loader image
រំលងទៅកាន់មាតិកាមេ
ដើម
តម្រូវការសម្រាប់ការបញ្ចប់
មើល

សេចក្តីផ្តើម


       រុក្ខជាតិមានជាលិកាជាច្រើនដែលមាន ឯកទេសកម្មស្របទៅតាមមុខងាររបស់វា។ ក្នុងសារពាង្គកាយរុក្ខជាតិមានជាលិកា ៤ ប្រភេទគឺ មេជាលិកា ជាលិកាការពារ ជាលិកានាំ និងជាលិកាគ្រឹះ។

១. មេជាលិកា


       រុក្ខជាតិលូតលាស់ពេញមួយជីវិត អាស្រ័យដោយការផលិតកោសិកាថ្មីៗនៅក្នុងពន្លកដើមនិងក្បាលឫស។ មេជាលិកាកំពូលធ្វើចំណែកបន្តបន្ទាប់ដើម្បីបង្កើតកោសិកាថ្មីៗ។ កោសិកាមេជាលិកាមានភ្នាសស្តើង និងស៊ីតូប្លាសខាប់។ ស្រទាប់ទោលនៃមេជាលិកាដែលស្ថិតនៅសំបកគេហៅថា ស្រទាប់មេក្រៅ។ រីឯមេជាលិកាដែលស្ថិតនៅផ្នែកកណ្តាលនៃដើម ឬ ឫសរុក្ខជាតិហៅថា ស្រទាប់មេក្នុង ឬ រំអិលឈើ

       មេជាលិកាបំលែងឯកទេទៅជាកោសិកាផ្សេងៗទៀតដែលមានរូបរាងខុសៗគ្នា ព្រោះទម្រង់ខុសៗគ្នានេះ ជាលក្ខណៈពិសេសស្របទៅតាមមុខងារខុសៗគ្នារបស់ កោសិកាដូចជា សម្រូប ដំណឹកនាំ ការស្ដុក ការបន្តពូជ...។


២. ជាលិកាការពារ


ជាលិកាការពាររួមមាន៖ កោសិកាអេពីឌែម និងស្យែល។

២.១ កោសិកាអេពីឌែម

       កោសិកាអេពីឌែមតម្រៀបគ្នាយ៉ាងណែន ហើយជាកោសិកាស្រទាប់ក្រៅបង្អស់។ វាមាននាទីការពារជាលិកាផ្នែកខាងក្នុងរបស់រុក្ខជាតិ។

   • កោសិកាអេពីឌែមដែលគ្របដណ្តប់ដើមរុក្ខជាតិអាចបញ្ចេញសារ ធាតុភ្លឺរលោងមានឈ្មោះថា គុយទីន។ ស្រទាប់គុយទីនដែលស្ថិត នៅលើផ្ទៃអេពីឌែមមានឈ្មោះថា គុយទីគុល (សំណើ) ។ គុយទីគុល ជាសារធាតុក្រមួនមាននាទីបន្ថយការបាត់បង់ទឹក និងការពាររុក្ខជាតិ ទប់ទល់នឹងការជ្រៀតចូលនៃមីក្រូសារពាង្គកាយ។

   • កោសិកាអេពីឌែមរបស់ឫសដែលដុះវែងៗហៅថា រោមជញ្ជក់។ វាបង្កើនផ្ទៃនៃឫសក្នុងការស្រូបទឹក អំបិលខនិជ និងជួយចងភ្ជាប់រុក្ខជាតិយ៉ាងរឹងមាំទៅនឹងដី។ ចំពោះរុក្ខជាតិឈើកោសិកាអេពីឌែមនៃដើមត្រូវជំនួសដោយស្យែល។

២.២ ស្យែល


       ជាប្រភេទជាលិកាងាប់ ដែលគ្របដណ្តប់លើផ្ទៃដើម និងឫសរបស់រុក្ខជាតិ។ វាមាននាទីការពារជាលិកាខាងក្នុងទល់នឹងការប៉ះទង្គិចផ្សេងៗ ការពារការបាត់បង់ទឹក និងការជ្រៀតចូលនៃមេរោគ។

៣. ជាលិកានាំ


       គ្រប់រុក្ខជាតិមានសរសៃនាំ សុទ្ធតែមានជាលិកាសរសៃនាំ។ ជាលិកាសរសៃនាំមានពីរប្រភេទគឺ ស៊ីឡែម និងផ្លូអែម។

៣.១ ស៊ីឡែម


       ស៊ីឡែម មាននាទីដឹកនាំទឹក និងអំបិលខនិជពីឫសទៅកាន់ស្លឹក។ កោសិកាស៊ីឡែមមានពីរប្រភេទគឺ៖
   • ត្រាកេអ៊ីត : ជាកោសិកាប្រហោងក្នុងនិងមានភ្នាសក្រាស់ ហើយមានរាងទ្រវែង។
   • សរសៃស៊ីឡែម : ជាកោសិកាវែងៗប្រហោងក្នុងស្ថិតនៅបន្តគ្នា។ វាដឹកនាំទឹកនិងសារធាតុខនិជទៅគ្រប់ផ្នែកផ្សេងៗនៃរុក្ខជាតិ។

៣.២ ផ្លូអែម


       ផ្លូអែម ជាលិកាសរសៃនាំរួមមានជាលិកាបំពង់ប្រហោង និងជាលិកាបំពង់ដែលភ្នាសមានប្រហោងស្ថិតនៅជាគូរនឹងគ្នា។ ផ្លូអែមមាននាទីដឹកនាំសារធាតុសរីរាង្គដែលជាផលនៃរស្មីសំយោគ ទៅគ្រប់ផ្នែកនៃរុក្ខជាតិ។ នៅក្នុងដើម ផ្លូអែមស្ថិតនៅក្នុងបាច់សរសៃ នាំរីឯនៅក្នុងស្លឹក គឺស្ថិតនៅក្នុងទ្រនុងស្លឹក។

៤. ជាលិកាគ្រឺះ

       ជាលិកាគ្រឹះបង្កើននូវទំហំរបស់ឈើ។ វាមាននាទីពង្រឹងនិងទ្រទ្រង់រុក្ខជាតិព្រមទាំងផលិតនិងស្តុកទុកអាហារបម្រុងផងដែរ។ ជាលិកាគ្រឹះរួមមានប៉ារ៉ង់ស៊ីម កូឡង់ស៊ីម និងក្លេរ៉ង់ស៊ីម។

៤.១ ប៉ារ៉ង់ស៊ីម


       កោសិកាប៉ារ៉ង់ស៊ីមជាអ្នកកំណត់ប្រភេទរុក្ខជាតិ។ កោសិកាប៉ារ៉ង់ស៊ីមក្នុងស្លឹកនិងដើមខ្ចីៗសុទ្ធតែមានក្លរ៉ូប្លាសដែលផ្ទុកក្លរ៉ូភីលសម្រាប់ធ្វើរស្មីសំយោគ។ ក្នុងដើមនិងឫស កោសិកាប៉ារ៉ង់ស៊ីមមាននាទីស្តុកស្ករ អាមីដុង និងសារ ធាតុបម្រុង។

៤.២. កូឡង់ស៊ីម


       កូឡង់ស៊ីមជាជាលិកាពង្រឹងនិងទ្រទ្រង់។ កូឡង់ស៊ីមច្រើនមាននៅក្នុងដើមរុក្ខជាតិខ្ចីៗហើយស្ថិតនៅជាប់ជាលិកាអេពីឌែម។

៤.៣ ភ្លេរ៉ង់ស៊ីម


       ក្លេរ៉ង់ស៊ីម ជាជាលិកាងាប់ហើយរឹងដែលផ្ទុកលីញីនអាចឲ្យឈើរឹងមាំបាន។ មុខងាររបស់ក្លេរ៉ង់ស៊ីមគឺទ្រទ្រង់ផ្នែកចាស់ៗរបស់រុក្ខជាតិ។ ក្លេរ៉ង់ស៊ីមមាន២ប្រភេទគឺ៖

   • សរសៃរុក្ខជាតិ: ជាប្រភេទកោសិកាវែងៗស្តួចសងខាង ហើយមាន ភ្នាសក្រាស់។ វាជួយទ្រទ្រង់ និងការពាររុក្ខជាតិ។
   • ក្លេរេអ៊ីត: កោសិកាមានរាងខ្លីៗជាងសរសៃរុក្ខជាតិហើយមានរាងច្រើនបែប។ គេយកសរសៃក្លេរ៉ង់ស៊ីមទៅវេញជាខ្សែវើអង្រឹង ឬបាវជាដើម។

បានកែប្រែចុងក្រោយ: ថ្ងៃព្រហស្បតិ៍ ទី1 ខែកុម្ភៈ ឆ្នាំ2024, 9:31 AM