជាអន្ទាក់សម្រាប់ចាប់មេរោគនិងកម្ទេចធូលីនៅក្នុងខ្យល់ដង្ហើមរបស់យើង។ ការជ្រៀតចូលនៃមេរោគទៅក្នុងរន្ធច្រមុះធ្វើឱ្យយើងក្អកម្មកណ្តាស់។ ការក្អកនិងកណ្តាស់ជួយសំអាតច្រមុះនិងផ្លូវដង្ហើមដោយបញ្ចេញមេរោគពីសារពាង្គកាយយើង ។

   គ. មាត់និងក្រពះ

       មេរោគមួយចំនួនត្រូវបានរកឃើញនៅក្នុងអាហារ។ នៅក្នុងទឹកមាត់មានអង់ស៊ីម ឯក្រពះមេរោគមួយចំនួនដែលយើងលេបចូលជាមួយអាហារ ផលិតអាស៊ីត។ ត្រូវបំផ្លាញដោយអង់ស៊ីមក្នុងទឹកមាត់និងអាស៊ីតក្នុងក្រពះ។

២.២ វិធីការពារកុំឱ្យឆ្លងជំងឺ


       ដើម្បីចៀសវាងពីជំងឺឆ្លងផ្សេងៗ អ្នកគប្បី៖


   • លាងសំអាតដៃជានិច្ចមុនពេលបរិភោគអាហារ មុនពេលធ្វើម្ហូបនិងជាពិសេសក្រោយពេលចេញពីបង្គន់ ។
   • ផឹកទឹកឆ្អិន (ទឹកដាំពុះ)
   • ចៀសវាងកុំងូតទឹកទន្លេ សមុទ្រដែលនៅក្បែរលូបង្ហូរទឹកស្អុយ
   • លាងសំអាតមុខឱ្យបានស្អាត ជាពិសេសនៅពេលយប់ដោយប្រើសាប៊ូដែលមានគុណភាពស្របទៅតាមស្បែករបស់យើង
   • ចៀសវាងកុំប្រើក្រាស់សិតសក់ឬកន្សែងជូតខ្លួនរួមគ្នា
   • កក់សក់ឱ្យបានញឹកញាប់ជាមួយសាប៊ូកក់សក់ ដែលមានសារធាតុបំបាត់អង្កែនិងសម្លាប់ចៃ ជាពិសេសនៅរដូវក្តៅ
   • ងូតទឹកឱ្យបានច្រើនដង ជាពិសេសនៅរដូវក្តៅ។ ការងូតទឹកច្រើនដងអាចជួយឱ្យយើងចៀសផុតពីជំងឺស្បែក
   • ត្រូវផ្លាស់ប្តូរសម្លៀកបំពាក់ឱ្យបានញឹកញាប់
​   • ចំពោះចំណីអាហារនិងភេសជ្ជៈ ត្រូវចម្អិនឱ្យបានឆ្អិនល្អ ហើយមិនត្រូវទុកឱ្យផ្អូម។ បើចង់រក្សា ទុកឱ្យបានយូរត្រូវទុកវាក្នុងទូទឹកកក 
   • ត្រូវលាងសំអាតជើងនិងជូតឱ្យស្អាត ជាពិសេសនៅចន្លោះម្រាមជើងនីមួយៗ ។ ត្រូវប្តូរស្រោម ជើងឱ្យបានរាល់ថ្ងៃ ហើយចៀសវាងការប្រើស្បែកជើងចង្អៀត។

៣. ការបង្ការជំងឺឆ្លង

       ប្រសិនបើយើងសង្កេតមើលអ្នកណាម្នាក់ដែលកំពុងកើតអុតស្វាយ យើងឃើញគេមានស្នាមនិង រមាស់។ ប៉ុន្តែគេនឹងជាសះស្បើយ ហើយបាត់ស្នាមទៀតផង។ បើអ្នកណាម្នាក់បានកើតជំងឺអ្វីមួយ រាងកាយរបស់គេនឹងទទួលភាពស៊ាំទៅនឹងជំងឺនោះ។

       ភាពស៊ាំ : ជាសមត្ថភាពរបស់សារពាង្គកាយក្នុងការបំផ្លាញភ្នាក់ងារបង្កជំងឺ ។ ភាពស៊ាំមានពីរបែប: ភាពស៊ាំសកម្ម និងភាពស៊ាំអកម្ម ។

៣.១ ភាពស៊ាំសកម្ម

       នៅពេលមេរោគជាច្រើនជ្រៀតចូលទៅក្នុងឈាម សារពាង្គកាយយើងផលិតអង់ទីករដើម្បីប្រយុទ្ធជាមួយមេរោគទាំងនោះ។ អង់ទីករទាំងនោះស្ថិតនៅនិងធ្វើសកម្មភាពក្នុងឈាម។ វាក្លាយជាសកម្មនៅពេលវាបានជួបប្រយុទ្ធជាមួយមេរោគ។ បន្ទាប់មកទើបសារពាង្គកាយយើងទទួលបានភាពស៊ាំចំពោះជំងឺណាមួយដែលបង្កឡើងដោយមេរោគនោះ។

       ឧទាហរណ៍ : បើអ្នកណាម្នាក់កើតជំងឺអុតស្វាយ សារពាង្គកាយគេត្រូវបានរាតត្បាតដោយវីរុសនៃជំងឺអុតស្វាយ។ ប្រព័ន្ធស៊ាំឆ្លើយតបទៅនឹងអង់ទីសែនវីរុសដោយការផលិតអង់ទីករដែលប្រយុទ្ធប្រឆាំងនឹងមេរោគនេះ។ មនុស្សម្នាក់មានភាពស៊ាំសកម្មនៅពេលដែលប្រព័ន្ធស៊ាំរបស់គេបានផលិតអង់ទីករពេលមានភ្នាក់ងារបង្កជំងឺ។ ប្រសិនបើសារពាង្គកាយជួបនឹងវីរុសជំងឺអុតស្វាយម្តងទៀត អង់ទីករដែលមានរួចជាស្រេចក្នុងឈាមនិងបំផ្លាញវា។ ដូចនេះភាពស៊ាំសកម្មអាចជាលទ្ធផលលេចចេញក្រោយពេលយើងកើតជំងឺម្តងរួចហើយឬចាក់វ៉ាក់សាំងរួច។ ភាពស៊ាំសកម្មមានពីរបែបគឺ តំណប ស៊ាំនិងវ៉ាក់សាំង។

   ក. តំណបស៊ាំ


       នៅពេលអ្នកណាម្នាក់មានជំងឺ ប្រព័ន្ធស៊ាំបង្កើតភាពស៊ាំដែលជាផ្នែកមួយនៃតំណបស៊ាំ។ គួរចងចាំដែរថា ក្នុងពេលមានតំណបស៊ាំ (មានជំងឺ) ឡាំផូស៊ីត T និង B ជួយបំផ្លាញភ្នាក់ងារបង្កជំងឺ។ ក្រោយពេលអ្នកជំងឺបានជាសះស្បើយ។ ឡាំផូស៊ីត T និង B មួយចំនួននៅស្គាល់អង់ទីសែនរបស់មេរោគ។ ប្រសិនបើមេរោគនោះចូលមកក្នុងសារពាង្គកាយយើងម្តងទៀត កោសិកា (ឡាំផូស៊ីត) ស្គាល់មេរោគនោះភ្លាម។ ការចងចាំរបស់កោសិកា ចាប់ផ្ដើមមានភាពស៊ាំយ៉ាងឆាប់រហ័សជាមួយនឹងមេរោគ។ ដូចនេះមនុស្សនោះមិនឈឺទេ។ ភាពស៊ាំសកម្មតែងមានរយៈពេលយូរឆ្នាំ ហើយជួនកាលមានរយៈពេលពេញមួយជីវិត។

   ខ. វ៉ាក់សាំង


       ភាពស៊ាំសកម្មទីពីរ គឺវ៉ាក់សាំង។ វ៉ាក់សាំងអាចប្រព្រឹត្តទៅតាមរយៈការចាក់ថ្នាំ ការបញ្ចូលថ្នាំ តាមមាត់ឬតាមច្រមុះ។ វ៉ាក់សាំងអាចការពារជំងឺគ្រុនស្វិតដៃជើង អុតឬកញ្ជឹល និងជំងឺផ្សេងៗទៀត។ សារធាតុដែលប្រើសម្រាប់ធ្វើវ៉ាក់សាំង ហៅថា ថ្នាំបង្ការរោគ។ ថ្នាំបង្ការរោគខ្មោចប្រព័ន្ធស៊ាំឱ្យសកម្ម ក្នុងការសម្លាប់ ឬធ្វើឱ្យមេរោគចុះខ្សោយ។ កាលណាយើងបានទទួលវ៉ាក់សាំងយើងមិនមានជំងឺទេ។

       តើយើងឈឺនៅពេលណា?

       អ្នកមានភាពស៊ាំទៅនឹងជំងឺផ្សេងៗ ព្រោះអ្នកធ្លាប់ឈឺ ឬបានទទួលវ៉ាក់សាំងប្រឆាំងនឹងមេរោគ រួចហើយ។ ប៉ុន្តែគ្មានអ្នកណាម្នាក់ដែលស៊ាំទៅនឹងគ្រប់មេរោគនោះទេ។ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកនឹងធ្លាក់ខ្លួនឈឺនៅថ្ងៃណាមួយ។ ថ្នាំអាចព្យាបាលឱ្យជាសះស្បើយបាន។ ប្រសិនបើអ្នកមានជំងឺដែលបណ្តាលមកពីបាក់តេរី អ្នកប្រហែលជាត្រូវប្រើថ្នាំអង់ទីប្បទិច។ អង់ទីប្យូទិចគឺ ជាសារធាតុគីមីដែលសម្លាប់បាក់តេរីឬពឆ្លៀតការលូតលាស់របស់បាក់តេរីដែលយាយីដល់កោសិកានៃសារពាង្គកាយ។ ផ្ទុយទៅវិញ បើគ្មានថ្នាំណាដែលមានប្រសិទ្ធភាពសម្រាប់ប្រឆាំងនឹងវីរុសបង្កជំងឺបានទេដូចជាគ្រុនផ្តាសាយជាដើម។ វិធីដ៏ប្រសើរបំផុតក្នុងការទប់ទល់ជាមួយវីរុសបង្កជំងឺនេះគឺ ការសម្រាកឱ្យបានច្រើន។ ទោះបីជាថ្នាំមួយចំនួន មិនសម្លាប់មេរោគក៏ដោយ ប៉ុន្តែវាក៏អាចជួយឱ្យយើងមានអារម្មណ៍ថាបានប្រសើរឡើងវិញដែរ។ ឱសថមួយចំនួនក៏អាចកាត់បន្ថយអាការៈគ្រុនក្តៅ ធ្វើឱ្យច្រមុះស្រឡះ ដកដង្ហើមបានស្រួល និងបំបាត់ក្អកផងដែរ ។

៣.២ ភាពស៊ាំអកម្ម


       ជំងឺមួយចំនួនជាជំងឺដែលមិនអាចចាក់ថ្នាំបង្ការបានទេ (ឧទាហរណ៍: ជំងឺឆ្កែឆ្កួតខាំ) ។ ប្រសិនបើ មនុស្សណាម្នាក់ត្រូវឆ្កែខាំអ្នកនោះនឹងត្រូវទទួលការចាក់ថ្នាំអង់ទីប្បទិចប្រឆាំងទៅនឹងអង់ទីសែននៃរោគឆ្កួត។ ការការពារដោយវិធីនេះជាភាពស៊ាំអកម្ម ។ ទារកម្នាក់អាចទទួលនូវភាពស៊ាំអកម្ម មុនកំណើត ។ ភាពស៊ាំនេះ បានមកពីអង់ទីករក្នុងឈាមរបស់ម្ដាយបញ្ជូនទៅក្នុងឈាមកូននៅក្នុងផ្ទៃ។ ក្រោយកំណើត អង់ទឹករការពារទារកបានក្នុងរយៈពេលតែពីរបីខែប៉ុណ្ណោះ។ បន្ទាប់មកភាពស៊ាំរបស់ទារកចាប់ផ្ដើមធ្វើការយ៉ាងមានប្រសិទ្ធភាព។

៣.៣ វីរុសអេដស៍និងប្រព័ន្ធស៊ាំ


       HIV ឬមេរោគអេដស៍ខុសប្លែកពីវីរុសផ្សេងទៀត ដោយវាបំផ្លាញឡាំផូស៊ីត T និងធ្វើឱ្យប្រព័ន្ធ ស៊ាំចុះខ្សោយ។ ពេលចូលទៅក្នុងខ្លួនយើងជាលើកដំបូង វាចូលទៅក្នុងឡាំផូស៊ីត T ហើយបន្តពូជនៅ ក្នុងនោះ។ ដូចនេះហើយទើបសារពាង្គកាយយើងមិនអាចស៊ូទ្រាំជាមួយមេរោគបាន ព្រោះប្រព័ន្ធស៊ាំ ទាំងមូលត្រូវបំផ្លាញ។ ដោយហេតុថា ប្រព័ន្ធស៊ាំបាត់បង់សមត្ថភាពទប់ទល់ជាមួយមេរោគ នោះទើប មេរោគផ្សេងៗទៀត អាចចូលមកយាយីសារពាង្គកាយរបស់យើងបាន។ ហេតុនេះទើបអ្នកដែលមាន ជំងឺអេដស៍ អាចស្លាប់ដោយជំងឺផ្សេងៗបាន (ជំងឺឱកាសនិយម) ដូចជា ជំងឺ របេង ហើមសួត មហារីក រលាកថ្លើម..........។

       ក៏ដូចជាវីរុសដទៃទៀតដែរ វីរុស HIV អាចបន្តពូជបានតែក្នុងកោសិកានៃសារពាង្គកាយ។ ទោះជាយ៉ាងនេះក៏ដោយ ក៏វាអាចរស់បានមួយរយៈពេលខ្លីនៅក្រៅសារពាង្គកាយមនុស្សដូចជាក្នុងឈាម ក្នុងទឹកកាម ឬទឹករំអិលនៃប្រដាប់បន្តពូជ។

       វីរុស HIV អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាម៖
   ​• ការចាក់ថ្នាំដោយប្រើម្ជុលរួមគ្នា
   • ការបញ្ចូលឈាម
   • ការរួមភេទ
   • ពីម្ដាយទៅកូននៅក្នុងផ្ទៃ ឬទៅទារកដោយការបំបៅដោះ ។

       យើងដឹងហើយថា វីរុស HIV មិនអាចរស់នៅលើស្បែកបានទេ។ ដូច្នេះវាមិនឆ្លងទៅមនុស្ស ម្នាក់ទៀតតាមរយៈការឱបរឹត ឬចាប់ដៃអ្នកជំងឺនោះទេ។ វាក៏មិនឆ្លងទៅមនុស្សម្នាក់ទៀតដែរក្នុង ករណីប្រើប្រាស់បន្ទប់ទឹក ឬបង្គន់រួមគ្នា ឬការប៉ះទង្គិចគ្នានៅពេលលេងកីឡាផ្សេងៗ ។

៤. ជំងឺមិនឆ្លង

       ទោះបីជាជំងឺឆ្លងកាន់តែថយចុះ ប៉ុន្តែជំងឺមិនឆ្លងកាន់តែកើនឡើង។ ជំងឺមិនឆ្លង ជាជំងឺមួយដែលមិនបណ្តាលមកពីភ្នាក់ងារបង្កជំងឺក្នុងសារពាង្គកាយទេ។ មិនដូចជម្ងឺឆ្លងទេ ជំងឺមិនឆ្លងមិនចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតឡើយ។ ជំងឺលើសឈាមជាជំងឺនាំមុខគេនៅសហរដ្ឋអាមេរិកដែលបណ្តាលឱ្យស្លាប់។ ក្រៅពីនោះ នៅមានជំងឺប្រតិកម្មទៅនឹងអ្វីមួយ ជំងឺទឹកនោមផ្អែមនិងជំងឺមហារីក សុទ្ធតែជាជំងឺមិនឆ្លង។

   • រដូវរងាបានចូលមកដល់រុក្ខជាតិចេញផ្កា។ មនុស្សមួយចំនួនក្អកនិងកណ្តាស់ក្នុងរដូវនេះ ប៉ុន្តែមិនមែនឈឺគ្រុនទេ។ វាជាការឈឺចាប់ដែលបណ្តាលមកពីប្រតិកម្មជាមួយលំអងផ្កា។ ប្រតិកម្ម គឺជាភាពរួសហួសហេតុនៃប្រព័ន្ធស៊ាំទៅនឹងសារធាតុពីខាងក្រៅ ឬទៅនឹងអ្វីខុសពីធម្មតាដែលរក ឃើញនៅក្នុងសារពាង្គកាយយើង ។ សារធាតុដែលបណ្តាលឱ្យមានប្រតិកម្មផ្សេងៗហៅថា អាល់ លែសែន  (Allergen) រួមមាន : ធូលី ផ្សិត លំអងផ្កា អាហារ ឱសថ និងគ្រឿងសំអាងមួយចំនួន។ ភ្នាក់ងារទាំងនេះចូលទៅក្នុងសារពាង្គកាយយើងតាមខ្យល់ដង្ហើម តាមអាហារ ឬការប៉ះពាល់ផ្ទាល់។ កាលណាឡាំផូស៊ីតជួបនឹងភ្នាក់ងារទាំងនេះវាផលិតអង់ទីករ។ អង់ទីករបញ្ចេញ សារធាតុម្យ៉ាងឈ្មោះថា អ៊ីស្តាមីន (Histamine) ។ អ៊ីស្តាមីនជាសារធាតុគីមី ដែលមានតំណបទៅ នឹងប្រតិកម្មផ្សេងៗដោយធ្វើឱ្យកណ្តាស់ ឬចេញទឹកភ្នែក។

   • ជំងឺទឹកនោមផ្អែម : លំពែងជាសរីរាង្គមួយដែលមានមុខងារច្រើនយ៉ាង។ មុខងារដែលសំខាន់ជាងគេគឺផលិតអាំងស៊ុយលីន។ ក្នុងករណីមានជំងឺទឹកនោមផ្អែម លំពែងគ្មានសមត្ថភាពក្នុងការផលិតអាំងស៊ុយលីនឱ្យបានគ្រប់គ្រាន់ ឬកោសិកានៃសារពាង្គកាយប្រើប្រាស់អាំងស៊ុយលីនមិនបានត្រឹមត្រូវ។ ករណីនេះក្នុងឈាមឬក្នុងទឹកនោមអ្នកកើតជំងឺទឹកនោមផ្អែមមានបរិមាណគ្លុយយកូសច្រើន។ ឯក្នុងកោសិកានៃសារពាង្គកាយគ្មានភ្លុយកូសគ្រប់គ្រាន់ទេ។

       ប្រសិនបើមិនមានការព្យាបាលទេ អ្នកមានជំងឺទឹកនោមផ្អែមនឹងស្រកទម្ងន់ មានអារម្មណ៍ថាខ្សោយហើយឃ្លានគ្រប់ពេល។ ក្នុងករណីនេះកោសិកានៃសារពាង្គកាយមិនអាចប្រើប្រាស់ គ្លុយយកូស តាមតម្រូវការ។ មិនតែប៉ុណ្ណោះអ្នកជំងឺនោមញឹកញាប់ហើយឧស្សាហ៍ស្រេកទឹក។ ឥទ្ធិពលដ៏យូរ អែង្វេងរបស់ជំងឺទឹកនោមផ្អែមគឺអាចឱ្យមនុស្សខ្វាក់ តម្រងនោមចុះខ្សោយនិងមានជំងឺបេះដួងទៀតផង។

       រោគសញ្ញានេះត្រូវត្រួតពិនិត្យតាមរយៈការតមអាហារ ការត្រួតពិនិត្យទម្ងន់ និងធ្វើលំហាត់ ប្រាណជាប្រចាំ។

    ជំងឺធាត់ : បណ្តាលមកពីការបរិភោគច្រើនហួសក្នុងរយៈពេលយូរ ។ អ្នកធាត់ហួសបានទទួល ថាមពលពីអាហារច្រើនជាងថាមពលដែលគេបញ្ចេញ។ ខ្លាញ់ក៏បានស្តុកទុកជាច្រើន ហើយមនុស្សក៏ កើនទម្ងន់យ៉ាងខ្លាំង ។ ភាពធាត់ហួសអាចបណ្តាលឱ្យមានជំងឺផ្សេងៗដូចជាជំងឺបេះដូង ជំងឺទឹកនោម ផ្អែម ជំងឺលើសឈាមជាដើម។ ដូចនេះមនុស្សដែលធាត់ហួសគួរជ្រើសរើសរបបអាហារសម្រាប់បរិភោគ ព្រោះការជ្រើសរើស របបអាហារ មានសារប្រយោជន៍ក្នុងការរក្សាលំនឹងសារធាតុចិញ្ចឹមទៅតាមតម្រូវការរបស់សារពាង្គកាយ។

   • ជំងឺលើសឈាម : ជំងឺនេះបណ្តាលមកពីខ្លាញ់នៅក្នុងស្រទាប់សរសៃឈាមអាកទែ លូតលាស់ខ្លាំង។ ស្រទាប់ ខ្លាញ់នេះធ្វើឱ្យភាពយឺតរបស់សរសៃអាកទែថយចុះ ដែលធ្វើឱ្យការបញ្ជូនឈាមពីបេះដូងទៅក្នុង សរសៃអាកទែប្រព្រឹត្តទៅមិនប្រក្រតី ។ សំពាធឈាមនៅក្នុងសរសៃអាកទែក៏កើនឡើង។ ដូចនេះជំងឺលើសឈាមពុំមានន័យថា បរិមាណឈាមកើននោះទេ។ មូលហេតុដែលធ្វើឱ្យមានជំងឺលើសឈាមកើតឡើង គឺការបរិភោគអាហារសម្បូរជាតិខ្លាញ់ និងអាហារប្រៃ។ ការជក់បារី ការផឹកស្រា និងធាត់ហួសក៏នាំឱ្យសំពាធឈាមកើនឡើងដែរ ។

   • ជំងឺបេះដូងនិងសរសៃឈាម : ជំងឺបេះដូង ជាជំងឺមួយដែលច្រើនកើតមានចំពោះមនុស្សចាស់ ហើយគេច្រើននិយាយជាទូទៅ ដោយភ្ជាប់ជាមួយបញ្ហានៃបេះដូងនិងសរសៃឈាម។ ជំងឺនេះកើតមានឡើងដោយសារបញ្ហាជាច្រើន រួមមានបញ្ហាសម្ពាធឈាមឡើងខ្ពស់ ការបាត់បង់ភាពយឺតរបស់សរសៃអាកទែ និងការគាំងបេះដូង ជាដើម ។ បេះដូង ជាសរីរាង្គមួយសំខាន់ក្នុងប្រដាប់របត់ឈាម។ បេះដូងបញ្ជូនឈាមទៅគ្រប់កោសិកាតាមរយៈសរសៃឈាម ហើយឈាមនាំសារធាតុចិញ្ចឹម និងអុកស៊ីសែនទៅចិញ្ចឹមកោសិកា។ ខាងក្រោមនេះជាបញ្ហាដែលបណ្តាលឱ្យកើតជំងឺបេះដូង ។

      +  ការបាត់បង់ភាពយឺតរបស់សរសៃអាកទែ ឬអាកតេរីយ៉ូសក្លេរ៉ូស៊ីស (Arteriosclerosis) បណ្តាល មកពីសរសៃអាកទែឡើងក្រាស់ ហើយមិនមានភាពយឺត ។ ម្យ៉ាងទៀត វាបណ្តាលមកពីមាន ជាតិកូឡេស្តេរ៉ុល ឬខ្លាញ់កកនៅក្នុងសរសៃអាកទែ ដែលនាំឱ្យស្ទះចរន្តឈាម (អាថេរ៉ូសក្លេ រ៉ូស៊ី) (Atherosclerosis) ។ 

      +  ការឈឺចាប់ក្នុងដើមទ្រូងបណ្តាលមកពីបេះដូងមិនបានទទួលឈាមគ្រប់គ្រាន់។ ការគាំងបេះដូង បណ្តាលមកពីការកកស្ទះក្នុងសរសៃឈាម ឬការដាច់សរសៃឈាមដែលធ្វើឱ្យ ឈាមមិនអាចហូរចូលបេះដូងបាន។

      +  ស្ត្រូក (Stroke) បណ្តាលមកពីខួរក្បាលមិនបានទទួលឈាមគ្រប់គ្រាន់ដោយសារការស្ទះឬដាច់ សរសៃឈាម។

       កត្តាសំខាន់បណ្តាលឱ្យកើតជំងឺបេះដូងមាន ការជក់បារី ការលើសទម្ងន់ និងការមិនបានហាត់ប្រាណឱ្យបានទៀតទាត់។

   • ជំងឺមហារីក : ក្នុងលក្ខខណ្ឌធម្មតា កោសិកាថ្មីត្រូវបានកើតឡើងជំនួសកោសិកាចាស់ៗដែលងាប់។ ក្នុងករណីជំងឺមហារីក មានលក្ខណៈខុសគ្នាទាំងស្រុង។ ជំងឺមហារីកជាជំងឺដែលកោសិកា មានលក្ខណៈមិនធម្មតារីកដុះដាលដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ ហើយបំផ្លាញជាលិកាល្អទៀតផង។

       កោសិកាចែកខ្លួនជាបន្តបន្ទាប់។ វាតែងតែបង្កើតដុំមួយមិនប្រក្រតីហៅថា ដុំពក។ គ្រប់ដុំពកទាំងអស់មិនមែនសុទ្ធតែកើតជំងឺមហារីកទេ។ ដុំពកមានជំងឺមហារីករុករាននិងបំផ្លាញជាលិកាល្អៗ ដែលនៅជុំវិញវា។ កោសិកាមហារីកបំបែកដុំពក ហើយចូលទៅក្នុងឈាមនិងសរសៃទឹករងៃ។ ឈាម និងទឹករងៃនាំកោសិកាមហារីកទៅផ្នែកផ្សេងៗទៀតនៃសារពាង្គកាយ ដែលជាកន្លែងចែកចាយនិង បង្កើតដុំពកថ្មី។ បន្ទាប់មកវារីករាលដាលពាសពេញសារពាង្គកាយ។

      +  មូលហេតុដែលបណ្តាលឱ្យមានជំងឺមហារីក : មានកត្តាជាច្រើនផ្សេងៗគ្នា។ កត្តាមួយក្នុងចំណោមកត្តាទាំងនោះ គឺការចម្លងមកពីឪពុកម្តាយ។ សារធាតុនិងកត្តាមួយចំនួនទៀតក្នុងបរិស្ថានក៏អាចបង្កើតជំងឺមហារីកបានដែរ។ ឧទាហរណ៍ ជាតិជ័រក្នុងថ្នាំជក់ កាំរស្មីស្វាយអ៊ុលត្រា...។

      +  ការព្យាបាល : ការវះកាត់ ឱសថ និងកាំរស្មីសុទ្ធតែអាចប្រើប្រាស់ក្នុងការព្យាបាលជំងឺមហារីក។ យើងអាចកំចាត់វាមុនពេលវារីករាលដាលដោយធ្វើការវះកាត់។ ក្រោយពេលវះកាត់ កាំរស្មី និងឱសថអាចនឹងបំផ្លាញកោសិកាមហារីកបាន។

      +  ការបង្ការជំងឺមហារីក : វិធីតែមួយគត់ក្នុងការប្រឆាំងនឹងជំងឺមហារីក គឺការបង្ការ។ គេអាចកាត់ បន្ថយជំងឺមហារីកបានដោយការតមបារីនិងការតមអាហារតាមវិធីបញ្ចុះទម្ងន់។ ការបរិភោគ បន្លែនិងផ្លែឈើច្រើនអាចជួយការពារកុំឱ្យមានជំងឺមហារីកប្រដាប់រំលាយអាហារបាន។

បានកែប្រែចុងក្រោយ: ថ្ងៃព្រហស្បតិ៍ ទី1 ខែកុម្ភៈ ឆ្នាំ2024, 9:47 AM