loader image
រំលងទៅកាន់មាតិកាមេ
ដើម
តម្រូវការសម្រាប់ការបញ្ចប់
មើល

១. សរីរាង្គផ្សេងៗរបស់រុក្ខជាតិមានសរសៃនាំ

   • ប្ញស : ជាផ្នែកមួយនៃរុក្ខជាតិដែលមាននាទីភ្ជាប់រុក្ខជាតិទៅនឹងដី ស្រូបទឹក អំបិលខនិជរលាយក្នុងដីទៅដើមនិងស្លឹក និងស្តុកទុកផលិតផលនៃរស្មីសំយោគ។

   • ដើម : មាននាទីដឹកនាំទឹកនិងសារធាតុខនិជពីប្ញសទៅផ្នែកផ្សេងៗ ដឹកនាំសារធាតុសរីរាង្គពីស្លឹកទៅកាន់ផ្នែកផ្សេងៗមិនអាចធ្វើរស្មីសំយោគ ផ្ទុកសារធាតុបម្រុង ហើយដើមមួយចំនួនវាអាចធ្វើរស្មីសំយោគបាន។

   • ស្លឹក : ស្លឹកច្រើនមានរាងសំប៉ែតចំពោះរុក្ខជាតិមានសរសៃនាំ ព្រោះអាចឱ្យពន្លឺចាំងចូលបានច្រើនក្នុងពេលធ្វើរស្មីសំយោគ និងមាននាទីផលិតសារធាតុសរីរាង្គទៅឱ្យគ្រប់ផ្នែកផ្សេងៗ របស់រុក្ខជាតិ។

២. ប្រភេទផ្សេងៗនៃប្ញស

       តើប្ញសលូតលាស់មានប៉ុន្មានប្រភេទ? អ្វីខ្លះ? មាន៣ប្រភេទគឺ៖ ប្ញសស្នឹង ប្ញសស្ញែ ប្ញសព្រយោង។


   • ប្ញសស្នឹង : ជាប្ញសកែវដែលធំជាងគេ មានសាច់ច្រើន ហើយក្រាស់ដុះចាក់ចូលជ្រៅទៅក្នុងដី។ឧទាហរណ៍ៈ មើមការ៉ុត ឆៃថាវ ប៉ិគក់ ..... ។

   • ប្ញសស្ញែ : កើតពីប្ញសជាច្រើនដែលមានទំហំប្រហាក់ប្រហែលគ្នា ជាពិសេសចំពោះរុក្ខជាតិម៉ូណូកូទីលេដូន។ឧទាហរណ៍ៈ ស្រូវ ពោត ត្នោត ដូង......។

   • ប្ញសព្រយោង : ជាប្រភេទប្ញសដែលដុះចេញពីមែក ដើម ឬថ្នាំងនៃដើម។ឧទាហរណ៍ៈ ប្ញសពោធិ៍ ប្ញសជ្រៃ ប្ញសត្រកួន.......។

៣. ការលូតលាស់របស់ប្ញស

       តើតំបន់លូតលាស់របស់ប្ញសមានអ្វីខ្លះ? រួមមាន៖ មួក តំបន់មេជាលិកា តំបន់លូតវែង។


   • មួក គ្រប់ដណ្តប់មេជាលិកាក្បាលប្ញសនិងការពារក្បាលប្ញស។ កោសិកានៅក្បាលប្ញសត្រូវបានជំនួសដោយកោសិកាថ្មីជានិច្ចដោយសារ កាលណាកោសិកាបន្ទាប់មួកលូតលាស់ វារុញកោសិកាមួកទៅក្នុងដី។


   • តំបន់មេជាលិកា ជាតំបន់ដែលកោសិកាធ្វើចំណែកយ៉ាងសកម្ម តំបន់នេះមានកោសិកាតូចៗនិងមានភ្នាសស្តើង វាស្ថិតនៅបន្ទាប់តំបន់មួក ហើយជាកន្លែងដែលកោសិកាដទៃទៀតនៃប្ញសកើតចេញពីមេជាលិកានេះ។ 

   • តំបន់លូតវែង ជាតំបន់ដែលកោសិកាកាន់តែលូតវែង ហើយក្លាយជាកោសិកាបំលែងឯកទេស តំបន់នេះស្ថិតនៅបន្ទាប់តំបន់មេជាលិកាតំបន់នេះជាកន្លែងដែលកោសិកាកើតចេញដំបូងពីតំបន់មេជាលិកា។

   • តំបន់រោមជញ្ជក់ (តំបន់បំលែងឯកទេស) ជាតំបន់នៅបន្ទាប់តំបន់លូតវែងនៅទីនោះកោសិកាទាំងឡាយមានបំលែងឯកទេស។

       បើយើងធ្វើខ្នាត់ទទឹងជាលិកាប្ញស យើងសង្កេតឃើញ កោសិកាដូចខាងក្រោម៖ អេពីឌែម សំបក អង់ដូឌែម។


   • អេពីឌែម ជាស្រទាប់ក្រៅបង្អស់កើតឡើងពីកោសិកាក្រាស់មួយស្រទាប់ដែលមានរោមឆ្មារៗហៅថា រោមជញ្ជក់។រោមជញ្ជក់បង្កើនផ្ទៃប្ញសក្នុងការស្រូបទឹក នៅពេលប្ញសលូតលាស់ រោមជញ្ជក់ថ្មីៗកើតឡើង ឯរោមចាស់ៗងាប់ហើយជ្រុះចោល។

   • សំបក ស្ថិតនៅក្រោមអេពីឌែមមានកោសិកាប៉ារ៉ង់ស៊ីមជាច្រើនផ្ទុកអាហារបម្រុងភាគច្រើនជាអាមីដុងកោសិកាប៉ារ៉ង់ស៊ីមមាននាទីដឹកនាំទឹកនិងអំបិលខនិជទៅកាន់ជាលិកានាំកណ្តាលប្ញសដោយស្រូបតាមរោមជញ្ជក់។

   • អង់ដូឌែម ជាស្រទាប់ក្នុងបង្អស់នៃសំបកកោសិកាទាំងឡាយនៃសំបកមាននាទីត្រួតពិនិត្យចលនាទឹកនៅក្នុងស៊ីឡាំងកណ្តាលស៊ីឡាំងកណ្តាលត្រូវព័ទ្ធជុំវិញដោយកោសិកាមួយស្រទាប់ដែលស្ថិតនៅខាងក្រោមជាប់នឹងអង់ដូឌែមហៅថា ប៉េរីស៊ិក ។

៤. ប្ញសនិងមីក្រូសារពាង្គកាយ


       ប្ញសនិងមីក្រូសារពាង្គកាយមាន ទំនាក់ទំនងសហប្រាណជាមួយគ្នា មានន័យថាប្ញសនិងមីក្រូសារពាង្គកាយតែងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ សហប្រាណជាមួយបាក់តេរី រុក្ខជាតិមិនអាចប្រើប្រាស់អាសូតពីបរិយាកាសបានទេ ព្រោះគ្មានអង់ស៊ីមបំបែកសម្ព័ន្ធអាសូត រីឯរុក្ខជាតិមានអ៊ីយ៉ុងនីត្រាតដែលប្ញសស្រូបពីក្នុងដីចំពោះរុក្ខជាតិអម្បូរសណ្តែក ប្ញសរបស់វាមានផ្ទុកបាក់តេរីនៅក្នុងកំពកប្ញសបាក់តេរីអាចបំបែកសម្ព័ន្ធអាសូត ដោយបន្ថយអាសូតពីអ៊ីយ៉ុងអាម៉ូញ៉ូម ដើម្បីផ្សំចូលគ្នាបង្កើតជាសមាសធាតុសរីរាង្គដែលរុក្ខជាតិអាចស្រូបយកបាន។

   • សហប្រាណជាមួយផ្សិត ផ្សិតលូតលាស់នៅជុំវិញប្ញសរុក្ខជាតិ ហើយតែងជ្រៀតចូលក្នុងសំបកប្ញស ផ្សិតជួយបង្កើនផ្ទៃដែលអាចឱ្យរុក្ខជាតិស្រូបសារធាតុខនិជនិងទឹកបានច្រើន ផ្សិតជួយបំបែកសមាសធាតុសរីរាង្គព្រមទាំងអាហារចិញ្ចឹមដែលរុក្ខជាតិត្រូវការ ចំណែកឯប្ញសផ្តល់នូវស្ករនិងអាស៊ីតអាមីនេដល់ផ្សិត។

   • ចំពោះរុក្ខជាតិមិនធ្វើរស្មីសំយោគ រុក្ខជាតិមិនធ្វើរស្មីសំយោគ វាប្រើប្រាស់ផ្សិតដើម្បីចម្រាញ់យកអាហារពីដើមឈើដែលនៅក្បែរវា (ដោយផ្សិតភ្ជាប់អ៊ីបរបស់វាទៅរុក្ខជាតិនោះ) ចំពោះរុក្ខជាតិដែលប្ញសមិនសូវលូតលាស់ឬគ្មានប្ញស ទឹកនិងសារធាតុខនិជត្រូវបានផ្តល់ដោយវិធីផ្សេងទៀត ដោយវាប្រើស្លឹកក្នុងការចាប់យកសារធាតុសរីរាង្គនោះ។ Ex: រុក្ខជាតិមំសាសី


បានកែប្រែចុងក្រោយ: ថ្ងៃព្រហស្បតិ៍ ទី1 ខែកុម្ភៈ ឆ្នាំ2024, 9:34 AM