loader image
រំលងទៅកាន់មាតិកាមេ
ដើម
តម្រូវការសម្រាប់ការបញ្ចប់
មើល

សេចក្តីផ្តើម


       លោកអង់តូនវ៉ាន់ឡឺវិនហុក ជីវវិទូជនជាតិអាឡឺម៉ង់បានផលិតមីក្រូទស្សន៍ដំបូងគេបង្អស់។ លោករ៉ូប៊ែ ហ៊ូក ជនជាតិអង់គ្លេសបានប្រើមីក្រូទស្សន៍សង្កេតមើលចំនិតស្តើងៗនៃប្ញសរុក្ខជាតិ។ គាត់ឃើញបន្ទប់តូចៗជាច្រើនតម្រៀបគ្នានៅក្នុងប្ញសរុក្ខជាតិ។ គាត់បានហៅបន្ទប់តូចៗទាំងនោះថា កោសិកា។

១. ធាតុកោសិកានិងនាទី


       មានកោសិកាច្រើនប្រភេទណាស់ ដែលមានទំហំ និងរូបរាងខុសៗគ្នា។ ឧ. មនុស្សពេញវ័យមានកោសិកាប្រហែល 1018  ហើយកោសិកានីមួយៗមានអង្កត់ផ្ចិតប្រហែលពី ៥ ទៅ ២០𝜇𝑚 ។

       កោសិកាទាំងអស់មានលក្ខណៈជាមូលដ្ឋានបីយ៉ាង គឺ មានភ្នាស ស៊ីតូប្លាស និងណ្វៃយ៉ូ។តាមការសង្កេតដោយមីក្រូទស្សន៍អេឡិចត្រូនិច កោសិកាបង្ហាញនូវធាតុនីមួយៗរបស់វាដូចខាងក្រោម៖


១.១. ភ្នាសសែលុយឡូស (Cellulose membrane)


       ភ្នាសសែលុយឡូសមានតែចំពោះរុក្ខជាតិ សារាយ និងបាក់តេរីខ្លះតែប៉ុណ្ណោះ។ វាមាននាទីជួយការពារ និងទ្រទ្រង់រុក្ខជាតិឱ្យលូតត្រង់ឡើងលើ។ ភ្នាសនេះមានរន្ធតូចៗដែលអនុញ្ញាតឱ្យទឹក អុកស៊ីសែន ឧស្ម័នកាបូនិច និងសារធាតុដទៃទៀតឆ្លងកាត់ចេញនិងចូលកោសិកាបាន។

១.២. ភ្នាសកោសិកា (Cell membrane)


១.៣. ណ្វៃយ៉ូ (Nucleus)


       ជាមានទម្រង់ជាដុំមូល ធំ ស្រអាប់ស្ថិតនៅក្នុងកោសិកា។ ជាមជ្ឈមណ្ឌលសម្រាប់ត្រួតពិនិត្យសកម្មភាពកោសិកា។ ណ្វៃយ៉ូមានផ្ទុកអាស៊ីតនុយក្លេអ៊ិចពីរប្រភេទគឺ DNA និង RNA ។ DNAមាននាទីផ្ទុកព័ត៌មានសេនេទិចដែលជាប្លង់សាងសង់ប្រូតេអ៊ីន។ RNAមាននាទីចម្លងព័ត៌មានសេនេទិចរបស់ DNA នៅក្នុងណ្វៃយ៉ូ រួចដឹកនាំសំយោគប្រូតេអ៊ីននៅក្នុងស៊ីតូប្លាស លើរីបូសូម។ DNA និង RNA មានមុខងាររួមក្នុងការសំយោគប្រូតេអ៊ីន។

   ក. ភ្នាសណ្វៃយ៉ូ (Nuclear membrane)


       ជាភ្នាសស្តើងរុំព័ទ្ធណ្វៃយ៉ូដែលខណ្ឌចែកដាច់រវាងណ្វៃយ៉ូនិងស៊ីតូប្លាស។ ភ្នាសនេះមានពីរស្រទាប់ហើយមានរន្ធតូចៗរាយប៉ាយស្មើគ្នា សម្រាប់ឱ្យសារធាតុផ្សេងៗឆ្លងកាត់បាន។

   ខ. ក្រូម៉ាទីន (Chromatin)


       ជាបណ្តាញសរសៃឆ្មាៗស្ថិតនៅក្នុងណ្វៃយ៉ូ។វាផ្ទុកសម្ភារៈតំណពូជ។ ក្រូម៉ាទីនកើតឡើងពីDNA និងប្រូតេអ៊ីនពិសេសមួយ(អ៊ីស្តូន)។ពេលធ្វើចំណែក ក្រូម៉ាទីនរួញខ្លីក្លាយជាក្រូម៉ូសូម។ ចំនួនក្រូម៉ូសូមក្នុងកោសិកាអឺការីយ៉ូតខុសគ្នាពីប្រភេទភាវរស់មួយទៅភាវរស់ទៀត។ ឧ. កោសិកាមនុស្សមានក្រូម៉ូសូម 2n=46 , ឆ្កែមានក្រូម៉ូសូម 2n=78 ។

   គ. នុយក្លេអូល (Nucleolus)      


       នុយក្លេអូលមានរាងជាដុំមូលស្ថិតនៅក្នុងណ្វៃយូ។ វាបាត់រូបរាងនៅពេលកោសិកាចែកខ្លួន ហើយលេចរូបរាងឡើងវិញនៅក្នុងកោសិកាកូន។នុយក្លេអូលកើតពី RNA និងប្រូតេអ៊ីន។

១.៤. ធាតុកោសិកាក្នុងស៊ីតូប្លាស (Cytoplasmic Organelles)

       ស៊ីតូប្លាសជាសារធាតុខាប់អន្ធិលបង្កឡើងដោយសមាសធាតុសរីរាង្កជាច្រើនដូចជា គ្លុយស៊ីត លីពីត ប្រូទីត ទឹក និងអំបិលខនិជ។ នៅក្នុងស៊ីតូប្លាសមានធាតុតូចៗជាច្រើនហៅថា ធាតុកោសិកា។ ធាតុកោសិកាដែលមាននៅក្នុងស៊ីតូប្លាសមានដូចជា ៖ មីតូកុងឌ្រី រីបូសូម រេទីគុយឡូមអង់ដូប្លាស ប្រដាប់កុលស៊ី លីសូសូម  វ៉ាគុលអូល ប្លាស  និងសង់ទ្រីយ៉ូល។

   ក. មីតូកុងឌ្រី (Mitochondrion)

       ជាធាតុកោសិកាដែលមានរាងជាកូនដំបង។ វាមានភ្នាសពីរស្រទាប់គឺស្រទាប់ក្រៅរុំព័ទ្ធធាតុកោសិកានិងស្រទាប់ក្នុងមានរាងជាផ្នត់ៗ។មីតូកុងឌ្រីជាកន្លែងផ្ទុកថាមពល។


   ខ. រីបូសូម (Ribosomes)


       ជាធាតុកោសិកា ដែលមានទម្រង់ជាគ្រាប់ៗស្ថិតនៅក្នុងស៊ីតូប្លាសនៃកោសិកា។វាជាធាតុកោសិកាដែលតូចជាងគេ (តូចជាង25nm) ។ រីបូសូមបង្កឡើងពី RNA និងប្រូតេអ៊ីន។ រីបូសូមជាកន្លែងសំយោគប្រូតេអ៊ីន ហើយប្រូតេអ៊ីនដែលសំយោគហើយត្រូវបានបញ្ជូនទៅកាន់រេទីគុយឡូមអង់ដូប្លាស។

   គ. រេទីគុយឡូមអង់ដូប្លាស (Endoplasmic reticulum)

       ជាបណ្តាញបំពង់ដែលភ្ជាប់ចេញពីណ្វៃយ៉ូ ហើយខ្លះទៀតនៅរាយប៉ាយក្នុងស៊ីតូប្លាស។ រេទីគុយឡូមអង់ដូប្លាសមានពីរគឺ រេទីគុយឡូមអង់ដូប្លាសរលីង(គ្មានរីបូសូម) និងរេទីគុយឡូមអង់ដូប្លាសគ្រើម(មានរីបូសូម)។ វាមាននាទី សំយោគ  ស្តុកទុក និង ដឹកនាំ។

   ឃ. ប្រដាប់កុលស៊ី (Golgi apparatus)


       ជាថង់ឬបំពង់សំប៉ែតដែលស្ថិតនៅក្បែរណ្វៃយ៉ូ។​ មាននាទីកែច្នៃប្រូតេអ៊ីន និងវេចខ្ចប់ជាថ្មី រួចបញ្ជូនទៅក្រៅកោសិកាតាមភ្នាសកោសិកា។

​   ង. លីសូសូម (Lysosomes)


       ជាធាតុកោសិកាដែលមានទម្រង់ជាគ្រាប់តូចៗព័ទ្ធជុំវិញដោយភ្នាស។ វាផ្ទុកសារធាតុគីមីនិងអង់ស៊ីមចាំបាច់សម្រាប់រំលាយអាហារ។ លីសូសូមមាននាទីរំលាយធាតុកោសិកាចាស់ៗនិងគ្មានប្រយោជន៍។​ លីសូសូមមានតែចំពោះកោសិកាសត្វទេ។

   ច. វ៉ាគុយអូល (Vacuole)


       ជាថង់ស្តុកទុកទឹក អំបិល អាហារផ្សេងៗ និងកាកសំណល់។ កោសិការុក្ខជាតិមានវ៉ាគុយអូលធំជាងកោសិកាសត្វ។

   ឆ. ប្លាស (Plastid) 


       ប្លាស គឺជាថង់តូចៗដែលមានតែនៅក្នុងកោសិការុក្ខជាតិ(កោសិកាសត្វគ្មានទេ)។ ប្លាសមានពីរស្រទាប់មាននាទីផ្ទុកអាហារ និងជាតិពណ៍ផ្សេងៗ។ ប្លាសមានបីប្រភេទគឺ៖
       • ក្លរ៉ូប្លាស៖ ជាប្លាសផ្ទុកជាតិពណ៌បៃតងហៅថា ក្លរ៉ូប្លាសសម្រាប់ធ្វើរស្មីសំយោគដើម្បីផលិតគ្លុយកូស។
       • ក្រូម៉ូប្លាស៖ ជាប្លាសផ្ទុកជាតិពណ៌ផ្សេងៗ ក្រៅពី ពណ៌បៃតងមានដូចជា ពណ៌ក្រហម លឿង ស្វាយ និងពណ៌ទឹកក្រូចជាដើម។
       • ឡឺកូប្លាស៖ ជាប្លាសគ្មានពណ៌វាផ្ទុកអាមីដុង។

   ជ. សង់ទ្រីយ៉ូល (Centriole) 



       សង់ទ្រីយ៉ូល គឺជាធាតុកោសិកាមានរាងស៊ីឡាំងតូចៗ ត្រួតលើគ្នាវាមាននាទីបង្កើតប៉ូលនៃកោសិកានៅពេលកោសិកាធ្វើចំណែក។សង់ទ្រីយ៉ូលនីមួយៗកើតឡើងពីបំពង់ប្រូតេអ៊ីនតូចៗ ផ្គុំគ្នាបីៗចំនួន៩តម្រៀបគ្នាជារង្វង់មូល។

២. បន្សាយនិងអូស្មូស


       កោសិកាត្រូវការអាហារ អុកស៊ីសែន ទឹក សម្រាប់ការលូតលាស់ធំធាត់។ កោសិកាត្រូវការអាហារនិងបញ្ចេញកាកសំណល់ពីកោសិកាដើម្បីឱ្យកោសិកាមានលំនឹង។ សារធាតុឆ្លងកាត់ភ្នាសកោសិកាប្រព្រឹត្តទៅតាមរបៀបបីយ៉ាងគឺ បន្សាយ អូស្មូស និងដំណឹកនាំសកម្ម។

២.១. បន្សាយ (Diffusion)


       តើបន្សាយគឺជាអ្វី? ជាចលនារបស់ម៉ូលេគុលឬអ៊ីយ៉ុងពីតំបន់ដែលមានកំហាប់ខ្ពស់ទៅតំបន់ដែលមានកំហាប់ទាប។


       កាលណាតំបន់ទាំងពីរនេះ មានកំហាប់ស្មើគ្នាបន្សាយត្រូវបានបញ្ឈប់។ បន្សាយមាននាទីសំខាន់ណាស់ សម្រាប់ឱ្យសារធាតុផ្សេងៗ ចេញចូលក្នុងកោសិកាបាន បើគ្មានបាតុភូតបន្សាយទេ ដំណើរប្រព្រឹត្តទៅរបស់កោសិកា នឹងត្រូវបានអាក់ខាននោះកោសិកានឹងស្លាប់។

២.២. អូស្មូស (Osmosis)


លំនាំផ្សេងៗនៃបាតុភូតអូស្មូស

       អូស្មូសជាបន្សាយនៃម៉ូលេគុលទឹកឆ្លងកាត់ភ្នាសអឌ្ឍជ្រាបពីតំបន់ដែលមានកំហាប់រលាយទាបទៅតំបន់ដែលមានកំហាប់រលាយខ្ពស់។


   ក. ទឹកចេញពីកោសិកា

       ហេតុអ្វីបានជាទឹកសាយចេញពីកោសិកា? នៅពេលដែលទឹកសាយចេញពីកោសិកាតើប្អូនសង្កេតកោសិកាមានលក្ខណៈដូចម្តេច?តើសូលុយស្យុងដែលធ្វើឱ្យកោសិការួមតូចគឺអ្វី? ចំពោះរុក្ខជាតិ វ៉ាគុយអូលរួមតូច ដោយសារការបាត់បង់ទឹក។ បាតុភូតនេះហៅថា ប្លាស្មូលីស

   ខ. ទឹកចូលកោសិកា

       ហេតុអ្វីបានជាទឹកសាយចូលកោសិកា? នៅពេលដែលទឹកចូលកោសិកាតើប្អូនសង្កេតកោសិកាមានលក្ខណៈដូចម្តេច?តើសូលុយស្យុងដែលធ្វើឱ្យកោសិការីកធំគឺអ្វី? ចំពោះរុក្ខជាតិ វ៉ាគុយអូលរីកធំពេញដោយទឹក។ បាតុភូតនេះហៅថា សម្ពាធប៉ោង ឬ ដេប្លាស្មូលីស


   គ. អចលនាទឹក

       កាលណាកំហាប់សូលុយស្យុងនៅក្នុងនិងកៅកោសិកាស្មើគ្នានោះគឺ គ្មានចលនាទឹកចេញនិងចូលកោសិកាទេ។ សូលុយនេះហៅថា អ៊ីសូតូនិច។ បាតុភូតអូស្មូសមានសារៈសំខាន់ណាស់ ចំពោះរុក្ខជាតិ។ វាធ្វើឱ្យរុក្ខជាតិស្រូបទឹកពីដីបានតាមរោមជញ្ជក់នៃប្ញស។ 


៣. ដំណឹកនាំ


       ដំណឹកនាំមានពីរ គឺដំណឹកនាំសកម្ម និងដំណឹកនាំអកម្ម។
       • ដំណឹកនាំសកម្ម គឺជាដំណឹកនាំទាំងឡាយណាដែលប្រើប្រាស់នូវថាមពល។ ឧទាហរណ៍៖ អ្នកជិះកង់ឡើងទីទួលអ្នកត្រូវប្រឹង ដើម្បីធាក់កង់ដោយប្រើប្រាស់ថាមពល។
       • ដំណឹកនាំអកម្ គឺជាដំណឹកនាំទាំងឡាយណាដែលមិនប្រើប្រាស់នូវថាមពល។ ឧទាហរណ៍៖ ការជិះកង់ចុះពីទីទួលមកវិញ។ 
       • បន្សាយ និងអូស្មូសជាដំណឹកនាំអកម្ម ព្រោះវាមិនបានប្រើប្រាស់នូវថាមពលទេ ម៉ូលេគុលនៃសារធាតុផ្សេងៗឆ្លងកាត់ភ្នាសកោសិកា ដោយមិនប្រើប្រាស់ថាមពលគឺ​ ប្រើប្រាស់នូវកម្រិតកំហាប់នៃសារធាតុរលាយ។ 

បានកែប្រែចុងក្រោយ: ថ្ងៃពុធ ទី31 ខែមករា ឆ្នាំ2024, 4:29 PM