loader image
រំលងទៅកាន់មាតិកាមេ
ដើម
តម្រូវការសម្រាប់ការបញ្ចប់
មើល

សេចក្តីផ្តើម


       អ្នកដែលរកឃើញច្បាប់មូលដ្ឋាននៃតំណពូជដំបូងគេបង្អស់គឺ លោក ម៉ង់ដែល (Mendel ) 

១. ការងាររបស់ម៉ង់ដែល 
១.១. ប្រវត្តិរបស់ម៉ង់ដែល (Biography of Mendel )


       លោកម៉ង់ដែលកើតនៅឆ្នាំ១៨២២ នៅក្នុងភូមិមួយក្នុងប្រទេសឆេកូស្លូវ៉ាគី។ លោកម៉ង់ដែលមានការយល់ដឹងទៅលើផ្នែកកសិកម្ម។ម៉ង់ដែលបានបួសជាបព្វជិត គាត់បានធ្វើការបង្កាត់សណ្តែកព័រនៅក្នុងសួនដែលមាន បណ្តោយ 37m និង ទទឹង 7m ក្នុងទីធ្លារវត្ត។ ការពិសោធន៍នេះមានរយៈពេល ៧ឆ្នាំ (១៨៥៦-១៨៦៣) ។ នៅឆ្នាំ ១៨៦៥ ម៉ង់ដែលបានបោះពុម្ពផ្សាយលទ្ធផលនៃការបង្កាត់ក្នុងសៀវភៅមួយមាន ៤៤ទំព័រ។


       ឆ្នាំ 1900 មានរុក្ខវិទូ៣រូប ហ៊ុយកូដឺវ្រី (ហូឡង់) កូរ៉ង់ (អាឡឺម៉ង់) និងត្សេម៉ាក (អូទ្រីស) បានសិក្សាដោយឡែកពីគ្នា បានរកឃើញនិងទទួលស្គាល់ស្នាដៃលោកម៉ង់ដែល។

១.២. លក្ខណៈពិសេសនៃសណ្តែកព័រ (characteristics of pea plants )


       សណ្តែកព័រជារុក្ខជាតិបន្តពូជដោយភេទ។ កាម៉ែតញីនិងកាម៉ែតឈ្មោលស្ថិតនៅក្នុងផ្កាតែមួយ។ ផ្ការបស់វាមានទម្រង់ពិសេសគឺមានស្រទាប់ស្នូកព័ទ្ធជុំវិញកេសញីនិងកេសឈ្មោល។ លក្ខណៈនីមួយៗនៃសណ្តែកព័រមានរូបរាងពីរផ្ទុយគ្នាងាយស្រួលសម្គាល់។ ឧទាហរណ៍ : លក្ខណៈគ្រាប់មានទិដ្ឋភាពពីរផ្ទុយគ្នាគឺគ្រាប់រលីង និង គ្រាប់ជ្រួញ។ លក្ខណៈកម្ពស់ដើមមានទិដ្ឋភាពពីរផ្ទុយគ្នាគឺដើមខ្ពស់និងដើមទាប។ សណ្តែកព័រជារុក្ខជាតិតូចងាយលូតលាស់ឆាប់មានផ្លែផ្កាហើយផលិតគ្រាប់បានចំនួនច្រើន។


១.៣. ដំណាក់ផ្សេងៗនៃការពិសោធរបស់ម៉ង់ដែល (Steps of Mendel’s experiments)

       ការពិសោធន៍របស់ម៉ង់ដែលមានបីដំណាក់ :


   • ដំណាក់កាលទី១៖ ទុកសណ្ដែកព័រឱ្យស្វ័យបង្កកំណើត ពីរ ឬ បី ជំនាន់។


   • ដំណាក់កាលទី២៖ ធ្វើការបង្កកំណើតនិម្មិត (បង្កាត់ប្រភេទផ្កា ២ផ្សេងគ្នា) ដោយបង្កាត់សណ្ដែកព័រពូជសុទ្ធពីរដែលមានលក្ខណៈខុសគ្នាតែម្យ៉ាង (សណ្ដែកព័រ ផ្កាស និងផ្កាស្វាយ) ។ បន្ទាប់ពីទទួលបានលទ្ធផល គាត់យកគ្រាប់នោះទៅដាំរងចាំសង្កេតលទ្ធផល។ លទ្ធផលដែលទទួលបានគឺផ្កាពណ៌ស្វាយទាំងអស់។ កូនជំនាន់ក្រោយនេះគឺជាអ៊ីប្រ៊ីត (អ៊ីប្រីតជំនាន់ទី១ F1) ។


   • ដំណាក់កាលទី៣៖ ម៉ងដែលយកគ្រាប់ដែលទទួលបាន F1 ទៅដាំ រួចទុកឱ្យស្វ័យបង្កកំណើត (F1 × F1) ទទួលបាន F2 ។


 ម៉ងដែលធ្វើការពិសោធន៍របៀបនេះជាមួយនឹងលក្ខណៈ៦ បែបផ្សេងៗគ្នា

       បន្ទាប់ពីពិសោធន៍ជាច្រើនលើកមក លោកម៉ង់ដែលបានទាញសេចក្ដីសន្និដ្ឋានជា ច្បាប់តំណពូជ។ គាត់សន្និដ្ឋានថាលក្ខណៈនីមួយៗកំណត់ដោយកត្តាតំណពូជ។ សព្វថ្ងៃគេហៅកត្តាតំណពូជនេះថាជា សែន។


២. សែន (Gene) និងអាឡែល (Allele)



       លក្ខណៈនីមួយៗកំណត់ដោយកត្តាតំណពូជ។ នៅក្នុងកោសិកានីមួយៗនៃសារពាង្គកាយ ចំពោះលក្ខណៈមួយមានកត្តាតំណពូជពីរ។ តើសែន (Gene) ជាអ្វី ? សែន (Gene) ជាអង្កត់មួយរបស់ DNA ដែលផ្ទុកព័ត៌មានសេនេទិចសម្រាប់កំណត់លក្ខណៈមួយ។ ឧទាហរណ៍ លក្ខណៈសម្បុរខ្មៅ សម្បុរស សក់រួញ សក់ត្រង់ ភ្នែកធំ ភ្នែកតូច...។


       នៅឆ្នាំ១៩០៣ លោកស៊ូតុង (Walter Sutton) បានបង្ហាញថា សែនមានទីតាំងនៅលើក្រូម៉ូសូម។ តើអាឡែល(Allele)ជាអ្វី ?អាឡែល (Allele) ជារូបរាងផ្សេងៗនៃសែនតែមួយដែលស្ថិតនៅលើចំណុចដូចគ្នានៃក្រូម៉ូសូមអូម៉ូឡូក១គូ។ រូបភាពដែលមាននៅលើសែននោះហៅថា អាឡែល


       ឧទាហរណ៍ ៖ ចំពោះលក្ខណៈពណ៌ផ្កាសណ្តែកមានទិដ្ឋភាពពីរគឺផ្កាពណ៌ស្វាយនិងផ្កាពណ៌ស។ ដូចនេះសែនកំណត់លក្ខណៈពណ៌ផ្កាមានអាឡែលពីរគឺអាឡែលកំណត់លក្ខណៈផ្កាពណ៌ស្វាយ និងអាឡែលកំណត់លក្ខណៈផ្កាពណ៌ស។



៣. ច្បាប់ម៉ង់ដែល (Mendel’s Law)
៣.១. ម៉ូណូអ៊ីប្រ៊ីឌីស (Monohybrid)


       ម៉ូណូអ៊ីប្រ៊ីឌីសជាការបង្កាត់មេបាខុសគ្នាដោយលក្ខណៈតែម្យ៉ាង។ ឧទាហរណ៍៖ គេបង្កាត់សណ្តែកពណ៌ផ្កាពណ៌ស ជាមួយសណ្តែកព័រផ្កាពណ៌ស្វាយ។

   ក. ការបង្កាត់កណ្តុរ

       យើងសិក្សាអំពីការបញ្ជូនលក្ខណៈពណ៌របស់រោមកណ្ដុរ។ ទិដ្ឋភាពពីរ ៖ រោមពណ៌ប្រផេះ និង រោមពណ៌ស។ បង្កាត់លើមេបាពូជសុទ្ធ ដើម្បីបានឯកត្តៈពូជសុទ្ធចំពោះលក្ខណៈមួយ។ ឧ.កណ្ដុររោមប្រផេះពូជសុទ្ធ។

       យកកណ្ដុររោមប្រផេះពូជសុទ្ធ បង្កាត់ជាមួយកណ្ដុររោមសពូជសុទ្ធ។ ជំនាន់ទី១ ទទួលបានកណ្តុររោមប្រផេះសុទ្ធដែលជាអ៊ីប្រ៊ីតឬហៅថា អ៊ីប្រ៊ីត F1 ។ យកឯកត្តៈ ជំនាន់ទី១ មកបង្កាត់ជាមួយគ្នាទទួលបានកណ្តុររោសលាយឡំជាមួយនឹងកណ្តុររោមប្រផេះ។


   ខ. ការបង្កាត់សណ្ដែកព័រ


       បង្កាត់សណ្ដែកព័រពូជសុទ្ធពីរដែលមានលក្ខណៈខុសគ្នាតែម្យ៉ាងគឺទិដ្ឋភាពគ្រាប់ដែលមានទិដ្ឋភាពពីរគឺ គ្រាប់ពណ៌លឿង និងគ្រាប់ពណ៌បៃតង។


ម៉ង់ដែលសិក្សាការបញ្ចូនលក្ខណៈដទៃទៀតនៃសណ្ដែកព័រ

   គ. សង្កេត

       ក្នុងការបង្កាត់ខាងលើគេសង្កេតឃើញថា៖
   • នៅជំនាន់ទី១ ឯកត្តៈមានលក្ខណៈដូចគ្នាទាំងអស់។ ម៉ង់ដែលហៅលក្ខណៈលេចឡើងនៅ F1 នេះជាលក្ខណៈលុប ។
   • ឯកត្តៈដែលមិនលេចឡើងនៅ F1 ជា លក្ខណៈអន់។ នៅ F2 មានការលេចឡើងវិញនូវលក្ខណៈអន់១ភាគលាយឡំនឹងលក្ខណៈលុប ៣ ភាគ ( 3 : 1 ) ។


   ឃ. បំណកស្រាយម៉ូណូអ៊ីប្រ៊ីឌីស

       ហេតុអ្វីបានជាអ៊ីប្រ៊ីត(F1) មានលក្ខណៈដូចគ្នាទាំងអស់? សែនជាអ្នកកំណត់លក្ខណៈពណ៌សណ្ដែកដែលមានទិដ្ឋភាពពីរ គឺគ្រាប់លឿង និងគ្រាប់បៃតង។ លក្ខណៈដែលលេចឡើងនៅជំនាន់ទី១ ជាលក្ខណៈលុប។ លក្ខណៈអន់មិនលេចឡើងនៅជំនាន់ទី១ទេ ។

       • តាង B ជាអាឡែលកំណត់លក្ខណៈគ្រាប់លឿង។
       • តាង b ជាអាឡែលកំណត់លក្ខណៈគ្រាប់បៃតង។


សម្គាល់វាក្យស័ព្ទសេនេទិច

   • ផេណូទីប (Phenotype) ជាបណ្តុំលក្ខណៈនៃសារពាង្គកាយមួយដែលយើងឃើញ។ ឧ. សក់រួញ  គ្រាប់លឿង គ្រាប់រលីង...។   
   • សេណូទីប (Genotype) ជាសំណុំអាឡែលដែលកំណត់លក្ខណៈមួយរបស់សារពាង្គកាយ។ ឧ. សណ្តែកគ្រាប់លឿងមានសេណូទីបពីរ គឺ AA ឬ Aa និងគ្រាប់បៃតងមានសេណូទីប aa ។
   • សណ្តែកគ្រាប់លឿងពូជសុទ្ធមានអាឡែលពីរដូចគ្នា AA។ ឯកត្តៈនេះហៅថា អូម៉ូស៊ីកូត ដែលបង្កើតកាម៉ែតបាន ១គឺ A។
   • សណ្តែកគ្រាប់លឿងអ៊ីប្រ៊ីត F1 មានអាឡែលពីរខុសគ្នាគឺ Aa ឯកត្តៈនេះហៅថា អេតេរ៉ូស៊ីកូត ដែលបង្កើតកាម៉ែតបាន ២គឺ A និង a។

       ហេតុអ្វីបានជានៅជំនាន់F2 មានលក្ខណៈអន់លេចឡើងវិញ?សណ្ដែកគ្រាប់លឿងជាអ៊ីប្រ៊ីត F1 មានសេណូទីប Bb



       សន្និដ្ឋាន



       ក្នុងករណីម៉ូណូអ៊ីប្រ៊ីឌីសក្រោយពីបង្កាត់ជាច្រើនលើកច្រើនសា ម៉ង់ដែលទាញសេចក្ដីសន្និដ្ឋានជាច្បាប់ពីរ គឺ៖
   • ច្បាប់ឯកសណ្ឋានភាពនៃអ៊ីប្រ៊ីតជំនាន់ទី១ ៖  ករណីមេបាជាពូជសុទ្ធ អ៊ីប្រ៊ីតជំនាន់ទី១ មានលក្ខណៈដូចគ្នាទាំងអស់។
   • ច្បាប់ការផ្ដាច់ចែញនៃគូអាឡែល ៖ មានការលេចឡើងនូវលក្ខណៈអន់ ។ដែលមានសមាមាត្រលក្ខណៈលុប៣ និងលក្ខណៈអន់១ សមាមាត្រ (3/1) ។

   ង. ករណីលុបមិនពេញលេញ (Incomplete dominance)

       ករណីលុបមិនពេញគឺជាការបង្កាត់មេបាដែលមានលក្ខណៈលុប ហើយមេបាទាំងសងខាងមានលក្ខណៈលុបមិនពេញលេញ។


       បំណកស្រាយលទ្ធផល

       យើងសន្និដ្ឋានថា លក្ខណៈមេបាទាំងពីរមានសមត្ថភាពស្មើគ្នាគឺ លក្ខណៈផ្កាពណ៌ក្រហម និងផ្កាពណ៌សជាលក្ខណៈលុបមិនពេញលេញ។ ក្នុងករណីផ្កាម៉ោង៤ នេះ តើលក្ខណៈមួយណាជាជាលក្ខណៈលុប និងមួយណាជាលក្ខណៈអន់? តាមរយៈការពិសោធន៍ បង្ហាញឱ្យឃើញថា ៖ មេបាទាំងសងខាងជាពូជសុទ្ធ  អ៊ីប្រ៊ីតមិនមានលក្ខណៈដូចទៅនឹងមេបាទាំងស្រុងទេ មេបាទាំងសងខាងមិនមានមួយណាជាលក្ខណៈអន់ ឬលុបទាំងស្រុងទេ។ លក្ខណៈនៃមេបាទាំង២មានសមត្ថភាពស្មើគ្នា ឬលុបលើគ្នាមិនពេញលេញ។


       អ៊ីប្រ៊ីតមានលក្ខណៈកណ្ដាលនៃមេបាទាំងសងខាង។ ដូចនេះ លក្ខណៈនៃផ្កាពណ៌ផ្កាឈូកជាលក្ខណៈកណ្ដាល(ឬលក្ខណៈចន្លោះ) ។

   • តាង A ជាអាឡែលកំណត់លក្ខណៈផ្កាពណ៌ផ្កាឈូក
   • A´ ជាអាឡែលកំណត់លក្ខណៈផ្កាពណ៌ផ្កាស


   ច. ការបង្កាត់តែស (Test Crosses)

       ការបង្កាត់តេស្ត ជាការបង្កាត់រវាងលក្ខណៈលុបនិងលក្ខណៈអន់ដើម្បីឱ្យដឹងថាលក្ខណៈលុបនោះជាអូម៉ូស៊ីកូត ឬ អេតេរ៉ូស៊ីកូត។ ដែលមានគោលបំណងដើម្បីចង់ដឹងអំពីសេណូទីបរបស់មេបាម្ខាងមានលក្ខណៈលុប ថាជា អូម៉ូស៊ីកូត ឬអេតេរ៉ូស៊ីកូត។


       សម្គាល់លក្ខណៈអន់ យើងអាចស្គាល់សេណូទីបនៃឯកត្តៈលក្ខណៈអន់លេចឡើងតែក្នុងករណីអូម៉ូស៊ីកូតនៃអាឡែលអន់ aa ។ ឧទាហរណ៍ កណ្តុរមានលក្ខណៈរោមជាលក្ខណៈអន់។ ដូចនេះកណ្ដុររោមសមានសេណូទីប aa ។

       សម្គាល់លក្ខណៈលប់៖ យើងអាចស្គាល់សេណូទីបនៃឯកត្តៈលក្ខណៈលុបលេចឡើងគ្រប់ជំនាន់។ វាអាចមានសេណូទីប២យ៉ាងគឺ AA ឬ Aa ។ដើម្បីឱ្យស្គាល់សេណូទីបនៃឯកត្តៈមានលក្ខណៈលុប គេត្រូវធ្វើការបង្កាត់តេស្ត។


       ដើម្បីបង្កាត់តេស្ត យើងត្រូវមានឯកត្តៈដែលមានលក្ខណៈអន់ ដើម្បីទៅបង្កាត់ជាមួយលក្ខណៈលុប។ រងចាំមើលលទ្ធផលនៃការបង្កាត់រួចធ្វើការសន្និដ្ឋានថា។ តើលក្ខណៈលុបម្ខាងនោះជាអេតេរ៉ូស៊ីកូត ឬអូម៉ូស៊ីកូត។


       គេសម្គាល់សេណូទីបរបស់ឯកត្តៈមានលក្ខណៈលុបដោយពិនិត្យុមើលលទ្ធផលនៃការបង្កាត់តេស្ត។


   • ករណីជំនាន់ទី១ ជាឯកត្តៈមានលក្ខណៈលុប (អេតេរ៉ូស៊ីកូត) ទាំងអស់ ១០០% ។ បង្ហាញថា៖ សេណូទីបនៃឯកត្តៈមេបាម្ខាងជាលក្ខណៈលុបដែលមានសេណូទីបជាអូម៉ូស៊ីកូត (AA) ។


   • ករណីជំនាន់ទី១ មានលក្ខណៈលុប ៥០% និងលក្ខណៈអន់ ៥០%។ បង្ហាញថា៖ សេណូទីបនៃឯកត្តៈមេបាម្ខាងជាលក្ខណៈលុបដែលមានសេណូទីបជាអេតេរ៉ូកូតស៊ីកូត (Aa) ។

៣.២. ឌីអ៊ីប្រ៊ីឌីស (Dihybrid cross)




       ឌីអ៊ីប្រ៊ីឌីស គឺជាការបង្កាត់មេបាដែលមានលក្ខណៈខុសគ្នាពីរយ៉ាង។ លោកម៉ង់ដែលសិក្សាលើលក្ខណ៉ពីរយ៉ាងគឺ៖
   • លក្ខណៈសភាពគ្រាប់មានទិដ្ឋភាពពីរគឺ គ្រាប់រលីង និង គ្រាប់ជ្រួញ។
   • លក្ខណៈពណ៌គ្រាប់មានទិដ្ឋភាពពីរគឺ គ្រាប់ពណ៌លឿង និង គ្រាប់ពណ៌បៃតង។

បំណកស្រាយលទ្ធផល


       តើហេតុអ្វីបានជានៅជំនាន់ទី២ (F2) មានលេចឡើងនូវផេណូទីបថ្មីផ្សេងពីមេបា? ដោយមេបាជាលក្ខណៈពូជសុទ្ធ ឯកត្តៈ F1 មានលក្ខណៈដូចគ្នាទាំងអស់គឺគ្រាប់រលីងពណ៌លឿងដូចនេះយើងសន្និដ្ឋានថា។ ចំពោះលក្ខណៈសភាពគ្រាប់៖ គ្រាប់រលីង លុបលើ គ្រាប់ជ្រួញ។ ចំពោះលក្ខណៈពណ៌គ្រាប់៖ គ្រាប់ពណ៌លឿង លុបលើគ្រាប់ពណ៌បៃតង។


       នៅជំនាន់ F2 នាន់មានលេចឡើងនូវផេណូទីប ៤យ៉ាង ក្នុងសមាមាត្រ 9.3.3.1 ។ មានលេចឡើងនូវផេណូទីបបន្សំថ្មីពីរ គឺគ្រាប់រលីងពណ៌បៃតង និងគ្រាប់ជ្រួញពណ៌លឿង។ ក្នុងករណីដែលអ៊ីប្រ៊ីតនៃ F1 មានកាម៉ែតចំនួន ៤បែប។ នៅពេលបង្កកំណើត មានការជួបគ្នាដោយចៃដន្យនៃកាម៉ែតញី និង កាម៉ែតឈ្មោល => នៅ F2 នៅមាន លេចឡើងនូវផេណូទីប ៤បែប។ ដូចនេះក្នុងករណីឌីអ៊ីប្រ៊ីតឌីសមានការផ្ដាច់ដោយឯករាជនៃគូអាឡែល។

លោកម៉ង់ដែលកំណត់ច្បាប់ 


   • ច្បាប់ការផ្ដាច់ចេញដោយឯករាជ្យនៃគូអាឡែល គឺជាការបង្កាត់មេបាដែលមានលក្ខណៈខុសគ្នាច្រើនយ៉ាង ហើយនៅពេលកំណរការម៉ែត គូអាឡែលដែលកំណត់លក្ខណៈផ្សេងទៀតត្រូវបានផ្ដាច់ចេញ ដោយសារការបន្សំថ្មីនៃអាឡែលក្នុងកាម៉ែតនោះ។
   • ច្បាប់ការផ្ដាច់ចេញដោយឯករាជ្យនៃគូអាឡែលប្រព្រឹត្តទៅបានក្នុងករណីដែលសែនកំណត់លក្ខណៈផ្សេងៗស្ថិតនៅលើគូក្រូម៉ូសូមអូម៉ូឡូកខុសគ្នា។
   • ក្នុងករណីឌីអ៊ីប្រ៊ីឌីសនេះ គេអាចធ្វើការបង្កាត់ដើម្បីបង្កើតពូជថ្មីៗ ។

៣.៣. ការសិក្សាអំពីការបញ្ជូនលក្ខណៈលើសពីពីរ


៣.៤. ពហុអាឡែល


       សភាពដែលសែនមួយមានអាឡែលលើសពី២ហៅថា ពហុអាឡែល។ ឧទាហរណ៍ទី១៖ លក្ខណៈពណ៌រោមរបស់ទន្សាយមានទិដ្ឋភាព ៤យ៉ាង។

       ឧទាហរណ៍ទី២៖ ចំពោះមនុស្សសែនកំណត់លក្ខណៈក្រុមឈាមក្នុងប្រព័ន្ធ (ABO) មានអាឡែលបី :


   • តាង IA  ជាអាឡែលកំណត់លក្ខណៈឈាមក្រុម A
   • តាង IB  ជាអាឡែលកំណត់លក្ខណៈឈាមក្រុម B
   • តាង IO  ជាអាឡែលកំណត់លក្ខណៈឈាមក្រុម O (អន់) ។

៣.៥. ពហុសែន


       ចំពោះមនុស្ស លក្ខណៈកម្ពស់និងលក្ខណៈពណ៌សម្បុរមានទិដ្ឋភាពច្រើនយ៉ាងក្នុងករណីនេះលក្ខណៈមួយកំណត់ដោយសែនមួយក្រុមហៅថា ពហុសែន

បានកែប្រែចុងក្រោយ: ថ្ងៃពុធ ទី31 ខែមករា ឆ្នាំ2024, 5:06 PM