ក្នុងកោសិកាមានប្រតិកម្មគីមីជាច្រើនដែលបញេ្ចញថាមពល។ ប្រតិកម្មទាំងនេះផលិតកាកសំណល់ដែលជាធាតុពុលនៅក្នុងកោសិកា។ បើមិនបានបញ្ចេញកាកសំណល់ទេ សារពាង្គកាយត្រូវស្លាប់។ ការបំបាត់កាកសំណល់មេតាប៉ូលីលពីសារពាង្គកាយហៅថា ការបញ្ចេញចោល ។
ការបញ្ចេញចោល គឺការបំបាត់កាកសំណល់នៃមេតាបូលីសពីសារពាង្គកាយ។ មេតាប៉ូលីស ជាសំណុំប្រតិកម្មគីមី ដោយមានអន្តរាគមន៍ពីអង់ស៊ីម ដែលប្រព្រឹត្តទៅនៅក្នុងកោសិកានៃសារពាង្គកាយ។ ក្នុងដង្ហើមកោសិកា អុកស៊ីតកម្មគ្លុយកូសបំបែកបាន កាបូនឌីអុកស៊ីត និងទឹក ជាកាកសំណល់។ ក្រៅពីនោះមានអំបិលខនិជ (សូដ្យូមក្លរីត និងប៉ូតាស្យូមស៊ុលផាត) និងកាកសំណល់សមាសធាតុអាសូត (អាម៉ូញាក់ អ៊ុយរ៉េ និងអាស៊ីតអ៊ុយរិច)។
សំណល់អាសូតមានប្រភពពីប្រូតេអ៊ីន ដែលប្រូតេអ៊ីនបង្កឡើងពីអាស៊ីតអាមីនេ។ អាម៉ូញ៉ាក់ជាបណ្តុំអាមីនដែលផ្តាច់ចេញពីអាស៊ីតអាមីនេទៅផ្សំជាមួយអ៊ីយ៉ុងអ៊ីដ្រូសែន។ ចំពោះអំភីប និងត្រី សំណល់អាសូតជាអាម៉ូញ៉ាក់ ចំណែកឯថនិកសត្វ និងអំភីបគោក កាកសំណល់សមាសធាតុអាសូតជាអ៊ុយរ៉េ រីឯ សត្វល្អិត បក្សី ល្មូន កាកសំណល់អាសូតវិញជាអាស៊ីតអ៊ុយរិច។
សំគាល់ ៖ ចូរកុំច្រឡំលាមកមិនមែនជាកាកសំណល់មេតាប៉ូលីសក្នុងកោសិកាទេ។ តែជាសំណល់នៃការរំលាយអាហារ ដូចនេះវាត្រូវបញ្ចេញមកក្រៅសារពាង្គកាយតាមទ្វារធំ។
ចំពោះប្រូទីស កាកសំណល់មេតាបូលីសមាន CO2 អំបិលខនិជ និងអាម៉ូញ៉ាក់។ កាកសំណល់ទាំងនេះសាយមកក្រៅកោសិកាតាមភ្នាសកោសិកាចូលទៅក្នុងមជ្ឈដ្ឋានទឹកដែលនៅជុំវិញ។ ទឹកជ្រាបចូលក្នុងកោសិកាប្រូទីសតាមអូស្មូស។ ទឹកដែលលើសស្តុកទុកនៅក្នុងវ៉ាគុយអូលកន្រ្តាក់ ពេលពេញវានឹងបាញ់ទឹកចេញពីកោសិកា។
អ៊ីតគ្មានប្រដាប់បញ្ចេញចោលទេ។ កាកសំណល់មេតាប៉ូលីស កាបូនឌីអុកស៊ីត អាម៉ូញ៉ាក់ និងអំបិលខនិជ សាយចេញតាមភ្នាសកោសិកាចូលទៅក្នុងមជ្ឈដ្ឋានទឹក។ ទឹកដែលលើសពីតម្រូវការចេញពីសារពាង្គកាយតាមភ្នាសកោសិកាដោយដំនឹកនាំសកម្ម។
ប្រដាប់បញ្ចេញចោលរបស់ជន្លេនរួមមាន នេព្រីដ្យូស្ប៉ រន្ធចេញ ប្លោកនោម។ នេព្រីដ្យូម នីមួយៗ ជាបំពង់ដែលមានរន្ធចូលហៅថា នេព្រីដ្យូម។ ស្តូមមានរាងដូចជីឡាវព័ទ្ធជុំវិញដោយរោមញ័រ។ តពីរន្ធចូលជាបំពង់បត់ចុះឡើងជាច្រើនផ្នត់ សម្បូរដោយសរសៃប្តូរ។ បំពង់នេះរីកធំបង្កើតបានជាប្លោកនោម នៅខាងចុងមានរន្ធចេញមួយគឺនេព្រីដ្យូស្ប៉។ កាកសំណល់ចេញពីសរសៃប្តូរចូលទៅក្នុងនេព្រីដ្យូម។ សារធាតុរាវក្នុងខ្លួនជន្លេនចូលទៅក្នុងនេព្រីដ្យូមដោយសាររោមញ័រ។ ទឹក និងគ្លុយកូស ត្រូវបានស្រូបចូលពីនេព្រីដ្យូមចូលទៅក្នុងឈាមវិញ។
ប្រដាប់បញ្ចេញចោលរបស់សត្វល្អិតមាន បំពង់ម៉ាល់ពីញី និងទ្វារធំ។ បំពង់ម៉ាល់ពីញីកើតឡើងពីបំពង់ឆ្មា ហើយវែងដែលភ្ជាប់ទៅនឹងពោះវៀន។ កាកសំណល់របស់សត្វល្អិតមាន អាស៊ីតអ៊ុយរិច និងទឹក ត្រូវបានស្រូបទៅក្នុងបំពង់ម៉ាល់ពីញី រួចក៏ហូរចូលទៅក្នុងពោះវៀនផ្នែកខាងក្រោយ។ ទឹក និងសារធាតុមានប្រយោជន៍ត្រូវបានស្រូបឡើងវិញ ចំណែកឯអ៊ុយរិចបញ្ចេញមកក្រៅខ្លួននេះជាមួយលាមកតាមទ្វារធំ។
សួតមាននាទីបញ្ចេញ CO2 និងទឹក។ ស្បែកបញ្ចេញញើស តម្រង់នោមបញ្ចេញអ៊ុយរ៉េ និងថ្លើមបញ្ចេញទឹកប្រមាត់ មិនតែប៉ុណ្ណោះជាកន្លែងស្តុកទុក គ្លុយកូសក្រោមរូបរាងជាគ្លីកូសែន។
អាស៊ីតអាមីនេជាធាតុបង្កតូចៗរបស់ប្រូតេអ៊ីន។ អាស៊ីតអាមីនេដែលលើសពីតម្រូវការត្រូវទៅក្នុងថ្លើម នៅក្នុងថ្លើម បណ្តុំអាមីនត្រូវផ្តាច់ចេញ ហើយបំប្លែងទៅឧស្ម័នអាម៉ូញ៉ាក់។ បន្ទាប់មកថ្លើមប្លែងឧស្ម័នអាម៉ូញ៉ាក់ និងកាបូនឌីអុកស៊ីតទៅជាអ៊ុយរ៉េ។ ឈាមដឹកនាំអ៊ុយរ៉េពីថ្លើមទៅតម្រង់នោម។
មាននាទីបន្សាបជាតិពុលផ្សេងៗដូចជា៖អំបិលទង់ដែង អំបិលអាសេទិច នីកូទីន ថ្នាំមួយចំនួន និងពិសរបស់សត្វ និងកាត់បន្ថយជាតិពុលផ្សេងៗដែលរលួយអាហារក្នុងពោះវៀន។
កោសិកាថ្លើមផលិតទឹកប្រមាត់។ ទឹកប្រមាត់មានពណ៌លឿងបណ្តាល មកពីជាតិពណ៌ប្រមាត់ប៊ីលីរុយប៊ីន (bilirubimne) និង ប៊ីលីវើឌីន (biliverdine) ។ ជាតិពណ៌នេះកើតឡើងពីការបំបែកនៃអេក្លូប៊ីនរបស់គោលិកាក្រហមចាស់ៗ ។ ទឹកប្រមាត់មានកាកសំណល់ផ្សេងៗទៀតដូចជាអំបិលទឹកប្រមាត់ អំបិលខនិជ កូឡេស្តេរ៉ុល និងទឹក។
តម្រងនោមមានពីរស្ថិតនៅសងខាងឆ្អឹងខ្នងក្រោមសន្ទះទ្រូង។ មានរាងដូចជាគ្រាប់សណ្ដែក ពណ៌ក្រហមក្រម៉ៅនិងទម្ងន់ប្រហែល ១៥០ក្រាម។ ផ្នែកផតហៅថា អ៊ីល (Hile) បែររកឆ្អឹងខ្នង។ បំពង់នោមចេញពីផ្នែក ផតទៅប្លោកនោម។
ពំនុះតម្រងនោមមានបីបផ្នែកគឺ៖
• ផ្នែកក្រៅ (សំបក)៖ មានសភាពជាគ្រាប់។
• ផ្នែកកណ្តាល៖ មានទម្រង់ជាសាជី ចំនួនពី ១១ ទៅ១២បែរមុខទៅរកអ៊ីល និងមានសភាពជាសរសៃ។
• ផ្នែកខាងក្នុង៖ មានប្រហោងជាបំពង់រាងជីឡាវហៅថា ប្រឡង់។
ដំណាក់កាលទី១ ៖ ចម្រោះ
ឈាមហូរចូលមកក្នុងណេប្រុងតាមរយ:អាកទែតម្រង់នោម នៅពេលចូលមកដល់ក្លូម៉េរុលដែលស្ថិតក្នុងកន្សោមប៉ូមែន ដំណើរការចម្រោះក៏កើតមានឡើង ពេលមានការចម្រោះកើតឡើងធ្វើឲ្យមានសម្ពាធឈាមខ្ពស់ក្នុងក្លូម៉េរ៉ុល វាអាចផលិតទឹកនោមដំបូង ១៨០លីត្រក្នុង ២៤ម៉ោង។
ដំណាក់កាលទី២៖ សម្រូបឡើងវិញ
ក្រោយពីទឹកនោមចាកចេញពីកន្សោមប៉ូម៉ាន់ វាក៏ហូរទៅក្នុងបំពង់បត់បែនជិត ពេលនោះគ្លុយកូស អាស៊ីតអាមីនេ អំបិលមួយចំនួននឹងទឹកប្រមាណ 99% ត្រូវបានស្រូបចូលទៅក្នុងឈាម។ ចំពោះទឹកគឺសម្រូបកើតឡើងតាមបាតុភូតអូស្មូស ចំណែកសារធាតុដទៃទៀតសម្រូបតាមដំណឹកនាំសកម្ម ហើយត្រូវការថាមពល។
តម្រងនោមមាននាទីដូចជា៖ បន្សុទ្ធឈាម(ទាយយកកាកសំណល់ចេញពីឈាមដូចជា អ៊ុយរ៉េ) រក្សាមាឌប្លាស្មា( បើយើងញ៉ាំទឹកច្រើន ការផលិតទឹកនោមក៏ច្រើនតាមនឹងដែរ)តម្រូវបរិមាណអំបិលក្នុងឈាម។
• ការលេចឡើងអាល់ប៊ុយមីន៖
បង្ហាញថា ណេប្រ៊ុងមានការខូចខាត ហើយមានដំណើរប្រព្រឹត្តទៅមិនល្អ។ វាជាសញ្ញានៃជំងឺប្រដាប់ទឹកនោម (ជំងឺទឹកនោមប្រៃ ) ។
• ការលេចឡើងគ្លុយកូស៖
បង្ហាញថា គ្លុយកូសមិនបានស្រូបចូលក្នុងឈាមទាំងអស់ទេ។ វាលេចឡើងកាលណាអត្រាគ្លុយកូសក្នុងឈាមលើលពី ១.៨ក្រាមក្នុង ១លីត្រ (ជំងឺទឹកនោមផ្អែម) ។
• តម្រងនោមសិប្បនិម្មិត ឬដ្យាលីស ៖
សួតបំបាត់ឧស្ម័នកាបូនិច និងទឹកចេញពីសារពាង្គកាយ។
ស្បែកក៏ជាសរីរាង្គបញ្ចេញចោលមួយសំខាន់ដែរ។ វាបញ្ចេញទឹក អំបិលខនិជដែលលើស និងបរិមាណអ៊ុយរ៉េបន្តិចបន្តួចដែរតាមរយៈញើស។