loader image
Skip to main content
Home
Completion requirements
View

សេចក្តីផ្តើម


       ការលូតលាស់របស់សារពាង្គកាយមួយមិនមែនបណ្តាលមកពីកោសិកាធំធាត់ទេ គឺជាលទ្ធផលនៃកំណើនចំនួនកោសិកាក្នុងសារពាង្គកាយ។

១. មីតូស (Mitosis)


       ចំណែកកោសិកាជាលំនាំដែលកោសិកាមួយបង្កើតបានកោសិកាច្រើន។ ចំណែកកោសិកាមានពីរដំណាក់កាលគឺ មីតូស និង ចំណែកស៊ីតូប្លាស។ 

       • មីតូសគឺជាលំនាំមួយដែលណ្វៃយ៉ូកោសិកាមួយត្រូវបានចែកខ្លួនជាណ្វៃយ៉ូកូនពីរ ហើយណ្វៃយ៉ូនីមួយៗមានចំនួននិងរូបរាងក្រូម៉ូសូមដូចណ្វៃយ៉ូក្នុងកោសិកាមេ។ 

       • ចំណែកកោសិកាមានសារៈសំខាន់ដូចជា រ៉ាប់រងកំណើនចំនួនកោសិកា និងរក្សាព័ត៌មានសេនេទិច។ ក្រូម៉ាទីតពីរដូចគ្នាបេះបិទស្ថិតនៅជាប់នឹងគ្នាបង្កឡើងពីការស្វ័យដំឡើងទ្វេនៃក្រូម៉ូសូម។ ក្រូម៉ាទីតពីរជាប់គ្នាដោយសារសង់ត្រូមែ។

១.១. វដ្តកោសិកា (Cell Cycle)

   ក. ចន្លោះវគ្គ


       គេចែកវដ្តកោសិកាជាពីរដំណាក់កាលគឺ ចន្លោះវគ្គ និងចំណែកកោសិកា។ វគ្គដែលកោសិកាលូតលាស់មុននិងចែកខ្លួន។ ចន្លោះវគ្គចែកចេញជាវគ្គតូចៗដូចជា៖ វគ្គ G1 (Gap1) វគ្គ S (Synthesis) និងវគ្គ G2 (Gap2) ។ វគ្គ G1 និង G2 ជាវគ្គដែលកោសិកាលូតលាស់ដើម្បីត្រៀមខ្លួនធ្វើចំណែក។ ឯវគ្គ S ជាវគ្គដែល ADN ស្វ័យដំឡើងទ្វេ។

   ខ. ចំណែកផ្សេងៗនៃមីតូស 


       មីតូសចែកជា ៤ វគ្គបន្តបន្ទាប់គឺ៖
       • ប្រូផាស
       • មេតាផាស
       • អាណាផាស
       • តេឡូផាស។

ប្រូផាស (Prophase)


       មានរយៈពេលវែងជាងគេ 15-60 នាទី។ ក្រូម៉ូសូមលេចរូបរាងច្បាស់ដោយក្រូម៉ាទីនរួញខ្លីកាន់តែខ្លាំងឡើងៗ មានការកកើតត្រយ៉ូងអាក្រូម៉ាទិច។ សង់ត្រូសូមចាប់ផ្តើមដំឡើងទ្វេបង្កើតបានជាសង់ត្រូសូមកូនពីរ។ ភ្នាសណ្វៃយ៉ូ និងនុយក្លេអូលរលាយបាត់។

   ♦ មេតាផាស (Metaphase)


       មានរយៈពេលខ្លីតែ 2-3 នាទី។ ក្រូម៉ូសូមទាំងអស់ប្រមូលផ្តុំគ្នានៅអេក្វាទ័រនៃត្រយ៉ូងអាក្រូម៉ាទិចក្នុងប្លង់តែមួយ បង្កើតបានជាបន្ទះអេក្វាទ័រ។ ក្រូម៉ូសូមលេចរូបរាងច្បាស់ជាងវគ្គដទៃ។

   ♦ អាណាផាស (Anaphase)


       វគ្គនេះក៏មានរយៈពេលខ្លីដែរគឺតែ 2-3 នាទី។ សរសៃក្រូម៉ូសូម (កើតពីប្រូតេអ៊ីន) ដែលភ្ជាប់សង់ត្រូមែទៅប៉ូលទាំងពីររួញខិតទៅកាន់ប៉ូលទាំងពីររៀងៗខ្លួន។ ក្រូម៉ាទីតបងប្អូនត្រូវបែកចេញពីគ្នាទៅកាន់ប៉ូលដោយចំណែកសង់ត្រូមែ។

   ♦ តេឡូផាស (Telophase)


       ប៉ូលនីមួយៗក្រូម៉ូសូមគរលើគ្នា។ ភ្នាសណ្វៃយ៉ូកកើត ហើយរុំព័ទ្ធក្រុមក្រូម៉ូសូមកូន ហើយត្រយ៉ូងអាក្រូម៉ាទិចរលាយបាត់។ ក្រូម៉ូសូមរលា ហើយក្លាយជាក្រូម៉ាទីន បន្ទាប់មកវាបាត់រូបរាងបន្តិចម្តងៗ។


       តាមចំណែកមីតូសណ្វៃយ៉ូនៃកោសិកាមេមួយចែកខ្លួនបានណ្វៃយ៉ូកូនពីរ។ ណ្វៃយ៉ូកូននីមួយៗមានចំនួន និងរូបរាងក្រូម៉ូសូមដូចគ្នា ហើយដូចទៅនឹងកោសិកាមេ។ ចំណុចសំខាន់នៅក្នុងលំនាំនេះគឺនៅចន្លោះវគ្គមានបាតុភូតស្វ័យដំឡើងទ្វេ ADN និងនៅវគ្គអាណាផាសមានការចែកក្រូម៉ូសូមស្មើគ្នាទៅកាន់ប៉ូលទាំងពីរ។

១.២. ចំណែកស៊ីតូប្លាស (Cytokinesis)   

  

កោសិកាសត្វ


កោសិការុក្ខជាតិ

       ចំពោះកោសិកាសត្វចំណែកស៊ីតូប្លាសប្រព្រឹត្តទៅដោយការស្តួចនៃផ្នែកកណ្តាលនៅត្រង់ចន្លោះណ្វៃយ៉ូកូនទាំងពីរដែលបង្កើតបានជាកោសិកាកូនពីរ។ ចំពោះកោសិការុក្ខជាតិ ចំណែកស៊ីតូប្លាសប្រព្រឹត្តទៅដោយការលេចឡើងនូវ បន្ទះកោសិកាត្រង់ប្លង់អេក្វាទ័រដែលនៅចន្លោះណ្វៃយ៉ូកូនទាំងពីរ។

១.៣. ទីតាំងមីតូស (Locations of Mitosis) 

       ចំពោះរុក្ខជាតិ ការសង្កេតរកកោសិកាកំពុងធ្វើមីតូសមានភាពងាយស្រួលព្រោះការលូតលាស់របស់រុក្ខជាតិប្រព្រឹត្តទៅនៅតំបន់មេជាលិកាដែលស្ថិតនៅចុងឫសនិងពន្លកដើម។ ចំពោះសត្វវិញមីតូសប្រព្រឹត្តទៅលើគ្រប់កោសិកាលូតលាស់នៃសរីរាង្គទាំងអស់លើកលែងតែកោសិកាសាច់ដុំកោសិកាប្រសាទ និងគោលិកាក្រហម។ កោសិកាទាំងនេះមិនចែកខ្លួនតាមមីតូសទេ ហេតុនេះហើយកាលណាកោសិកាទាំងនោះស្លាប់មីតូសមិនអាចបង្កើត កោសិកាថ្មីៗ ដើម្បីជំនួសកោសិកាស្លាប់ឡើយ។

១.៤. នាទីមីតូស (Functions of Mitosis) 

       ចំពោះសារពាង្គកាយពហុកោសិកាមីតូសធានាការលូតលាស់នៃសារពាង្គកាយ ដោយបង្កើនចំនួនកោសិកា។បង្កើតកោសិកាកោសិកាថ្មីៗ ដើម្បីជួសជុលកោសិកាចាស់ដែលបាត់បង់។ ថែរក្សាព័ត៌មានសេនេទិច គឺរក្សាចំនួន រូបរាងក្រូម៉ូសូមឱ្យនៅថេរដដែរ។ ចំពោះសារពាង្គកាយឯកកោសិកាដូចជាអាមីបជាដើម មីតូសធានាបង្កើតអាមីបថ្មី។

២. ឯកទេសកម្មជាលិកា សរីរាង្គ និង ប្រព័ន្ធ (ប្រដាប់) 


       ការលូតលាស់នៃសារពាង្គកាយបានមកពីចំណែកកោសិកា។ ឯកទេសកម្មនៃកោសិកាគឺជាដំណើរបំលែងពីកោសិកាដែលមិនទាន់មានឯកទេស (មុខងារ) ឱ្យទៅជាមានលក្ខណៈឯកទេស។កោសិកាមួយមានឯកទេសកម្ម មានន័យថាកោសិកានោះបំពេញមុខងារមួយច្បាស់លាស់នៅក្នុងសារពាង្គកាយ។


       ឧទាហរណ៍៖ កោសិកាសាច់ដុំមានឯកទេសក្នុងការធ្វើចលនាកោសិកាក្រពេញទឹកមាត់បង្កើតអង់ស៊ីមអាមីឡាសក្នុងទឹកមាត់។ តើរូបផ្គុំរបស់សារពាង្គកាយមានប៉ុន្មានកម្រិត? អ្វីខ្លះ?

​   ក. កោសិកា(Cells)

កោសិកាជាធាតុបង្ករបស់សារពាង្គកាយ។ ពួកវាខុសគ្នាដោយសារទំហំ និងមុខងារ។


   ខ. ជាលិកា (Tissue)

       ជាលិកាជាក្រុមកោសិកាដូចគ្នាដែលធ្វើការរួមគ្នាដើម្បីបំពេញមុខងាររួម។ នៅក្នុងសារពាង្គកាយមានជាលិកាច្រើនប្រភេទដូចជា ជាលិកាអេពីតេល្យូម (Epithelial Tissue)  ជាលិកាសន្ធាន (Connective Tissue) ជាលិកាសាច់ដុំ (Muscle Tissue) ជាលិកាប្រសាទ (Nervous Tissue) ។


   គ. សរីរាង្គ (Organ)


       ជាថង់ឬបំពង់សំប៉ែតដែលស្ថិតនៅក្បែរណ្វៃយ៉ូ។ មាននាទីកែច្នៃប្រូតេអ៊ីន និងវេចខ្ចប់ជាថ្មី រួចបញ្ជូនទៅក្រៅកោសិកាតាមភ្នាសកោសិកា។ ឧទាហរណ៍៖ សាច់ដុំបង្កឡើងដោយជាលិកាសាច់ដុំ ជាលិកាប្រសាទ ជាលិកាសន្ធាន។ ជាលិកាទាំងនេះបំពេញមុខងាររួមគ្នា ដើម្បីឱ្យសាច់ដុំបំពេញនាទីរបស់វា (ធ្វើចលនា និងបំលាស់ទី) ។

   ឃ. ប្រព័ន្ធសរីរាង្គ (ប្រដាប់) Organ systems


       ប្រព័ន្ធសរីរាង្គជាសរីរាង្គមួយក្រុមធ្វើការរួមគ្នាដើម្បីបំពេញមុខងារមួយ។ នៅក្នុងសារពាង្គកាយមានប្រព័ន្ធសរីរាង្គច្រើនដូចជា ប្រព័ន្ធរបត់ឈាម ប្រព័ន្ធសាច់ដុំ ប្រព័ន្ធរំលាយអាហារ...។ ឧ.ប្រដាប់រំលាយអាហារ កើតពីសរីរាង្គច្រើនដូចជា មាត់  បំពង់អាហារ ក្រពះ លំពែង ថ្លើម ពោះវៀន.... ដែលមាននាទីរំលាយអាហារ។

Last modified: Wednesday, 31 January 2024, 4:36 PM