loader image
Skip to main content
Home
Completion requirements
View

សេចក្តីផ្តើម


       ក្នុងកោសិកាមានប្រតិកម្មគីមីជាច្រើនដែលបញេ្ចញថាមពល។ ប្រតិកម្មទាំងនេះផលិតកាកសំណល់ដែលជាធាតុពុលនៅក្នុងកោសិកា។ បើមិនបានបញ្ចេញកាកសំណល់ទេ សារពាង្គកាយត្រូវស្លាប់។ ការបំបាត់កាកសំណល់មេតាប៉ូលីលពីសារពាង្គកាយហៅថា ការបញ្ចេញចោល

១. កាកសំណល់ក្នុងសារពាង្គកាយ


       ការបញ្ចេញចោល គឺការបំបាត់កាកសំណល់នៃមេតាបូលីសពីសារពាង្គកាយ។ មេតាប៉ូលីស ជាសំណុំប្រតិកម្មគីមី ដោយមានអន្តរាគមន៍ពីអង់ស៊ីម ដែលប្រព្រឹត្តទៅនៅក្នុងកោសិកានៃសារពាង្គកាយ។ ក្នុងដង្ហើមកោសិកា អុកស៊ីតកម្មគ្លុយកូសបំបែកបាន កាបូនឌីអុកស៊ីត និងទឹក ជាកាកសំណល់។ ក្រៅពីនោះមានអំបិលខនិជ (សូដ្យូមក្លរីត និងប៉ូតាស្យូមស៊ុលផាត) និងកាកសំណល់សមាសធាតុអាសូត (អាម៉ូញាក់ អ៊ុយរ៉េ និងអាស៊ីតអ៊ុយរិច)។


       សំណល់អាសូតមានប្រភពពីប្រូតេអ៊ីន ដែលប្រូតេអ៊ីនបង្កឡើងពីអាស៊ីតអាមីនេ។ អាម៉ូញ៉ាក់ជាបណ្តុំអាមីនដែលផ្តាច់ចេញពីអាស៊ីតអាមីនេទៅផ្សំជាមួយអ៊ីយ៉ុងអ៊ីដ្រូសែន។ ចំពោះអំភីប និងត្រី សំណល់អាសូតជាអាម៉ូញ៉ាក់ ចំណែកឯថនិកសត្វ  និងអំភីបគោក កាកសំណល់សមាសធាតុអាសូតជាអ៊ុយរ៉េ រីឯ សត្វល្អិត បក្សី ល្មូន កាកសំណល់អាសូតវិញជាអាស៊ីតអ៊ុយរិច។

       សំគាល់ ៖ ចូរកុំច្រឡំលាមកមិនមែនជាកាកសំណល់មេតាប៉ូលីសក្នុងកោសិកាទេ។ តែជាសំណល់នៃការរំលាយអាហារ ដូចនេះវាត្រូវបញ្ចេញមកក្រៅសារពាង្គកាយតាមទ្វារធំ។

២. ការបញ្ចេញចោលរបស់ប្រូទីស


       ចំពោះប្រូទីស កាកសំណល់មេតាបូលីសមាន CO2 អំបិលខនិជ និងអាម៉ូញ៉ាក់។ កាកសំណល់ទាំងនេះសាយមកក្រៅកោសិកាតាមភ្នាសកោសិកាចូលទៅក្នុងមជ្ឈដ្ឋានទឹកដែលនៅជុំវិញ។ ទឹកជ្រាបចូលក្នុងកោសិកាប្រូទីសតាមអូស្មូស។ ទឹកដែលលើសស្តុកទុកនៅក្នុងវ៉ាគុយអូលកន្រ្តាក់ ពេលពេញវានឹងបាញ់ទឹកចេញពីកោសិកា។

៣. ការបញ្ចេញចោលរបស់អ៊ីត


       អ៊ីតគ្មានប្រដាប់បញ្ចេញចោលទេ។ កាកសំណល់មេតាប៉ូលីស កាបូនឌីអុកស៊ីត អាម៉ូញ៉ាក់ និងអំបិលខនិជ សាយចេញតាមភ្នាសកោសិកាចូលទៅក្នុងមជ្ឈដ្ឋានទឹក។ ទឹកដែលលើសពីតម្រូវការចេញពីសារពាង្គកាយតាមភ្នាសកោសិកាដោយដំនឹកនាំសកម្ម។

៤. ការបញ្ចេញចោលរបស់ជន្លេន


       ប្រដាប់បញ្ចេញចោលរបស់ជន្លេនរួមមាន នេព្រីដ្យូស្ប៉ រន្ធចេញ ប្លោកនោម។ នេព្រីដ្យូម នីមួយៗ ជាបំពង់ដែលមានរន្ធចូលហៅថា នេព្រីដ្យូម។ ស្តូមមានរាងដូចជីឡាវព័ទ្ធជុំវិញដោយរោមញ័រ។ តពីរន្ធចូលជាបំពង់បត់ចុះឡើងជាច្រើនផ្នត់ សម្បូរដោយសរសៃប្តូរ។ បំពង់នេះរីកធំបង្កើតបានជាប្លោកនោម នៅខាងចុងមានរន្ធចេញមួយគឺនេព្រីដ្យូស្ប៉។ កាកសំណល់ចេញពីសរសៃប្តូរចូលទៅក្នុងនេព្រីដ្យូម។ សារធាតុរាវក្នុងខ្លួនជន្លេនចូលទៅក្នុងនេព្រីដ្យូមដោយសាររោមញ័រ។ ទឹក និងគ្លុយកូស ត្រូវបានស្រូបចូលពីនេព្រីដ្យូមចូលទៅក្នុងឈាមវិញ។

៥. ការបញ្ចេញចោលរបស់សត្វល្អិត


       ប្រដាប់បញ្ចេញចោលរបស់សត្វល្អិតមាន បំពង់ម៉ាល់ពីញី និងទ្វារធំ។ បំពង់ម៉ាល់ពីញីកើតឡើងពីបំពង់ឆ្មា ហើយវែងដែលភ្ជាប់ទៅនឹងពោះវៀន។ កាកសំណល់របស់សត្វល្អិតមាន អាស៊ីតអ៊ុយរិច និងទឹក ត្រូវបានស្រូបទៅក្នុងបំពង់ម៉ាល់ពីញី រួចក៏ហូរចូលទៅក្នុងពោះវៀនផ្នែកខាងក្រោយ។ ទឹក និងសារធាតុមានប្រយោជន៍ត្រូវបានស្រូបឡើងវិញ ចំណែកឯអ៊ុយរិចបញ្ចេញមកក្រៅខ្លួននេះជាមួយលាមកតាមទ្វារធំ។

៦. ការបញ្ចេញចោលរបស់មនុស្ស


       សួតមាននាទីបញ្ចេញ CO2 និងទឹក។ ស្បែកបញ្ចេញញើស តម្រង់នោមបញ្ចេញអ៊ុយរ៉េ និងថ្លើមបញ្ចេញទឹកប្រមាត់ មិនតែប៉ុណ្ណោះជាកន្លែងស្តុកទុក គ្លុយកូសក្រោមរូបរាងជាគ្លីកូសែន។


៦.១. នាទីថ្លើមក្នុងការបញ្ចេញចោល

   ក. នាទីបង្កើតអ៊ុយរ៉េ


       អាស៊ីតអាមីនេជាធាតុបង្កតូចៗរបស់ប្រូតេអ៊ីន។ អាស៊ីតអាមីនេដែលលើសពីតម្រូវការត្រូវទៅក្នុងថ្លើម នៅក្នុងថ្លើម បណ្តុំអាមីនត្រូវផ្តាច់ចេញ ហើយបំប្លែងទៅឧស្ម័នអាម៉ូញ៉ាក់។ បន្ទាប់មកថ្លើមប្លែងឧស្ម័នអាម៉ូញ៉ាក់ និងកាបូនឌីអុកស៊ីតទៅជាអ៊ុយរ៉េ។ ឈាមដឹកនាំអ៊ុយរ៉េពីថ្លើមទៅតម្រង់នោម។



   ខ. នាទីបន្សាបជាតិពុល


       មាននាទីបន្សាបជាតិពុលផ្សេងៗដូចជា៖អំបិលទង់ដែង អំបិលអាសេទិច នីកូទីន ថ្នាំមួយចំនួន និងពិសរបស់សត្វ និងកាត់បន្ថយជាតិពុលផ្សេងៗដែលរលួយអាហារក្នុងពោះវៀន។

   គ. នាទីបញ្ចេញទឹកប្រមាត់


       កោសិកាថ្លើមផលិតទឹកប្រមាត់។ ទឹកប្រមាត់មានពណ៌លឿងបណ្តាល មកពីជាតិពណ៌ប្រមាត់ប៊ីលីរុយប៊ីន (bilirubimne) និង ប៊ីលីវើឌីន (biliverdine) ។ ជាតិពណ៌នេះកើតឡើងពីការបំបែកនៃអេក្លូប៊ីនរបស់គោលិកាក្រហមចាស់ៗ ។ ទឹកប្រមាត់មានកាកសំណល់ផ្សេងៗទៀតដូចជាអំបិលទឹកប្រមាត់ អំបិលខនិជ កូឡេស្តេរ៉ុល និងទឹក។

៦.២. ប្រដាប់ទឹកនោម

   ក. ការប្រៀបធៀបទឹកនោមនិងប្លាស្មា


   ខ. ផ្នែកផ្សេងៗនៃប្រដាប់ទឹកនោម


       តម្រងនោមមានពីរស្ថិតនៅសងខាងឆ្អឹងខ្នងក្រោមសន្ទះទ្រូង។ មានរាងដូចជាគ្រាប់សណ្ដែក ពណ៌ក្រហមក្រម៉ៅនិងទម្ងន់ប្រហែល ១៥០ក្រាម។ ផ្នែកផតហៅថា អ៊ីល (Hile) បែររកឆ្អឹងខ្នង។ បំពង់នោមចេញពីផ្នែក ផតទៅប្លោកនោម។ 


   គ. ទម្រង់តម្រងនោម


       ពំនុះតម្រងនោមមានបីបផ្នែកគឺ៖
 ផ្នែកក្រៅ (សំបក)៖ មានសភាពជាគ្រាប់។
 ផ្នែកកណ្តាល៖ មានទម្រង់ជាសាជី ចំនួនពី ១១ ទៅ១២បែរមុខទៅរកអ៊ីល និងមានសភាពជាសរសៃ។
 ផ្នែកខាងក្នុង៖ មានប្រហោងជាបំពង់រាងជីឡាវហៅថា ប្រឡង់។ 

   ឃ. ការបង្កើតទឹកនោម


ដំណាក់កាលទី១ ៖ ចម្រោះ 

       ឈាមហូរចូលមកក្នុងណេប្រុងតាមរយ:អាកទែតម្រង់នោម នៅពេលចូលមកដល់ក្លូម៉េរុលដែលស្ថិតក្នុងកន្សោមប៉ូមែន ដំណើរការចម្រោះក៏កើតមានឡើង ពេលមានការចម្រោះកើតឡើងធ្វើឲ្យមានសម្ពាធឈាមខ្ពស់ក្នុងក្លូម៉េរ៉ុល វាអាចផលិតទឹកនោមដំបូង ១៨០លីត្រក្នុង ២៤ម៉ោង។

ដំណាក់កាលទី២៖ សម្រូបឡើងវិញ

       ក្រោយពីទឹកនោមចាកចេញពីកន្សោមប៉ូម៉ាន់ វាក៏ហូរទៅក្នុងបំពង់បត់បែនជិត ពេលនោះគ្លុយកូស អាស៊ីតអាមីនេ អំបិលមួយចំនួននឹងទឹកប្រមាណ 99% ត្រូវបានស្រូបចូលទៅក្នុងឈាម។ ចំពោះទឹកគឺសម្រូបកើតឡើងតាមបាតុភូតអូស្មូស ចំណែកសារធាតុដទៃទៀតសម្រូបតាមដំណឹកនាំសកម្ម ហើយត្រូវការថាមពល។

   ង. នាទីរបស់តម្រងនោម


       តម្រងនោមមាននាទីដូចជា៖ បន្សុទ្ធឈាម(ទាយយកកាកសំណល់ចេញពីឈាមដូចជា អ៊ុយរ៉េ) រក្សាមាឌប្លាស្មា( បើយើងញ៉ាំទឹកច្រើន ការផលិតទឹកនោមក៏ច្រើនតាមនឹងដែរ)តម្រូវបរិមាណអំបិលក្នុងឈាម។ 

   ច. ផលិតផលមិនប្រក្រតីក្នុងទឹកនោម

• ការលេចឡើងអាល់ប៊ុយមីន៖


       បង្ហាញថា ណេប្រ៊ុងមានការខូចខាត ហើយមានដំណើរប្រព្រឹត្តទៅមិនល្អ។ វាជាសញ្ញានៃជំងឺប្រដាប់ទឹកនោម (ជំងឺទឹកនោមប្រៃ ) ។ 

• ការលេចឡើងគ្លុយកូស៖


       បង្ហាញថា គ្លុយកូសមិនបានស្រូបចូលក្នុងឈាមទាំងអស់ទេ។ វាលេចឡើងកាលណាអត្រាគ្លុយកូសក្នុងឈាមលើលពី ១.៨ក្រាមក្នុង ១លីត្រ (ជំងឺទឹកនោមផ្អែម) ។

• តម្រងនោមសិប្បនិម្មិត ឬដ្យាលីស ៖


៦.៣. សួត


       សួតបំបាត់ឧស្ម័នកាបូនិច និងទឹកចេញពីសារពាង្គកាយ។ 

៦.៤. ស្បែក


       ស្បែកក៏ជាសរីរាង្គបញ្ចេញចោលមួយសំខាន់ដែរ។ វាបញ្ចេញទឹក អំបិលខនិជដែលលើស និងបរិមាណអ៊ុយរ៉េបន្តិចបន្តួចដែរតាមរយៈញើស។

Last modified: Thursday, 1 February 2024, 9:10 AM