loader image
Skip to main content
Home
Completion requirements
View

សេចក្តីផ្តើម

       ភាវៈរស់ទាំងអស់ត្រូវការអាហារ។ ការបរិភោគអាហារមានសារធាតុចិញ្ចឹមផ្សេងៗមានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់ ថាមពល សុខភាព និងបំពេញតម្រូវការក្នុងសកម្មភាពមេតាបូលីស។ តើអាហារប្រភេទណាខ្លះដែលល្អសម្រាប់សុខភាព? តើសារធាតុចិញ្ចឹមទាំងនោះមានអ្វីខ្លះ?

១. សារធាតុចិញ្ចឹមក្នុងអាហារ

       មនុស្សក៏ដូចជាសត្វដែរ ជាភាវៈរស់បរជីពដែលតែងតែបរិភោគភាវៈរស់ដទៃទៀតជាអាហារ។ ហេតុអ្វីបានជាភាវៈរស់ត្រូវការអាហារ? ព្រោះអាហារមានផ្ទុកសារធាតុចិញ្ចឹម។ សារធាតុចិញ្ចឹមជា សារធាតុដែលសារពាង្គកាយត្រូវការជាចាំបាច់សម្រាប់ការលូតលាស់ ការជួសជុលកោសិកាចាស់ៗ ការផ្តល់ថាមពល ការបន្តពូជ និងការទ្រទ្រង់រាងកាយឱ្យមានសុខភាពល្អប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ។ 

       ♦ សារធាតុចិញ្ចឹមមាន
     • គ្លុយស៊ីត
​     • លីពីត 
     • ប្រូទីត 
     • ទឹក 
     • អំបិលខនិជ 
     • និងវីតាមីន
សារធាតុទាំងនេះមានក្នុងអាហារ។

១.១. គ្លុយស៊ីត


       គ្លុយស៊ីតជាសមាធាតុសរីរាង្គផ្សំឡើងដោយ C H O ។ ស្ករងាយរបស់គ្លុយស៊ីត គឺគ្លុយកូស ព្រុចតូស និងកាឡាក់តូស។ វាមានរូបមន្តរួមគឺ C6H12O6  ។ គេហៅស្ករងាយទាំងនោះថា ម៉ូណូសាការីត។ វាមាននៅក្នុងទឹកផ្លែឈើទឹកឃ្មុំ និងបន្លែខ្លះ។ បណ្ដុំស្ករងាយពីរឬម៉ូណូសាការីតពីរបង្កើតបានជាឌីសាការីត ដែលមានម៉ាល់តូស (ស្ករក្នុងតាប៉ែ) សាការ៉ូស (ស្ករអំពៅ) ឡាក់តូស (ស្ករទឹកដោះគោ)។ម៉ូណូសាការីតច្រើនតគ្នាជាច្រវ៉ាក់វែងបង្កើតបានជា ប៉ូលីសាការីត។ ស្ករលើសដែលស្តុកទុកក្នុងសត្វនិងរុក្ខជាតិជាប៉ូលីសាការីត។ ប៉ូលីសាការីតសំខាន់ៗរបស់រុក្ខជាតិគឺអាមីដុងនិងសែលុយឡូស។ អាមីដុង ជាគ្លុយស៊ីតសំខាន់ក្នុងរបបអាហាររបស់មនុស្ស។ ពោត ចេក អង្ករ ដំឡូងបារាំង សម្បូរអាមីដុង។ អាមីដុងត្រូវបំបែកជាឌីសាការីត (ម៉ាល់តូស) បន្ទាប់មកជាម៉ូណូសាការីត (គ្លុយកូស) ។ សែលុយឡូសជាប៉ូលីសាការីតដែលបង្កើតភ្នាសកោសិការុក្ខជាតិ។ ចំពោះមនុស្ស ការបរិភោគសែលុយឡូសមិនអាចផ្ដល់ថាមពលទេ ប៉ុន្តែវាមាននាទីសំខាន់សម្រាប់ភ្ញោចសាច់ដុំបំពង់រំលាយអាហារកាត់បន្ថយជំងឺពោះវៀនធំនិងមហារីកចុងពោះវៀន ពោលគឺ វាជួយសម្រួលការបន្ទោបង់លាមក។ សត្វស្តុកអាមីដុងក្នុងកោសិកាថ្លើមនិងកោសិកាសាច់ដុំក្រោមទម្រង់ជាគ្លីកូសែន។

១.២. លីពីត


       ការបរិភោគខ្លាញ់ក្នុងបរិមាណសមស្របមានសារៈសំខាន់សម្រាប់សុខភាពល្អ ដូចជាសារធាតុចិញ្ចឹមដទៃទៀតដែរ។ ខ្លាញ់ជួយសម្រួលមុខងារផ្សេងៗក្នុងសារពាង្គកាយឲ្យប្រសើរឡើងដូចជា ការស្តុកថាមពល រំលាយវីតាមីន និងបង្កើតប្រូតូប្លាស។ ស្រទាប់ខ្លាញ់នៅក្រោមស្បែកជួយការពារស្បែក ប្រឆាំងនឹងបំលាស់ប្ដូរសីតុណ្ហភាពក្នុងបរិស្ថាន។ដូចគ្លុយស៊ីតដែរ លីពីតដែលជាផ្នែកមួយរបស់ខ្លាញ់ ជាសមាសធាតុសរីរាង្គបង្កឡើងដោយ C H O ។ លីពីតកើតពីគ្លីសេរ៉ុលមួយម៉ូលេគុលនិងអាស៊ីតខ្លាញ់បីម៉ូលេគុល។ អាស៊ីតខ្លាញ់មានពីរប្រភេទ គឺអាស៊ីតខ្លាញ់ឆ្អែតនិងអាស៊ីតខ្លាញ់មិនឆ្អែត។ លីពីតកើតពីអាស៊ីតខ្លាញ់ឆ្អែតហៅថា លីពីតឆ្អែត (ខ្លាញ់ ក្រមួន)។វាតែងកកជានិច្ចនៅសីតុណ្ហភាពធម្មតា (ប្រហែល 20°C) ។ លីពីតឆ្អែត ផ្ដល់គ្រោះថ្នាក់ដល់សុខភាពមនុស្ស។ កាលណាវាមានបរិមាណច្រើននៅក្នុងសរសៃឈាមនិងព័ទ្ធជុំវិញបេះដូង។ វាប្រមូលផ្ដុំជាលីពីតម្យ៉ាងហៅថា កូឡេស្តេរ៉ូល ដែលបង្កជំងឺដល់ប្រដាប់របត់ឈាម។ ផ្ទុយទៅវិញកូឡេស្តេរ៉ូលក៏មាននាទីសំខាន់ក្នុងកោសិកានៃសារពាង្គកាយដែរ។ ថ្លើមបានផលិតកូឡេស្តេរ៉ូលដែលកោសិកាត្រូវការ ដូចនេះតម្រូវការវានៅក្នុងអាហារ គឺមិនចាំបាច់ឡើយ។ លីពីតកើតពីអាស៊ីតខ្លាញ់មិនឆ្អែតហៅថា លីពីតមិនឆ្អែត (ប្រេងធញ្ញជាតិ) ។ លីពីតប្រភេទនេះមិនកកទេ ហើយក៏មិនប៉ះពាល់ដល់សុខភាពដែរ។ ដូចនេះគួរគប្បីបរិភោគប្រេងជំនួសខ្លាញ់វិញ។

១.៣. ប្រូតេអ៊ីន


       ប្រូតេអ៊ីន ជាសមាសធាតុសរីរាង្គផ្សំឡើងដោយ C H O N ។ ធាតុបង្ករបស់ប្រូតេអ៊ីន គឺអាមីណូអាស៊ីត។ អាមីណូអាស៊ីតមានប្រហែល 20 ប្រភេទ ដែលបង្កើតបានប្រូតេអ៊ីនច្រើនប្រភេទរាប់មិនអស់។ប្រូតេអ៊ីនមាននាទីសំខាន់ណាស់។ វាជាធាតុបង្ករបស់ប្រូតូប្លាស ធានានូវការលូតលាស់ ការសាងសង់ និងជួសជុលកោសិកាចាស់ៗ ។ ប្រូតេអ៊ីនបង្កើតអង់ស៊ីមនិងអរម៉ូន។ប្រូតេអ៊ីនខ្លះមានមុខងារបង្កើតអង់ទីករនិងដឹកនាំអុកស៊ីសែនក្នុងឈាម។ សារពាង្គកាយអាចផលិតអាមីណូអាស៊ីត 10 ប្រភេទ។ ឯអាមីណូអាស៊ីតប្រហែល 10 ប្រភេទទៀត ហៅថា អាមីណូអាស៊ីតគ្រឹះ ដែលសារពាង្គកាយមិនអាចសំយោគបានទេ គឺត្រូវយកពីររបបអាហារប្រចាំថ្ងៃ។ អាមីណូអាស៊ីតគ្រឹះទាំងនេះមាននាទីសំខាន់ណាស់ក្នុងសំយោគប្រូតេអ៊ីន។ វាមាននៅក្នុងសាច់ត្រី បក្សី សាច់គោ ស៊ុត និងទឹកដោះ។ ប្រូតេអ៊ីនណាមានអាមីណូអាស៊ីតគ្រឹះទាំង 10 ប្រភេទ ហៅថា ប្រូតេអ៊ីនពេញលេញ។ អាហាររុក្ខជាតិតែមួយប្រភេទ មិនផ្ដល់អាមីណូអាស៊ីតគ្រឹះទាំងអសទេ។ គេហៅវាថា ជាប្រូតេអ៊ីនមិនពេញលេញ។ ដូចនេះគេត្រូវហូបអាហាររុក្ខជាតិចម្រុះឲ្យបានច្រើនប្រភេទ។ បន្លែ សណ្ដែកសៀង សណ្ដែកដី ជាប្រភពផ្ដល់ប្រូតេអ៊ីនយ៉ាងប្រសើរបំផុត។ ចំពោះមនុស្សចាស់ ដើម្បីឲ្យមានសុខភាពល្អ ការបរិភោគសាច់ត្រូវកាត់បន្ថយ ហើយត្រូវបរិភោគប្រូតេអ៊ីនដែលមានប្រភពពីរុក្ខជាតិជំនួសវិញ។

១.៤. ទឹក 


       ទឹកជាសារធាតុចិញ្ចឹមសំខាន់បំផុត។ មនុស្សអាចស្លាប់ដោយគ្មានទឹកឆាប់ជាងការស្លាប់ដោយគ្មានអាហារ។ ទឹកមិនផ្ដល់ថាមពលទេ។ ទឹកមានបរិមាណច្រើនជាងសមាសធាតុដទៃទៀតនៃទម្ងន់សារពាង្គកាយ។ ប្លាស្មាដែលជាផ្នែកមួយនៃឈាមមានទឹក 90% ។ ទឹកជួយឲ្យប្រតិកម្មគីមីក្នុងសារពាង្គកាយប្រព្រឹត្តទៅបានល្អ។ វាជាធាតុបង្ករបស់ប្រូតូប្លាសនិងជាសារធាតុរំលាយសម្រាប់អង់ស៊ីម អាហារនិងសារធាតុពុលផ្សេងៗព្រមទាំងជួយតម្រូវសីតុណ្ហភាពក្នុងរាងកាយ។ សារធាតុពុលផ្សេងៗរលាយក្នុងទឹកនោម ហើយបញ្ចេញមកក្រៅ។ ពេលអ្នកហាត់ប្រាណ ឬធ្វើការធ្ងន់ ក្រពេញញើសបញ្ចេញជាតិទឹក (ញើស) ពីជាលិកាដើម្បីផ្សើមស្បែកនិងធ្វើឲ្យរាងកាយត្រជាក់។ ពេលអ្នកដកដង្ហើមចេញទឹកត្រូវបានបញ្ចេញពីសួតតាមមាត់និងស្រមុះ។ ដូចនេះទឹកត្រូវបាត់បង់ពីរាងកាយជារៀងរាល់ថ្ងៃ។ ការបាត់បង់ទឹកនេះត្រូវជំនួសមកវិញដោយការផឹកទឹកនិងការបរិភោគអាហារ។ បើមិនដូច្នេះទេ ឈាមក្នុងខ្លួនឡើងខាប់ ហើយការប្រព្រឹត្តទៅរបស់កោសិកានឹងសត្រូវអាក់ខាន។ ឧទាហារណ៍ អ្នកដែលកើតជំងឺរាគមួលខ្លាំង ត្រូវរងការបាត់បង់ទឹកយ៉ាងច្រើន ដូចនេះអ្នកជំងឺត្រូវបញ្ចូលទឹកឲ្យទាន់ពេល  ទើបអាចជៀសវាងពីគ្រោះថ្នាក់ដែលអាចបណ្ដាលឲ្យស្លាប់បាន។

១.៥ អំបិលខនិជឬអំបិលរ៉ែ


       អំបិលខនិជ ជាសមាសធាតុអសរីរាង្គដែលរាងកាយត្រូវការជាចាំបាច់ក្នុងបរិមាណតិចតួច។ ឧទាហរណ៍ អេម៉ូក្លូប៊ីន ដែលជាប្រូតេអ៊ីនក្នុងគោលិកាក្រហមមានជាតិដែក 4 អាតូមសម្រាប់ភ្ជាប់ជាមួយអុកស៊ីសែន។ ADN ARN ATP ផ្ទុកផូស្វ័រ។ កាលស្យូម ជារ៉ែដែលបង្កើតសមាសភាពធ្មេញនិងឆ្អឹង ហើយមាននាទីក្នុងកំណកឈាម។ បើគ្មានម៉ាញ៉េស្យូមនិងរ៉ែផ្សេងៗទៀតទេ ជាលិកាប្រសាទនិងកោសិកាសាច់ដុំមិនអាចដំណើរការបានឡើយ។ កង្វះជាតិអ៊ីយ៉ូតធ្វើឲ្យកើតជំងឺពកក។ ទោះបីរាងកាយមិនបានបំផ្លាញជាតិរ៉ែក៏ដោយ ក៏ជាតិរ៉ែត្រូវបាត់បង់ពីរាងកាយទៅតាមញើស ទឹកនោម និងជាតិពុលផ្សេងៗ។ ដូចនេះគេត្រូវបរិភោគជាប្រចាំនូវអំបិលខនិជ ឬរ៉ែ ដែលមាននៅក្នុងអាហារ។ បន្លែ ផ្លែឈើមានគ្រាប់ សាច់ ស៊ុត ទឹកដោះគោ ប្រូម៉ា មានជាតិដែក កាល់ស្យូម ម៉ាញ៉េស្យូម សូដ្យូមក្លរួ និងជាតិរ៉ែដទៃទៀត។ អ៊ីយ៉ូតមានក្នុងអាហារសមុទ្រ។ អំបិលយកបានពីសមុទ្រផ្ទាល់មានអ៊ីយ៉ូតគ្រប់គ្រាប់សម្រាប់រាងកាយ។ ប៉ុន្តែដោយចង់ឲ្យអំបិលមានពណ៌សម៉ដ្ឋ លំនាំផលិតកម្មឧស្សាហកម្មបានបំផ្លាញអ៊ីយ៉ូតស្ទើរតែអស់ពីអំបិលទាំងនោះ។ ហេតុនេះហើយ ឥឡូវនេះគេនាំគ្នាបញ្ចូលអ៊ីយ៉ូតទៅក្នុងអំបិលវិញ។

១.៦. វីតាមីន(ឬជីវជាតិ)


       តើអ្នកដឹងទេ នៅក្នុងមជ្ឈឹមសម័យ (សតវត្សទី5-14) មានទាហានជើងទឹកដែលរស់នៅច្រើនខែលើនាកើតជំងឺយ៉ាងធ្ងន់ធ្ងរ។ ពួកគេមានអញ្ចាញធ្មេញហើមហើយហូរឈាម ធ្មេញជ្រុះ សន្លាក់ហើមហើយឈើ។ ក្រោយមកមាននាវឹកជាតិអង់គ្លេសម្នាក់ឈ្មោះ ហាវគីន (Hawkin) បានរកឃើញមូលហេតុជំងឺនេះនៅពេលដែលគាត់ឲ្យទាហានរបស់គាត់បរិភោគផ្លែឈើ ជាពិសេសក្រូចឆ្មារនិងបន្លែស្រស់។កូនទាហានរបស់គាត់ក៏ជាសះស្បើយពីជំងឺទាំងនោះ។ ដូចនេះជំងឺខាងលើបណ្ដាលមកពីកង្វះវីតាមីនជាពិសេសវីតាមីន C ។

       ក៏ដូចទឹកនិងរ៉ែដែរ វីតាមីនជាសារធាតុចិញ្ចឹមមិនផ្ដល់ថាមពលទេ។ វីតាមីនជាម៉ូលេគុលសុំាំញុំាដែលសារពាង្គកាយត្រូវការក្នុងបរិមាណតិចតួច តែវាមាននាទីសរីរៈយ៉ាងសំខាន់ក្នុងនាទីជាកាតាលីករដែលជួយអង់ស៊ីមក្នុងប្រតិកម្មគីមីផ្សេងៗ។  បើគ្មានវីតាមីនជាជំនួយទេ អង់ស៊ីមមិនអាចបំពេញនាទីរបស់វាបានឡើយ។ វាមិនអាចជួយឲ្យសារពាង្គកាយលូតលាស់ ហើយរឹងមាំបានទេ។ ទោះបីវាចាំបាច់មិនអាចអត់បានក៏ដោយក៏ការបរិភោគវីតាមីននិមិត្តមិនអាចជំនួសវីតាមីនក្នុងអាហារបានឡើយ។ វីតាមីននីមួយៗមានមុខងារខុសៗគ្នា។ ឧទាហរណ៍  វីតាមីន A ជួយដល់ភ្នែក និងឆ្អឹង វីតាមីន K ជួយដល់កំណកឈាម វីតាមីន C ការពារប្រឆាំងនឹងការបង្ករោគឈាមអញ្ចាញធ្មេញនិងធ្វើឲ្យមានជម្រាបធាតុដែកនិងវីតាមីន B12 បង្កើតគោលិកាក្រហម។ ជាទូទៅសារពាង្គកាយមិនអាចផលិតវីតាមីនបានទេលើកលែងវីតាមីនខ្លះដូចជាមីតាមីន D ដែលត្រូវបានបង្កើតក្នុងស្បែកដោយពន្លឺព្រះអាទិត្យនៅពេលព្រឹក។ វីតាមីនបានមកពីរបបអាហារ ជាពិសេសនៅក្នុងផ្លែឈើស្រស់បន្លែបៃតង គ្រាប់ធញ្ញជាតិ ត្រី សាច់ ស៊ុត ថ្លើម។ គេចែកវីតាមីនជាពីរប្រភេទ គឺ វីតាមីនរលាយក្នុងខ្លាញ់ (វីតាមីន K E D និង A) ដែលស្តុកទុកក្នុងខ្លាញ់ក្រោមស្បែកសម្រាប់ប្រើប្រាស់ថ្ងៃក្រោយនិងវីតាមីនរលាយក្នុងទឹក (វីតាមីនB និង C) ដែលត្រូវផ្គត់ផ្គង់ជាប្រចាំក្នុងរបបអាហារ។ ក្នុងការណែនាំនៃពីរ៉ាមីតអាហារគេបានចែកអាហារជា 6 ក្រុម។ រូបខាងស្ដាំនេះបង្ហាញពីការប្រើប្រាស់អាហារក្នុងក្រុមនីមួយៗ ដើម្បីធានារបបអាហារផ្ដល់សុខភាពល្អ។

២. ថាមពលក្នុងអាហារ


       សារពាង្គកាយត្រូវការថាមពលសម្រាប់លំនាំជីវិតផ្សេងៗ។ ថាមពលទាំងនោះស្តុកទុកក្នុងអាហារ។ ការបំបែកតាមបែបគីមីនៃគ្លុយស៊ីត លីពីត ប្រូតេអ៊ីន ក្នុងលំនាំដង្ហើមកោសិកាផ្ដល់ថាមពល។ បរិមាណអាហារដែលផ្ដល់ឲ្យនិងបរិមាណថាមពលដែលទទួលបានពីដង្ហើមកោសិកា (អុកស៊ីតកម្មឬចំហេះសព្វ) គឺស្មើគ្នា។ 

       គ្លុយស៊ីតជាប្រភពថាមពលដ៏សំខាន់។ ក្នុងប្រដាប់រំលាយអាហារ គ្លុយស៊ីតត្រូវបំបែកជាគ្លុយកូស ហើយសាយចូលក្នុងកោសិកា។ ក្នុងទីនោះដំណើរអុកស៊ីតកម្មប្រព្រឹត្តទៅតាមលំដាប់ប្រតិម្មគីមីជាច្រើន ក្រោមអំពើរបស់អង់ស៊ីម។

ដំណើរនេះអាចសង្ខេមតាមរបៀបខ្លីដូចតទៅ

       ថាមពលដែលទទួលបានត្រូវស្តុកទុកក្នុងកោសិកាក្រោមទម្រង់ជា ATP ADP និង AMP ។ ថាមពលនេះ ត្រូវប្រើប្រាស់ដោយផ្ទាល់។

 ATP (អាដេណូស៊ីនឌីផូស្វាត) = 1 ម៉ូ. អាដេនីន + 1 ម៉ូ.ស្កររីបូស + 3 ម៉ូ.អាស៊ីតផូស្វរិច
 ADP (អាដេណូស៊ីនឌីផូស្វាត) = 1 ម៉ូ. អាដេនីន + 1 ម៉ូ.ស្កររីបូស + 2 ម៉ូ.អាស៊ីតផូស្វរិច
 AMP (អាដេណូស៊ីនឌីផូស្វាត) = 1 ម៉ូ. អាដេនីន + 1 ម៉ូ.ស្កររីបូស + 1 ម៉ូ.អាស៊ីតផូស្វរិច

       កាលណាសារពាង្គកាយត្រូវការប្រើប្រាស់ថាមពល ATP ដែលស្តុកទុកត្រូវបានបំបែកជា ADP ដោយផ្ដាច់មួយម៉ូលេគុលអាស៊ីតផូស្វរិចឬផ្ដាច់ 2 ម៉ូលេគុលអាស៊ីតផូស្វរិចបង្កើតជា AMP ។  រាល់ពេលផ្ដាច់មួយម៉ូលេគុលអាស៊ីតផូស្វរិច វាបញ្ចេញថាមពល 10000cal ។ AMP ក៏អាចផ្សំជាមួយអាស៊ីតផូស្វរិចមួយម៉ូលេគុលដើម្បីបង្កើតជា ADP ឬផ្សំ 2ម៉ូលេគុលអាស៊ីតផូស្វរិកបានជា ATP វិញបានដែរ។ ឧបករណ៍សម្រាប់វាស់ថាមពលគឺ កាឡូរីម៉ែត។ ខ្នាតសម្រាប់វាស់ថាមពលគឺ កាឡូរី (cal) ។ កាឡូរីជាឯកតានៃកម្ដៅ។ មួយកាឡូរី គឺជាបរិមាណកម្ដៅដែលត្រូវការដើម្បីបង្កើនសីតុណ្ហភាពទឹក 1g នៅសីតុណ្ហភាព 10C ។ ឯស៊ូល (Joule) ជាខ្នាតក្នុងប្រព្រ័ន្ធអន្តរជាតិសម្រាប់វាស់ថាមពល។ 1 cal ≈ 4.2J ,1 kcal ≈ 4.2kJ

       អាហារសរីរាង្គដែលសម្បូរថាមពល ផ្ដល់តម្លៃថាមពលខុសៗគ្នា។ គ្លុយស៊ីត 1g ឆេះអស់ផ្ដល់ថាមពល 16kj នេះជាតម្លៃថាមពលរបស់គ្លុយស៊ីត។ តម្លៃថាមពលរបស់ប្រូតេអ៊ីនគឺ 17kJ/g ។ លីពីតមានតម្លៃថាមពល 38 kJ/g ។ តម្រូវការថាមពល អាយុ ភេទ របៀបរស់នៅ និងលក្ខខណ្ឌនៃសារពាង្គកាយជាកត្តាដែលមានឥទ្ធិពលទៅលើតម្រូវការថាមពលប្រចាំថ្ងៃ។ ជាទូទៅក្មេងត្រូវការថាមពលច្រើនជាងមនុស្សចាស់។ បុរសត្រូវការថាមពលច្រើនជាងស្រ្តី។ អ្នកធ្វើការច្រើនត្រូវការថាមពលច្រើនជាងធ្វើការតិច។

តារាងទី១ តើមានអ្វីកើតឡើង កាលណាថាមពលដែលទទួលបាននិងថាមពលដែលប្រើប្រាស់គ្មានតុល្យភាព?

ថាមពលដែលទទួលបាន

ថាមពលដែលប្រើប្រាស់

លទ្ធផល

3000 cal

3000 cal

គ្មានបម្រែបម្រួលម៉ាសសារពាង្គកាយ

3000 cal

1500 cal

កើនម៉ាស សាង្គកាយ (ធាត់)

150 cal

3000 cal

ថយម៉ាស សារពាង្គកាយ (ស្គម)

Last modified: Thursday, 1 February 2024, 8:46 AM