ប្រដាប់របត់ឈាមគឺ រួមមានបេះដូងនិងសរសៃរឈាម ។
របត់ឈាមបើក គឺឈាមមិនស្ថិតនៅក្នុងសរសៃរឈាមបិទជិតទេគឺ វាហូរចេញពីសរសៃរឈាមទៅស្រោចស្រពដោយផ្ទាល់ទៅលើជាលិកានៃសរីរាង្គរបស់សារពាង្គកាយដែលរបត់ឈាមបែបនេះកើតមានដូចជា អាក្រូប៉ូត និងសិប្បិសត្វ។ ឯរបត់ឈាមបិទ ជារបត់ឈាមដែលឈាមរត់នៅក្នុងសរសៃរឈាមរបស់សារពាង្គកាយ។ របត់ឈាមបែបនេះគឺ មានបេះដូងជាអ្នកបញ្ជូនឈាមឲ្យរត់តាមទិសដៅតែមួយ។
របត់ឈាមទោល ជារបត់ឈាមងាយ ពីព្រោះឈាមធ្វើដំណើរពីបេះដូងទៅស្រកីរួចចាកចេញពីស្រកីទៅកាន់សរីរាង្គហើយត្រឡប់ពីសរីរាង្គចូលទៅក្នុងបេះដូងវិញ។ របត់ឈាមបែបនេះកើតមាន ចំពោះសត្វដែលរស់នៅក្នុងទឹកហើយមានបេះដូង២ថត ។
របត់ឈាមទ្វេមានពីរ គឺ៖
• របត់ឈាមទី១ ឈាមខ្សត់អុកស៊ីសែនចេញពីបេះដូងទៅសួតហើយឈាមសម្បូរអុកស៊ីសែនចេញពីសួតត្រឡប់មកបេះដូងវិញ។
• របត់ឈាមទី២ គឺឈាមសម្បូរអុកស៊ីសែនចេញពីបេះដូងទៅសរីរាង្គ ហើយឈាមខ្សត់អុកស៊ីសែនចាកចេញពីសរីរាង្គត្រឡប់ទៅបេះដូងវិញ។
សរីរាង្គសំខាន់នៃប្រដាប់របត់ឈាមគឺ បេះដូង និងសរសៃរឈាម។
បេះដូង គឺជាសរីរាង្គប្រហោងក្នុងដែលវាធ្វើការកន្ត្រាក់ប្រហែល១០០០ដងក្នុង១ថ្ងៃ។ ផ្ទៃនៃបេះដូងចែកជា៣ស្រទាប់គឺ៖
• ស្រទាប់ក្នុង បង្កឡើងពីកោសិកាអេពីតេល្យូមតែ១ស្រទាប់ព្រមទាំងមានផ្ទុកនូវជាលិកាសន្ធាន ។
• ស្រទាប់កណ្ដាល បង្កឡើងពីជាលិកាសាច់ដុំដែលក្នុងស្រទាប់នេះជាទូទៅថតលើស្ដើងជាងថតក្រោមពីព្រោះថតលើជាអ្នកទទួលឈាមឯថតក្រោមជាអ្នកបញ្ចូនឈាម។ នៅក្នុងស្រទាប់នេះមានអាក់ទែកូរ៉ូណែជាអ្នកផ្ដល់អុកស៊ីសែននិងសារធាតុចិញ្ចឹមទៅឲ្យកោសិកាបេះដូង។
• ស្រទាប់ក្រៅ កើតពីជាលិកាសរសៃរព្រមទាំងមានទម្រង់កូឡូអ៊ីត ដែលវាជួយសម្រួលនាទីរបស់បេះដូងនិងការប៉ះទង្គិចដោយចៃដន្យពីខាងក្រៅ។
សរសៃរឈាមចែកជា៣ប្រភេទគឺ វែន អាក់ទែ និងសរសៃរប្តូរ ។
• អាក់ទែ ជាសរសៃរឈាមដែលមាននាទីដឹកនាំឈាមពីបេះដូងទៅកាន់សួតឬទៅកាន់ជាលិកាផ្សេងៗរបស់សារពាង្គកាយ។
• វែន ជាសរសៃរឈាមសម្រាប់ដឹកនាំឈាមពីជាលិកាផ្សេងៗរបស់សារពាង្គកាយឲ្យត្រឡប់ចូលក្នុងបេះដូងវិញ។
• សរសៃរប្តូរ ជាកន្លែងដែលមានបណ្តូររូបធាតុផ្សេងៗរវាងឈាមនិងកោសិការបស់ សារពាង្គកាយ ហើយសរសៃរប្តូរមានភ្នាសដែលធ្វើអោយកោសិកាឈាមឆ្លងកាត់ជាជួរ។
ដំណើររបត់ឈាមមនុស្សមាន២គឺរបត់ឈាមសួតនិងរបត់ឈាមទូទៅ ៖
• របត់ឈាមសួត គឺឈាមខ្យត់អុកស៊ីសែនធ្លាក់ទីថតលើស្ដាំមកថតក្រោកស្ដាំនៃបេះដូងហើយធ្វើដំណើរតាមអាក់ទែសួតចូលក្នុងសួតបន្ទាប់មកឈាមក្លាយទៅជាសម្បូរអុកស៊ីសែនក៏បានចាកចេញពីសួតតាមវែនសួតចូលទៅកាន់ថតលើឆ្វេងរបស់បេះដូង។
• របត់ឈាមទូទៅ ឈាមសម្បូរអុកស៊ីសែនក៏ធ្លាក់ពីថតលើឆ្វេងទៅថតក្រោមឆ្វេងហើយក៏ធ្វើដំណើរតាមអាក់ទែទៅគ្រប់សរីរាង្គទាំងអស់បន្ទាប់មកឈាមប្រែជាខ្សត់អុកស៊ីសែនចាក់ចេញពីសរីរាង្គតាមវែនកាវរួចធ្វើដំណើរចូលថតលើស្ដាំនៃបេះដូងវិញ។
ឈាម ជាជាលិការាវដែលត្រូវបានកើតឡើងតាំងពីជីវិតជាអំប៊្រីយ៉ុង ។
ឈាមមាននាទីដូចខាងក្រោម៖
• ការដឹកនាំសារធាតុ៖ ឈាមមាននាទីដឹកនាំសារធាតុចិញ្ចឹមដូចជា អុកស៊ីសែន គ្លុយកូស ប្រូតេអ៊ីន ទៅគ្រប់កោសិកាទាំងអស់របស់សារពាង្គកាយ។
• ដំណឹកនាំអរម៉ូន៖ គ្រប់អរម៉ូនទាំងអស់សុទ្ធតែត្រូវបានដឹកនាំដោយឈាម។
• តម្រូវកម្ដៅនិងថេរលំនឹង៖ ឈាមមាននាទីរក្សាតុល្យភាពទឹកនៅពេលដែលសីតុណ្ហភាពប្រែប្រួល។
• កំណកឈាម៖ ឈាមក៏មាននាទីធ្វើឲ្យឈាមកកនៅមុខរបួសដើម្បីការពារការបាត់បង់ឈាម។
• តំណបស៊ាំ៖ ឈាមមាននាទីការពារសារពាង្គកាយប្រឆាំងនិងការជ្រៀតចូលនៃមេរោគផងដែរ។
ឈាមត្រូវបានកើឡើងដោយប្លាស្មា ៥៥% និង ៤៥% ជាកោសិកាឈាម។
នៅក្នុងប្លាស្មាមានទឹក ៩០% និង ១០% ជាអំបិល គ្លុយកូស វីតាមីន អាស៊ីតអាមីណេ ប្រូតេអ៊ីន អង់ស៊ីម ហើយសារធាតុខ្លះទៀតមានទម្រង់ជាអ៊ីយ៉ុងដូចជា K+, Na+ , Mg2+ , Ca2+។ នៅក្នុងប្លាស្មាមានប្រូតេអ៊ីនសំខាន់ៗ ៣ ប្រភេទគឺ៖
• អាល់ប៊ុយមីន ជាប្រូតេអ៊ីនដែលជួយរក្សាកំហាប់អំបិលឲ្យនៅថេរ។
• ភីប្រ៊ីណូសែន ជាប្រតេអ៊ីនដែលជួយអោយមានកំណកឈាមនៅមុខរបួស។
• ក្លូប៊ុយលីន ជាប្រូតេអ៊ីនដែលជាអង់ទីករសម្រាប់ប្រយុទ្ធប្រឆាំងនិងជម្ងឺហើយខ្លះទៀតសម្រាប់ដឹកនាំសារធាតុពីផ្នែកមួយទៅផ្នែកមួយទៀតនៃសារពាង្គកាយ។
កោសិកាឈាមមាន៣ប្រភេទគឺ កោសិកាឈាមក្រហម កោសិកាឈាមស និងប្លាកែត។
កោសិកាឈាមក្រហម=គោលិកាក្រហម( អេរីត្រូស៊ីត)
កោសិកាឈាមក្រហម = គោលិកាក្រហម (អេរីត្រូស៊ីត) ៖ ជាកោសិកាដែលមានច្រើនជាងគេគឺ 1mm3 នៃឈាមមានប្រហែល៥លានកោសិកា។ កោសិកានេះមាននាទីសំខាន់ដឹកនាំអុកស៊ីសែនពីសួតទៅកោសិកានិងដឹកនាំឧស្ម័នកាបូនិចពីកោសិកាត្រឡប់មកសួតវិញរួចបញ្ចេញចោលទៅក្រៅសារពាង្គកាយ។ នៅវ័យគភ៌ គោលិកាក្រហមត្រូវបានផលិតចេញពីថ្លើមនិងផាលតែកោសិកាដំបូងគឺ អេរីត្រូប្លាសវាធ្វើចំណែកយ៉ាងសកម្ម តែជាកោសិកាដែលមានណ្វៃយ៉ូនិងគ្មានអេម៉ូក្លូប៊ីនទេបន្ទាប់ពីវាធ្វើចំណែកវាក៍បានក្លាយទៅជាកោសិកាដែលគ្មានណ្វៃយ៉ូ ប៉ុន្តែមានអេម៉ូក្លូប៊ីនហើយផតកណ្ដាលដែលគេហៅថា អេរីត្រូស៊ីត ។ គោលិកាក្រហមមួយអាចផ្ទុកអេម៉ូក្លូប៊ីនបានប្រហែល ២៥០លានម៉ូលេគុល និងអាចដឹកនាំអុកស៊ីសែនបាន ១០០០លានម៉ូលេគុល។ គោលិកាក្រហមចំពោះមនុស្សអាចរស់នៅបានពី ៨០ ទៅ ១២០ថ្ងៃ ក្នុងប្រដាប់របត់ឈាមដែលនិងត្រូវបង្កើតឡើងវិញនៅក្នុងសមាមាត្រស្មើគ្នាគឺ ត្រូវផលិតចេញពីខួរក្រហមនៃឆ្អឹងវែង ថ្លើម ផាល និងក្រពេញទឹករងៃ។
កោសិកាឈាមស=គោលិកាស( ឡឺកូស៊ីត)
កោសិកាឈាមស = គោលិកាស (ឡឺកូស៊ីត) ៖ ចំពោះមនុស្សដែលមានសុខភាពធម្មតាគោលិកាសមាពី 6000-7000/mm3 នៃឈាម នៅពេលដែលសារពាង្គកាយកំពុងចម្លងរោគគោលិកាសអាចកើនឡើងរហូតដល់ 30000 ច្រើនជាងនេះក្នុង mm3 ។ គោលិកាសអាចសម្លាប់មេរោគតាមរយះកាធ្វើផាកូស៊ីតូសឬការផលិតប្រូតេអ៊ីនដែលហៅថា អង់ទីករ។ គោលិកាសចែកជា ២ក្រុមគឺ ក្រានុយឡូស៊ីតនិងអាក្រានុយឡូស៊ីត។
• ក្រានុយឡូស៊ីត៖ វាមានណ្វៃយ៉ូរាងជាក្លែបហើយស៊ីតូប្លាសគ្រាប់ដែលមាន ៣ ប្រភេទគឺ៖
+ ណឺត្រូភីល មានពី 60-70% នៃឡឺកូស៊ីតដែលមានណ្វៃយ៉ូពី 2-5 ក្លែបដែលមាននាទីសម្លាប់មេរោគដែលជាបាក់តេរីដោយផាកូស៊ីតូស។
+ អេអូស៊ីណូភីល មានពី 1-4% នៃឡឺកូស៊ីតដែលមានណ្វៃយ៉ូតែ ២ក្លែបប៉ុណ្ណោះហើយវាធ្វើផាកូស៊ីតូសខ្សោយជាងគេ។
+ បាសូភីល មានប្រហែល 0.5% នៃឡឺកូស៊ីតដែលមានណ្វៃយ៉ូធំ វាអាចបញ្ចេញសារធាតុគីមីដូចជា អេប៉ារីននិងអ៊ីស្តាមីនដើម្បីសម្លាប់មេរោគ។
• អាក្រានុយឡូស៊ីត៖ ជាប្រភេទមួយទៀតនៃគោលិកាសដែលមានណ្វៃយ៉ូរាងកោង គ្មានក្លែបហើយស៊ីតូប្លាសថ្លា វាមាន ២ប្រភេទគឺ៖
+ ម៉ូណូស៊ីត មានពី 2-8% នៃឡឺកូស៊ីត ដែលមានណ្វៃយ៉ូកោងហើយថ្លាវាអាចចាប់នៅមេរោគបានប្រហែល ១០០ ក្នុង ១ដង វាមាននាទីត្រួតពិនឹត្យជម្ងឺឆ្លងដោយបាក់តេរីនិដសម្អាតនូវជាលិកាដែលមានរបួស។
+ ឡាំផូស៊ីត មានពី 20-30% នៃឡឺកូស៊ីតហើយវាមាន២ប្រភេទគឺ៖ឡាំផូស៊ីតBនិងឡាំផូស៊ីតT
+ ឡាំផូស៊ីតB: វាមាននាទីបញ្ចេញអង់ទីករសម្រាប់ប្រយុទ្ធប្រឆាំងនិងមេរោគ។
+ ឡាំផូស៊ីតT: វាមាន២ប្រភេទទៀតគឺ៖
- ឡាំផូស៊ីតT8 : ដែលវិវត្តទៅជាឡាំផូស៊ីតស៊ីតូតុកស៊ីចដែលជាប្រភេទឡាំផូស៊ីត T សម្លាប់។
- ឡាំផូស៊ីតT4 : វាជាប្រភេទឡាំផូស៊ីត T ជំនួយដែលអាចបញ្ចេញអាំងទែឡឺគីនសម្រាប់សម្លាប់មេរោគ។
ប្លាកែក (ត្រុំបូស៊ីត)
ជាកោសិកាឈាមដែលមានពី ២៥ម៉ឺន ទៅ ៥០ម៉ឺន ក្នុង 1mm3 នៃឈាម។ វាជាកោសិកាដែលគ្មានណ្វៃយ៉ូហើយគ្មានពណ៌ វាត្រូវបានផលិតចេញពីកោសិកាមេការីយ៉ូស៊ីតរបស់ខួរឆ្អឹងខ្នង។ ប្លាកែតធ្វើអោយមានកំណកឈាមនៅមុខរបួសដោយបញ្ចេញប្រូតេអ៊ីនស៊ីរ៉ូតូនីនធ្វើឲ្យសរសៃរឈាមមុខរបួសរួមតូចបន្ទាប់មក វាបញ្ចេញអង់ស៊ីមត្រុំបូប្លាស្ទីនហើយក៍វិវត្តទៅជាប្រូត្រុំប៊ីន បន្ទាប់មកដោយមានការចូលរួមពីអ៊ីយ៉ុង Ca2+ ភីប្រ៊ីណូសែនក៍ក្លាយទៅជាភីប្រ៊ីនដែលសារធាតុនេះធ្វើអោយមានកំណកឈាមនៅមុខរបួស។ វីតាមីនដែលចូលរួមធ្វើអោយមានកំណកឈាមគឺ វីតាមីនK ។
នៅក្នុងសារពាង្គកាយមានប្រព័ន្ធការពារយ៉ាងខ្លាំងក្លាទៅនិងការជ្រៀតចូលនៃមេរោគដែលគេហៅថា ប្រព័ន្ធនេះថាប្រព័ន្ធស៊ាំឬតំណបស៊ាំ។ តំណបស៊ាំសម្រាប់ប្រយុទ្ធប្រឆាំងនិងមេរោគចែកជា២គឺ ៖តំណបមិនយថាប្រភេទនិងតំណបយថាប្រភេទ។
តំណបមិនយថាប្រភេទគឺជាប្រតិកម្មតបរបស់សារពាង្គកាយទល់និងការរាតត្បាតរបស់មេរោគដែលបណ្ដាលមកពីបាក់តេរី ហើយតំណបស៊ាំមិនយថាប្រភេទក៍មាន២ករណីគឺ៖
នៅពេលដែលយើងមានរបួសគឺនៅមុខរបួសតែងតែមានឡើងពណ៌ក្រហមហើយឡើងហើម វាជាប្រតិកម្មរលាកចំពោះការបង្ករោគដែលហៅថា អ៊ីស្តាមីន។ នៅពេលដែលកោសិកាយើងមានរបួសបានបញ្ចេញអ៊ីស្តាមីនពេលនោះវាធ្វើអោយសរសៃរឈាមនៅមុខរបួសរីកធំ។ កោសិកាដែលងាប់និងខូចខាតនៅមុខរបួសព្រមជាមួយនិងមេរោគក៏បង្កបានជាសារធាតុពណ៌លឿងខ្ចីហៅថា ខ្ទុះ។
កាលណាពពួកបាក់តេរីបានជ្រៀតចូលទៅក្នុងសារពាង្គកាយពេលនោះសីតុណ្ហភាពក្នុងសារពាង្គកាយបានកើនឡើងលើសពីសីតុណ្ហភាពធម្មតាពី 2-3°C (សីតុណ្ហភាពក្នុងខ្លួនមនុស្ស 37°C) ។ លក្ខខណ្ឌនេះហៅថា ជម្ងឺគ្រុន។ ជម្ងឺគ្រុនអាចបង្អាក់ការលូតលាស់របស់មេរោគ ប៉ុន្តែវាក៏អាចបំផ្លាញប្រូតេអ៊ីនសំខាន់ៗរបស់សាពាង្គកាយដែរ។ កាលណាសីតុណ្ហភាពលើសពី 40°C អាចបណ្ដាលអោយគ្រោះថ្នាក់និងស្លាប់បាន។
តំណបយថាប្រភេទជាអំពើនៃប្រព័ន្ធស៊ាំរបស់សារពាង្គកាយទប់ទល់និងការាតត្បាតរបស់មេរោគ។ តំណបស៊ាំយថាប្រភេទមាន២ប្រភេទ៖
• ទី១៖ តំណបស៊ាំតាមរយះការផលិតប្រូតេអ៊ីន(អង់ទីករ)ដែលមានប្រសិទ្ធភាពពិសេសប្រឆាំងទៅនិងបាក់តេរីឬវីរុសដែលជួបនៅក្នុងធាតុរាវនៃឈាមនិងទឹករងៃរបស់សារពាង្គកាយ ។
• ទី២៖ តំណបស៊ាំតាមរយះកោសិកាដែលមានអំពើដោយផ្ទាល់ប្រឆាំងទៅនិងកោសិកាចំឡែកឬកោសិកាបង្ករោគ។
ក. តំណបស៊ាំតាមរយះអង់ទីករ គឺធ្វើឡើងតាមរយះឡាំផូស៊ីតB ដែលជាប្រភេទឡាំផូស៊ីតTសម្លាប់ដែលអាចសម្លាប់មេរោគតាមរយះការបញ្ចេញប្រូតេអ៊ីន អាំងទែឡឺគីន ។
ខ. តំណបស៊ាំតាមរយះកោសិកា គឺជាតំណបស៊ាំតាមរយះឡាំផូស៊ីត ហើយឡាំផូស៊ីតមាន៤ប្រភេទគឺ៖
• ឡាំផូស៊ីតTជំនួយ៖ វាអាចផលិតសារធាតុគីមីដូចជាអាំងទែឡឺគីន ដើម្បីសម្លាប់នៅកោសិកាបង្ករោគ (មេរោគ) តាមរយះសកម្មភាពរបស់ម៉ាក្រូផាស។
• ឡាំផូស៊ីតTសម្លាប់៖ វាអាចភ្ចាប់ខ្លួនទៅនិងភ្នាសកោសិកាបង្ករោគហើយចោះភ្នាសនោះដើម្បីសម្លាប់មេរោគ។
• ឡាំផូស៊ីតTលំនឹក៖ វាមាននាទីរក្សាលំនឹកក្នុងការទទួលស្គាល់នៅអង់ទីសែន។
• ឡាំផូស៊ីតTបង្អាក់៖ វាជាប្រភេទឡាំផូស៊ីតដែលអាចបង្អាក់តំណបស៊ាំដោយធ្វើអោយអង់ទីកថយចុះនៅពេលដែលមេរោគស្ថិតនៅក្រោមការត្រួតពិនិត្យ។